គន្លឹះ៤ជំហាន ធ្វើឲ្យអ្នកឈានផុតពីភាពក្រីក្រកាបូបលុយឡើងប៉ោង

0
4387

អ្នករកស៊ី អ្នកវិនិយោគជោគជ័យ និងសេដ្ឋីដែលមានលុយស្តុកស្តម្ភច្រើននិយាយថា អ្នកអាចក្លាយជាអ្នកមានបាន ចៀសផុតពីភាពក្រីក្របានលុះត្រាតែអ្នកស្គាល់ច្បាស់ក្នុងរឿងលុយកាក់ ក្នុងការចាយវាយ និងប្រើប្រាស់លុយចំគោលដៅ។

ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកនូវគន្លឹះសម្ងាត់៤ជំហាន បើអ្នកអនុត្តន៍តាមនឹងមានឱកាសរួចផុតពីភាពក្រីក្រ ក្លាយជាអ្នកមានបាន មានសេរីភាពក្នុងរឿងលុយកាក់នឹងគេ។​

១. រកលុយ

ជាជំហានដំបូង ដើម្បីឲ្យអ្នកក្លាយជាមនុស្សដែលអាចចិញ្ចឹមជីវិតរស់ អ្នកចាំបាច់ត្រូវមានចំណេះ និងជំនាញដើម្បីបង្កើតលុយ មិនថាជាប្រាក់ខែ ជាប្រាក់ម៉ោង ប្រាក់ឈ្នួល ឫជាប្រាក់ចំណូលនោះទេ។ ប្រភពចំណូលក្នុងជំហានដំបូងនេះពិតជាសំខាន់ណាស់ ដែលនាំឲ្យអ្នកក្លាយជាមនុស្សម្នាក់ រៀនរស់នៅពឹងផ្អែកលើខ្លួនឯងបាននៅក្នុងសង្គម និងក្លាយជាមនុស្សដែលមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តលើរឿងផ្សេងៗ។

នៅត្រង់ជំហានដំបូងនេះ លោកអ្នកអាចនឹងត្រូវខិតខំធ្វើការងារបង្កើតប្រភពចំណូលឲ្យបានកាន់តែច្រើន និងជាក់លាក់ ដើម្បីបែងចែកលើការចំណាយផ្សេងៗ។​

២. សន្សំលុយ

ការចំណាយគឺជារឿងចៀសមិនផុត ហើយបើអ្នកចំណាយបានត្រឹមត្រូវ កាបូបលុយរបស់អ្នកនឹងចាប់ផ្តើមមានទំងន់ ចាប់ផ្តើមគួរឲ្យចង់យកតាមខ្លួនខ្លាំងបំផុត។

មហាសេដ្ឋីមានបំផុតលេខ៣របស់ពិភពលោក និងជាបិតាវិនិយោគលំដាប់កំពូល លោក Warren Buffett បានមានប្រសាសន៍ថា ដើម្បីគេចផុតពីបញ្ហាខ្វះខាតលុយចាយ ធ្លាក់ខ្លួនជាអ្នកក្រ មិនថាអ្នកមាន ឫអ្នកក្រ ត្រូវមានទម្លាប់ សន្សំមុនចំណាយ កុំចំណាយមុនសន្សំឲ្យសោះ។

ជាមួយគ្នាលោកមហាសេដ្ឋីមានបំផុតរបស់ហុង កុង លោក លី កាស៊ីង ក៏ជាបុគ្គលដ៏ជោគជ័យម្នាក់ មានទម្លាប់សន្សំប្រាក់សម្រាប់ការរកស៊ី និងវិនិយោគតាំងពីដើមរៀងមក។ ហេតុនេះ លោកអ្នកក៏គួរតែចាប់ផ្តើមបង្កើតទម្លាប់រៀនសន្សំយ៉ាងតិចណាស់ឲ្យបាន១០%នៃចំណូលសរុបប្រចាំខែរបស់អ្នកដែរ។

ក្នុងជំហានដំបូង ការដកលុយ១០% ដើម្បីសន្សំអាចជារឿងលំបាក ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមធ្វើវាទៅជាទម្លាប់ នោះវានឹងក្លាយជារឿងងាយស្រួល។ លោកអ្នកអាចនឹងតវ៉ាថា លុយចាយរាល់ថ្ងៃមិនចង់គ្រប់ផង ធ្វើម៉េចនឹងមានលុយសន្សំ តាមពិតទៅ ទោះជាប្រាក់ខែតែ១៥០ដុល្លារ អ្នកនឹងចាយគ្រប់ ហើយបើកើនឡើងដល់ទៅ៥០០ដុល្លារ ឫ១០០០ដុល្លារអាមេរិក ក៏អ្នកនៅតែចាយគ្រប់ដដែល ព្រោះអ្នកមិនធ្លាប់ដកលុយមួយចំណែកដើម្បីសន្សំ។ សាកល្បងដកលុយ១០%សន្សំ អ្នកនឹងចាយលុយតាមដែលខ្លួនអ្នកមាន ហើយគ្រប់ថែមទៀតផង។​

លោកអ្នកគួរគូសចំណាំថា លុយដែលលោកអ្នករកបានមក វាគ្រាន់តែអាចឲ្យអ្នកចិញ្ចឹមជីវិតរស់ប៉ុណ្ណោះ ព្រោះអ្នកត្រូវចំណាយលើការហូបចុក ស្នាក់នៅ ធ្វើដំណើរ និងថ្នាំសង្កូវ ហេតុនេះលុយទាំងនោះគឺជាលុយអ្នកដទៃដែលជារឿងមុននឹងក្រោយប៉ុណ្ណោះ ប៉ុន្តែចំពោះលុយ១០%ដែលលោកអ្នកបានដកសន្សំ នោះវាគឺពិតជាលុយរបស់អ្នក ហើយវាក៏ជាលុយដែលអ្នកអាចយកមកប្រើឲ្យវាបង្កើតលុយផ្សេងទៀតបានផងដែរ។​

៣. ប្រើលុយ

ប្រសិនបើអ្នកមិនចេះប្រើលុយឲ្យធ្វើការឲ្យអ្នក ឲ្យបង្កើតលុយផ្សេងទៀតឲ្យអ្នកទេ អ្នកនឹងត្រូវលុយប្រើវិញជាក់ជាមិនខាន។ ប្រសិនបើប្រាក់ខែរបស់អ្នក៥០០ដុល្លារក្នុងមួយខែ​ អ្នកសន្សំ២០%រៀងរាល់ខែ នោះក្នុងមួយឆ្នាំ អ្នកនឹងមានលុយសល់ជាង១,២០០ដុល្លារអាមេរិក ដែលលុយទាំងនេះ លោកអ្នកអាចប្រើវាឲ្យបង្កើតលុយផ្សេងទៀតឲ្យអ្នក ស្របពេលជាមួយគ្នាដែលអ្នកកំពុងតែសន្សំលុយ១២០០ដុល្លារផ្សេងទៀត នៅឆ្នាំក្រោយ។​

លុយ១២០០ដុល្លារនេះ លោកអ្នកអាចយកទៅចង់ការប្រាក់ វិនិយោគក្នុងវិស័យផ្សេងៗណាមួយជាអតិថិភាព ដែលអាចផ្តល់ប្រាក់ចំណេញ និងមានសុវត្ថិភាពដល់អ្នក។ នោះ លុយដែលបានពី១២០០ដុល្លារនេះ នឹងបន្តបង្កើតលុយផ្សេងទៀតជាកូន ជាចៅ រាប់ពាន់ដុល្លារផ្សេងទៀត ក្នុងរយៈ១០ឆ្នាំ អ្នកនឹងមានលុយរ៉ាប់ម៉ឺនដុល្លារនៅក្នុងដៃ ប្រសិនបើអ្នកប្រើប្រាស់លុយទាំងនោះបានត្រឹមត្រូវ។​

៤. រក្សាលុយ

អ្នកមាន មានទម្លាប់រក្សាទុកលុយបានល្អគង់វង្សជាងអ្នកក្រ ព្រោះអ្នកក្រច្រើនទុកលុយក្នុងកាបូប ទុកក្នុងកូនជ្រូក លាក់ក្នុងខ្នើយ កប់ក្នុងដី ដែលភាគច្រើនត្រូវរលាយបាត់ទៅវិញដោយសារតែចោរ។

សម្រាប់អ្នកមាន គាត់ច្រើនទុកលុយរបស់គាត់ជាទ្រព្យ ជាការវិនិយោគ និងបន្តិចបន្តួចនៅធនាគារ ដើម្បីសុវត្ថិភាព។ គាត់អាចទិញដីតំបន់ណាមួយ ទិញផ្ទះ ទិញខុនដូ ទិញភាគហ៊ុនក្រុមហ៊ុនក្នុងស្រុក ឫក្រៅស្រុកក្នុងវិស័យផ្សេងៗ នោះលុយទាំងនោះនឹងបន្តបង្កើតលុយផ្សេងទៀតឲ្យគាត់ជាហូរហែរឥតដាច់ និងមិនងាយធ្វើឲ្យគាត់ធ្លាក់ខ្លួនមកជាក្រវិញបានណាស់៕

 អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ MENG SONGHUA

CEO- CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here