ហេតុអ្វីអ្នកគួរវិនិយោគក្នុងវិស័យ Forex?

0
1770

Forex (Foreign Exchange Market) គឺជាការជួញដូរទីផ្សាររូបិយប័ណ្ណអន្តរជាតិ និងជាទម្រង់នៃការវិនិយោគមួយបែបថ្មីសម្រាប់កម្ពុជា ប៉ុន្តែសម្រាប់បណ្តាប្រទេសជឿនលឿនផ្សេងទៀត ដូចជាជប៉ុន កូរ៉េ សិង្ហបុរី និងអាមេរិកជាដើម វាបានក្លាយជារឿងសាមញ្ញ វិនិយោគយ៉ាងជោគជាំដូចទៅនឹងអចលនទ្រព្យ និងវិស័យមូលបត្រអ៊ីចឹងដែរ។​​

សម្រាប់អ្នកនិយមចូលចិត្តវិនិយោគក្នុងវិស័យមូលបត្រ នៅពេលដែលមានចិត្តចង់វិនិយោគក្នុងវិស័យ Forex គឺមានភាពងាយស្រួល ព្រោះវាមានលក្ខណៈស្រដៀងគ្នា គ្រាន់តែការវិនិយោគនៅក្នុងវិស័យ Forex ប្រឈមនឹងហានិភ័យខ្ពស់ជាងវិស័យមូលបត្រ ប៉ុន្តែវាក៏ផ្តល់ផលចំណេញច្រើនជាងមូលបត្រដូចគ្នាដែរ។​

Forex ខុសពីទីផ្សារមូលបត្រនៅត្រង់ថា នៅពេលដែលរូបិយប័ណ្ណណាមួយឡើងថ្លៃ រូបិយប័ណ្ណមួយផ្សេងទៀតនឹងត្រូវធ្លាក់ចុះដោយស្វ័យប្រវត្តិ ដែលខុសពីផ្សារមូលបត្រ តម្លៃទីផ្សារភាគហ៊ុនអាចឡើងថ្លៃព្រមគ្នា ហើយក៏អាចធ្លាក់ថ្លៃព្រមគ្នាដែរ។

បម្រែបម្រួលនៃតម្លៃទីផ្សារ Forex វាអាស្រ័យទៅលើទីផ្សារសេដ្ឋកិច្ចអន្តរជាតិដែលមានទំនាក់ទំនងគ្នាជាមួយនឹងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ការធ្វើកំណែទម្រង់គោលនយោបាយផ្សេងៗ សង្គ្រាម ឫព្រឹត្តិការណ៍ថ្មីណាមួយដែលអាចជះឥទ្ធិពលដល់រូបិយប័ណ្ណនៃប្រទេសណាមួយ នឹងធ្វើឲ្យទីផ្សារ Forex មានការប្រែប្រួលខ្លាំង។ ហេតុនេះ ទើបអ្នកដែលដាក់ចិត្តវិនិយោគក្នុងវិស័យនេះ ទាមទារឲ្យមានចំណេះដឹងទូលំទូលាយ ចេះវិភាគ និងតាមដានព័ត៌មានជុំវិញពិភពលោកជាប់ជាប្រចាំ។

សម្រាប់អ្នកមិនធ្លាប់ស្គាល់ និងមិនធ្លាប់បានវិនិយោគក្នុងវិស័យនេះ ក៏មានក្រុមហ៊ុនស្របច្បាប់នៅកម្ពុជាមួយចំនួន មានបើកជាវគ្គបណ្តុះបណ្តាល និងមានអ្នកជំនាញជួយលើការវិនិយោគរបស់អ្នកដោយផ្ទាល់ផងដែរ។ ក្រៅពីការវិនិយោគក្នុងវិស័យមូលបត្រ ក៏មានការវិនិយោគបន្ថែមនៅក្នុងវិស័យប្រេង និងមាសថែមទៀតផង។

ជារួម ដើម្បីចៀសវាងហានិភ័យក្នុងការវិនិយោគ លោកអ្នកគួរចំណាយពេលសិក្សាស្វែងយល់ឲ្យបានជាក់ច្បាស់ជាមុន មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ប្រសិនបើអ្នកគ្មានជំនាញក្នុងវិស័យនេះ ហើយនៅតែបន្តទៅវិនិយោគដោយខ្លួនឯងទាំងគ្មានភាពច្បាស់លាស់ វាប្រៀបបាននឹងអ្នកកាន់លុយយកទៅបោះចោលអ៊ីចឹងដែរ៕

សូមរងចាំអានពី Forex នូវអត្ថបទផ្សេងក្រោយៗទៀត… យើងខ្ញុំក៏រីករាយទទួលយកការចែករំលែកពីគ្រប់អ្នកជំនាញទាំងអស់នៅក្នុងវិស័យនេះផងដែរ។

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

Co-founder Phsar Khmer