អនាគត ឡានអគ្គីសនីនឹងប្រជុំជើងនៅថៃ ខណៈរដ្ឋាភិបាលជ្រោងជ្រែងសព្វគ្រប់ រួមទាំងមិនយកពន្ធ ៨ ឆ្នាំ

0
602

បន្ទាប់ពីរងចាំក្រុមហ៊ុនក្នុងស្រុកអស់រយៈពេល ៨ ឆ្នាំ ប៉ុន្តែនៅមិនទាន់មានឡានអេឡិចត្រូនិកក្នុងស្រុកវាយលុកទីផ្សារធំនៅឡើយ បើទោះបីជាមានការលើកទឹកចិត្តចំពោះអ្នកផលិតនិងអ្នកផ្គត់ផ្គង់ក៏ដោយ ប្រទេសថៃបានរៀបចំគម្រោងថ្មីដើម្បីក្លាយជាប្រទេសប្រជុំឡានអគ្គីសនីនៅអាស៊ីអាគ្នេយ៍ ។

អគ្គនាយកនៃនាយកដ្ឋានសេដ្ឋកិច្ច លោក Siriruj Chulakaratana បានប្រាប់ទៅ BangkokPost ថា ឡានអេឡិចត្រូនិកគឺជាចំណុចសំខាន់ជម្រុញវិស័យឧស្សាហកម្មយានយន្ត ដោយសារតម្លៃឡាន និងតម្លៃបច្ចេកវិទ្យារំពឹងថានឹងធ្លាក់ចុះ ។

លោកក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះឡានអគ្គីសនីហាក់មានតម្លៃថ្លៃបន្តិច ហើយឧស្សាហកម្មឡានត្រូវកាលពេលវេលាច្រើនដើម្បីប្តូរពីម៉ាស៊ីនចាក់សាំងទៅកាន់ថាមពលអគ្គីសនី ។ ខណៈដែលប្រទេសថៃកំពុងខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍ ហើយរដ្ឋាភិបាលកំពុងពិភាក្សាជាមួយភាគីផ្សេងៗដើម្បីស្វែងរកដំណោះស្រាយទាំងអស់គ្នា ។

ថៃកំពុងតែរៀបចំលើការវិនិយោគជាមួយឡានកូនកាត់និងឡានអគ្គីសនីដោយមិនបាច់យកពន្ធសាជីវកម្មរយៈពេលចាប់ពី ៥ ដល់ ៨ ឆ្នាំ ព្រមទាំងលើកលែងពន្ធសម្រាប់ម្ចាស់រថយន្តផងដែរ ។

ក្រុមហ៊ុនឡានជប៉ុនចំនួន ៨ បានសម្រេចចូលរួមក្នុងគម្រោងឡានអគ្គីសនីនិងឡានកូនកាត់នេះ រួមមានToyota, Honda, Nissan, Mazda និង Suzuki ជាពិសេស Toyota គឺក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្តខ្ពស់បំផុត ។

មិនមែនតែក្រុមហ៊ុនផលិតឡានទេដែលទទួលបានការលើកទឹកចិត្ត ក្នុងនោះរួមមានក្រុមហ៊ុនផ្គត់ផ្គង់អាគុយក្នុងស្រុក និងក្រុមហ៊ុនផ្គត់ផ្គង់ម៉ូទ័រផងដែរ ។

រដ្ឋាភិបាលថៃមានចក្ខុវិស័យចង់ឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលឡានអគ្គីសនីនៅលើពិភពលោក និងចង់ឃើញឡានអគ្គីសនី ១.២ លានគ្រឿង ព្រមទាំងស្ថានីយ៍សាកអាគុយ ៦៩០ កន្លែងក្នុងប្រទេសនៅឆ្នាំ ២០៣៦ ។

គួរបញ្ជាក់ថាក្រៅពីក្រុមហ៊ុនល្បីមកជប៉ុនថៃក៏មានយីហោឡានផ្ទាល់ខ្លួន ដូចជា MG, Tata, Thai Rung ហើយថៃមានយីហោឡានអេឡិចត្រូនិកដំបូងឈ្មោះថា Vera ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ