ហេតុអ្វីបានជាហ្រ្វេនឆាយកាហ្វេ Today លក់ហ្រ្វេនឆាយក្នុងតម្លៃទាបមែនទែននៅក្នុងប្រទេសថៃ?

0
397

បើគិតពីឈ្មោះយីហោ និងផលិតផលដែលកំពុងតែលក់នៅលើទីផ្សារកាហ្វេ ធូដេកាហ្វេរបស់ថៃ ជាយីហោមួយខ្លាំងគួរសម្យ បើនិយាយពីនៅខ្មែរវិញ យីហោនេះថ្វីត្បិដថា មិនឈរកំពូលតារាងតែក៏បើកបានច្រើនសាខា ហើយហ៊ានបើកក្បែរៗនឹងយីហោកំពូលរបស់ថៃទៅទៀត។ យ៉ាងណាមិញ បើក្រឡែកមើលតម្លៃហ្រ្វេនឆាយ និងទុនចាប់ផ្តើមដំបូងវិញ យីហោនេះបានរៀបចំឲ្យនៅកម្រិតមួយទាបមែនទែន ដូច្នេះហើយ ទើបបានជាគេ ដាក់ជាសំនួរថា ហេតុអ្វីធូដេ កាហ្វេ លក់ហ្រ្វេនឆាយក្នុងតម្លៃទាបបែបនេះនៅប្រទេសថៃ?

ហ្វ្រេនឆាយកាហ្វេ Today បានចាប់ផ្តើមបើកហាងដំបូងតាំងឆ្នាំ២០០១មកម្លេះ ជាមួយតម្លៃហ្រ្វេនឆាយដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលតម្លៃនេះទំនងជាប្រែប្រួលខ្លះប្រសិនបើលោកអ្នកទិញហ្រ្វេនឆាយនៅកម្ពុជា រីឯទុនចាប់ផ្តើមបើធៀបនឹងយីហោដទៃហាក់នៅទាបជាងគេឆ្ងាយផងដែរ ប៉ុន្តែអ្វីដែលយីហោមួយនេះកំណត់មកក៏តម្រូវឲ្យអតិថិជនចែកភាគលាភចំណេញច្រើនគួរសមមកវិញដែរ។

មែនទែនទៅ ហេតុផលធំដែលនាំយីហោកាហ្វេប្រ៊េនរបស់ថៃមួយនេះលក់សិទ្ធក្នុងតម្លៃទាប ព្រោះវាជាចក្ខុវិស័យរបស់ស្ថាបនិកយីហោមួយនេះតែម្តង ដោយស្ថាបនិកនៃក្រុមហ៊ុននិយមពណ៌ក្រម៉ៅមួយនេះ លើយកហេតុផលនៃការបង្កើតអាជីវកម្មនេះថា គឺដើម្បីចង់ឲ្យប្រជាជនថៃមានហាងកាហ្វេដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ដោយបង្កើតរសជាតិទាក់ទាញ ជាមួយនឹងតម្លៃសមរម្យបំផុតនៅក្នុងស្រុក បែបនេះហើយទើបយីហោនេះប្រឹងកសាងយីហោ តែមិនប្រឹងដំឡើងតម្លៃឲ្យថ្លៃហួសហេតុពេកនោះឡើយ។

គួរជាម្រាបថា សម្រាប់យីហោមួយនេះ កុងត្រារយៈពេល៣ឆ្នាំនៃសិទ្ធអាជីវកម្មកាហ្វេ Today នៅក្នុងប្រទេសថៃ តម្រូវឲ្យបង់ប្រាក់ប្រមាណជា១ពាន់ដុល្លារប៉ុណ្ណោះ ជាមួយគ្នានោះទុនសម្រាប់បើកហាងដំបូងវិញអាចចាប់ផ្តើមពី១ម៉ឺន៥ពាន់ ទៅ២ម៉ឺន៥ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែត្រូវមានទុនបម្រុង១ពាន់ដុល្លារ និងចែកភាគលាភទៅម្ចាស់យីហោ១ពាន់ដុល្លារថែមទៀតក្នុងមួយឆ្នាំ ដែលតម្លៃនឹងការកំណត់នេះអាចទាបជាងនៅកម្ពុជា ដែលតាមការសង្កេតទីតាំងហាងនីមួយៗរបស់យីហោនេះនៅកម្ពុជាទំនងជាមិនក្រោម៥ម៉ឺនទៅ១៥ម៉ឺនដុល្លារទេក្នុងមួយសាខា។

យ៉ាងណាមិញ យីហោវ័យជាង១៨ឆ្នាំនេះ បានបញ្ចូលរសជាតិកាហ្វេស្តង់ដារ តែមួយមិនថាសាខានៅក្រៅស្រុក និងក្នុងស្រុកនោះទេ ដោយធានាបាននូវគុណភាពអនាម័យវត្ថុធាតុដើម បរិមាណឆ្លើយតបទៅនឹងតម្លៃ និងការយកចិត្តទុកដាក់លើសេវាកម្មដែលអតិថិជនត្រូវការបំផុត៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

 

អ្នកនិពន្ធសៀវភៅ៖ ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន ត្រៀមចេញលក់ឆាប់ៗនេះ…..