ជិត២០០ក្រុមហ៊ុន កំពុងផលិតទំនិញនាំចេញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

0
275

បច្ចុប្បន្ន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​ចំនួន ១៦១ បាន​ចុះ​បញ្ជី​វិនិយោគ ដែលមាន​ដើមទុន​សរុប​ចំនួ​ន​ប្រមាណ ៩១៨​លានដុល្លារ និង​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ចំនួន ២២ ៤៩៥​នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៩។

ផលិតផល​ដែល​ផលិត​ចេញពី​រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​រួមមាន៖ គ្រឿង​អេឡិចត្រូនិក ខ្សែបង្គុំ​អគ្គិសនី ​សំបក​កង់​រថយន្ត គ្រឿង​បន្លាស់​រថយន្ត ស៊ុម​ទូរទស្សន៍ សម្ភារៈ​បរិក្ខារ​បន្ទប់​ទឹក ផលិតផល​ក្តារ​ប៉ាកេ និង​ក្តារ​បន្ទះ សម្ភារៈការិយាល័យ វត្ថុ​អនុស្សាវរីយ៍​ សម្ភារៈ​បរិក្ខារ​កីឡា សម្លៀក​បំពាក់​ ស្បែក​ជើង កាបូប និង​វ៉ាលីស និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ។​ ក្នុងឆ្នាំ​២០១៨ ការ​នាំចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មាន​ទំហំ​ប្រមាណ ៣៧២​លានដុល្លារ កើនឡើង ៦៨% បើប្រៀបធៀប​នឹងការ​នាំចេញ​នៅឆ្នាំ​២០១៧។​

សូមបញ្ជាក់ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ត្រូវបាន​បង្កើត​ឡើង​តាម​រយៈ​អនុក្រឹត្យ​លេខ២៤អនក្រ. បក ចុះ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០០៨ លើទំហំ​ផ្ទៃដី ១១១៣ហិកតា។ តំបន់សេដ្ឋកិច្ចនេះ មាន​ទីតាំង​ស្ថិតនៅស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​លើ​ផ្ទៃដី​ចំនួន ៦២៨​ហិកតា ដូចជា ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ អគារ​ការិយាល័យរដ្ឋបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ៕