ក្រុមហ៊ុនចិនខេត្តឆុងឈីង គ្រោងវិនិយោគសាងសង់ផ្លូវដែកលើអាកាសនៅកម្ពុជា

0
628

រូបតំណាង

ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា នាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម នេះបើយោងតាមជំនួបពិភាក្សាទ្វេភាគី រវាង ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូចិនខេត្តឆុងឈី ដឹកនាំដោយលោក LUO LINQUAN សមាជិកគណៈកម្មាធិការ CPC នៃតំបន់ជីវឡុងប៉។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនាថ្មីៗនេះ។

នៅក្នុងជំនួបពិភាក្សា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក LUO LINQUAN បានជម្រាបជូន ឯកឧត្តម ឈួន ដារ៉ា អំពីសក្តានុពលខេត្តឆុងឈីង និងការសាងសង់ផ្លូវដែកលើអាកាស ដោយក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមានឯកទេសខាងវិស្វកម្ម ព្រមទាំងគម្រោងបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ នៃខេត្តឆុងឈីង។

ជាការឆ្លើយតប ឯកឧត្តម ឈួន ដារ៉ា បានសម្តែងការស្វាមគមន៍ ចំពោះប្រតិភូខេត្តឆុងឈីង ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យផ្លូវដែកលើអាកាស ក៏ដូចជាវិស័យសក្តានុពលសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តម បានជម្រាបជូនភាគីចិន អំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។

ពាក់ព័ន្ធគម្រោងបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងពីភាពជោគជ័យ ក្នុងការបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន ក្វាងចូវ និងហាយនីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសន្យាជួយសម្របសម្រួលប្រតិភូខេត្តឆុងឈីង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលលិខិតស្នើសុំជាផ្លូវការ ពីរដ្ឋបាលខេត្តឆុងឈីង និងមន្ទីរពាណិជ្ជកម្មរបស់ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here