ស្គាល់មុខ​ងារ​ ៣ នេះរបស់ Google នឹង​ជួយ​ឱ្យមុខរបរអ្នកកាក់កបជាងមុន

0
1712

គ្រប់គ្នាសុទ្ធតែ​ស្គាល់ Google ជាក្រុមហ៊ុនយក្ស​ខាង​បច្ចេកវិទ្យា​ល្បីល្បាញដែលចាប់ផ្ដើម​ដោយលោក Larry Page និង Sergey Brin នាំមុខ​គេ​ខាង​សេវាកម្មស្វែង​រក​នៅលើអនឡាញ។ ជាមួយគ្នានេះដែរ​ ​Google ក៏មានសេវាកម្មមួយចំនួនជួយ​ឱ្យការរកស៊ីរបស់អ្នក​កាន់តែ​ទទួលបានអតថិជនច្រើនជាង​មុន ដោយមិនបាច់ចំណាយប្រាក់កាស​អស់ច្រើន។

១. Google My Business

សេវាកម្មនេះជាការ​ធ្វើឱ្យអាជីវកម្មរកស៊ីរបស់អ្នកលេចឡើង​នៅលើGoogle ដោយអាជីវកម្មរបស់អ្នកអាចលេចឡើង​មកលើលទ្ធផលស្វែងរករបស់អ្នកប្រើប្រាស់។ ​Google បានផ្ដល់ឱ្យអ្នកប្រើប្រាស់នូវ​មុខងារ​សម្រាប់​បង្កើត​វេបសាយ​សាមញ្ញ​និង​ស្អាត​ជាមួយនឹងភាពសាមញ្ញស្រួលយល់ ហើយមិនចាំបាច់​តម្រូវ​ឱ្យអ្នកចេះកូដអ្វីទេ ។

បន្ថែមពីនេះមុខងារមួយនេះជួយឱ្យអតិថិជន​របស់អ្នកស្គាល់ពីផលិត​ផលនិង​សេវាកម្ម​របស់អ្នកកាន់តែច្បាស់ ដូចជា​ម៉ោងបើកដំណើរការ​ រូបភាពនិងផុសថ្មីៗ។

២. Google Map

មកដល់ពេលនេះទៅហើយ គ្រប់គ្នានៅពេលចង់​ស្វែង​រក​ទីតាំង​ណាមួយ អ្វីដែលគេនឹកឃើញដំបូង​គេគឺ Google Map ព្រោះកម្មវិធីមួយនេះមានលក្ខណៈស្រួលប្រើប្រាស់​ ជួយ​ឱ្យមនុស្ស​ងាយស្វែង​រក​កន្លែង​ដែលគេចង់ទៅ។

សម្រាប់ម្ចាស់អាជីវកម្មបើមិនបានដាក់​ទីតាំង​ហាង​របស់ខ្លួននៅលើ Google ហាក់ដូចជា​គួរឱ្យស្ដាយពេកហើយដោយសារសេវាកម្មមួយនេះឥតគិតថ្លៃហើយធ្វើឱ្យអាជីវកម្មរបស់អ្នកលេចមុខលេច​មាត់​ ស្រួលគេរកឃើញផង។

៣. Google AdWords

សេវាកម្មនេះនឹងជួយអ្នកផ្សព្វផ្សាយពីផលិតផល និង​សេវាកម្មរបស់​អ្នកទៅកាន់អតិថិជន បង្កើនការលក់។ វាល្អសម្រាប់អាជីវកម្មតូចតាច​ដែលគ្មានកញ្ចប់​ថវិការ​ច្រើនទៅផ្សព្វផ្សាយ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណីដូចជាទូរទស្សន៍ជាដើម។

ពិសេសជាងនេះទៀត​ អ្នកអាច​ធ្វើ​ការផ្សព្វផ្សាយ​មិនត្រឹមតែ​ក្នុង​ស្រុក​ប៉ុណ្ណោះទេ តែមាន​ឱកាស​ពង្រីក​ទៅលក្ខណៈ​អន្តរជាតិ​ផងដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា