វិធី ២យ៉ាង​ពេញនិយមបំផុត​ក្នុង​ការ​ស្វែង​រក​ទុន​សម្រាប់​អាជីវកម្មចាប់ផ្ដើម​ថ្មី ជាពិសេស​ខាង​បច្ចេកវិទ្យា

0
228

អាជីវកម្មបង្កើត​ថ្មីជាពិសេស​ខាង​ផ្នែកបច្ចេកវិទ្យាភាគច្រើនត្រូវ​បា​នបង្កើតឡើង​ដោយសារ​ការមើលឃើញពីដំណោះស្រាយ​ទៅលើបញ្ហា​អ្វីមួយនៅក្នុង​ជីវភាពរស់នៅរបស់មនុស្ស ឬក៏សង្គម។ ក្រោយពីមានគំនិត​ និងគម្រោង​អាជីវកម្មរួច​រាល់មក អ្វីដែលសហគ្រិនត្រូវ​ការ​ជាចាំបាច់​នោះគឺជាដើមទុន ក្នុង​ការ​ធ្វើ​ឱ្យគំនិត​នោះក្លាយជាការពិត។

ដូច្នេះក្នុង​អត្ថបទ​នេះ​Business Cambodia នឹងចែករំលែក​លោកអ្នកនូវ​តិចនិចបីក្នុង​ការ​រកទុនរបស់​អាជីវកម្មភាគច្រើនជាពិសេសនៅក្នុង​វិស័យបច្ចេកវិទ្យាផ្ទាល់តែម្ដង។

១. ទុនផ្ទាល់ខ្លួន ឬទុនពីមហាជន

ការចាប់ផ្ដើម​ជាគំនិត​ដំបូង​ ច្បាស់​ណាស់​តម្រូវ​ឱ្យអ្នក​ហ៊ានចំណាយ​លុយផ្ទាល់ខ្លួន មុននឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់​អ្នកវិនិយោគ ទុនដំបូង​នេះអាច​ជា​ប្រាក់សន្សំរបស់អ្នក ឬក៏ជាការ​ខ្ចីលុយពីមិត្ត​ភក្តិ​និងគ្រួសារ។ ក្រៅពីនេះអ្នកអា​ចធ្វើតាមវិធីម្យ៉ាង​ដែលហៅថាការផ្ដល់ទុន​ពីសំណាក់​មហាជន (Crowdfunding) ដែលអ្នក​អាច​ស្វែង​រកបានតាមរយៈ​វេបសាយមួយចំនួនដូចជា kickstarter, indiegogo ក៏មានដែរ​វេបសាយ​ដែលបង្កើត​ឡើង​ដោយខ្មែរ​យើងដូចជា Tosfund ជាដើម។

ពេលខ្លះទម្រាំនឹង​បានទុនពីអ្នកវិនិយោគ ស្ថាបនិកត្រូវ​តែ​បង្ហាញថាខ្លួនជឿជាក់នឹង​គំនិត​ខ្លួនឯង​ខ្លាំង​ប៉ុណ្ណាដែលហ៊ាន​ចំណាយ​លុយខ្លួនឯង​ធ្វើ​អ្វីដែលខ្លួនឯង​ចង់បានឡើង។ ជាក់ស្ដែង​ដូចជា​អាជីវកម្មចាប់ផ្ដើមថ្មីមួយ​នៅក្នុង​ប្រទេស​កម្ពុជាដែលទើបនឹងទទួលបានលុយវិនិយោគពីវិនិយោគិនក្រៅស្រុក​ប្រមាណជា២លានដុល្លា Clik ត្រូវ​បានសហស្ថាបនិកលោក Matthew Tippets បង្ហើបប្រាប់ Business Cambodia ថាមុននឹងទទួល​បានទុនប៉ុណ្ណឹង​លោកនិងសហស្ថាបនិកបានចំណាយ​ធនធាន​ផ្ទាល់ខ្លួន​ប្រមាណជាជិតពីរឆ្នាំរួចមកហើយ។

២. ភាគហ៊ុនក្រុមហ៊ុន

ចំណុច​នេះសម្ដៅទៅលើ​ ការ​ទៅរកអ្នកវិនិយោគពីស្ថាបនិកនៃ​អាជីវកម្មមួយ ដោយសន្យាថា​នឹង​ផ្ដល់​នូវ​ភាគហ៊ុនក្នុង​ក្រុមហ៊ុន ទៅឱ្យអ្នកវិនិយោគវិញ។ នៅពេលដែលអ្នកវិនិយោគសម្លឹង​ឃើញពីសក្ដានុពលនៃ​ស្ថាបនិក និង​គំនិត​អាជីវកម្ម​ដែលលើកឡើង​មក។

ការ​ដោះដូរ​យកទុនជាភាគហ៊ុននេះ ពេញនិយមខ្លាំង​នៅក្នុង​ការរកស៊ីផ្នែកបច្ចេកវិទ្យា ដោយសារតែស្ថាបនិកខ្លះមិនចង់​ឱ្យប៉ះពាល់នូវហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក៏មិនត្រូវការមានទ្រព្យបញ្ចាំផ្សេងៗ។ ជាទូទៅអាជីកម្មខាង​ផ្នែកបច្ចេកវិទ្យា​ច្រើន​តែ​ចាយលុយច្រើនចំណាយពេលយូរ​ទើប​ទទួលបានប្រាក់ចំណេញកប់ក្ដោង ហេតុនេះស្ថាបនិកត្រូវ​ការទុនច្រើន ដោយមានតែ​វិធីផ្ដល់ភាគហ៊ុន​ខ្លះឱ្យទៅអ្នកវិនិយោគទេទើបអាចធ្វើបាន។

តែសម្រាប់វិធីនេះក៏មានគុណវិបត្តិខ្លះផងដែរ​ ដោយអ្នកអាច​នឹង​បាត់បង់ភាពជាម្ចាស់​កម្មសិទ្ធទៅលើអ្វីដែលខ្លួនឯង​បានបង្កើត​ ជាឧទាហរណ៍អាច​ពេលណាមួយចាំបាច់​ដែលអ្នកត្រូវ​បោះបង់ភាគហ៊ុនខ្លួនឯង​ឱ្យទៅអ្នកវិនិយោគច្រើនពេកដើម្បីអាយុជីវិត​ក្រុមហ៊ុន​។ មួយវិញទៀត​បើទោះជាអ្នក​ជា​នាយកប្រតិបត្តិ​នៃអាជីវកម្មមួយនេះក្តី អ្នកត្រូវ​ស្ថិត​ក្រោមបង្គាប់របស់​ក្រុមប្រឹក្សាភិបាលដែលជាម្ចាស់​ភាគហ៊ុន៕

អត្ថបទដោយ៖ ខុន សក្ក័ដា​

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here