ពិបាកក្នុង​ការ​ហៅម្ហូបញាំពេក សហគ្រិនខ្មែរមួយក្រុមបង្កើត App ដឹកជញ្ចូនម្ហូបអាហារមិនចាំបាច់ខលរញ៉េរញ៉ៃ

0
3057

វិស័យបច្ចេកវិទ្យានៅកម្ពុជា​កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយយើងសង្កេតឃើញថាមានអាជីវកម្មចាប់ផ្ដើមថ្មីខាង​ផ្នែក​បច្ចេកវិទ្យាច្រើនកំពុង​តែមានប្រតិបត្តិការនៅក្នុងស្រុក ហើយខ្លះទៀត​រីកចម្រើនរហូតដល់ចេញទៅក្រៅស្រុកទៀតផង។ ដោយឡែកខាង​បច្ចេកវិទ្យាហៅតាក់ស៊ី និងដឹកម្ហូបអាហារ​ក៏កំពុង​តែ​មានសន្ទុះផងដែរ ថ្មីៗនេះមានកម្មវិធីហៅម្ហូបមួយបង្កើតឡើងដោយសហគ្រិនខ្មែរយើងមានឈ្មោះថា Muuve កំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែន។

អ្នកប្រើប្រាស់អាចធ្វើការទាញយក​កម្មវិធីនោះពី Playstore ក៏ដូចជា Appstore ហើយធ្វើការកុម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ ឬបង្អែមផ្សេងៗបានជាមួយនឹងសេវាកម្មដឹកជញ្ចូនយ៉ាង​ឆាប់រហ័ស ជាមួយគ្នានេះផងដែរកម្មវិធីមួយនេះបានជួយដល់ម្ចាស់ហាងក្នុងការស្វែង​រកអតិថិជនបន្ថែម និងអ្នកដឹក​ឱ្យទទួលបានប្រាក់ចំណូលនិងការងារ​ដែលខ្លួនពេញចិត្ត។

គំនិត​ដែលផ្ដួច​ផ្ដើមឱ្យកើតមាននូវ​សេវាកម្មដឹកជញ្ចូនម្ហូបអាហារ​មួយនេះ កើត​ចេញពីការមើលឃើញចន្លោះខ្វះខាត​នៃ​ទីផ្សារ​ដឹកជញ្ចូនម្ហូបអាហារ​នៅកម្ពុជា និងការចង់​លើកកម្ពស់ក៏ដូចជាជួយដោះស្រាយជីវភាពអ្នករត់ម៉ូតូឬរ៉ឺម៉ក​ឱ្យគ្រាន់បើប្រសើរជាងមុន។

ក្នុងបទសម្ភាសន៍មួយជាមួយនឹង​ Business Cambodia នាយកប្រតិបត្តិក៏ដូចជាស្ថាបនិកនៃក្រុមហ៊ុន Muuve លោក ប៉ាញ ផានិត្យបានឱ្យដឹង​ថា កាលនោះគាត់ធ្វើការជាអ្នកសរសេរកូដជាមួយនឹងក្រុមការងារ ហើយត្រូវ​ហៅម្ហូបញាំតាមលេខទូរស័ព្ទ ប៉ុន្តែ​នៅពេលដឹកជញ្ចូន​អ្នកដឹកនិងអ្នកទិញមានការលំបាកក្នុងការស្វែងរកនិងប្រាប់ទីតាំង​។ បន្ថែមពីនេះ ក្រោយពីពួកគាត់​ធ្វើការសំណេះសំណាលខ្លះៗជាមួយអ្នកដឹក ក្រុមគាត់មើលឃើញថាលក្ខខណ្ឌការងារ​របស់​អ្នកដឹកជញ្ជូន​ម្ហូបអាហារ​មិនសូវ​ល្អ ហើយចង់ជួយអ្នកដឹកជញ្ចូនទាំងនោះក៏ដូចជាអ្នករត់រ៉ឺម៉កឬក៏ម៉ូតូឌុបផ្សេងទៀត​ដែលចង់បង្កើត​ប្រាក់ចំណូលបន្ថែម។

ចុងខែកុម្ភៈឆ្នាំ២០១៨ ការអភិវឌ្ឍកម្មវិធីMuuveក៏ចាប់ផ្ដើមធ្វើឡើង រហូត​ដល់ខែកញ្ញាក៏បញ្ចេញជាផ្លូវ​ការព្រមគ្នាទៅលើ AppStore សម្រាប់ប្រព័ន្ធ​ប្រតិបត្តិ​ការiOS ក៏ដូចជា Google PlayStore សម្រាប់ប្រព័ន្ធប្រតិបត្តិ​ការ Android ។ ​ក្រោយពេលបញ្ចេញជាផ្លូវ​ការកម្មវិធីមួយនេះទទួលបានការ​គាំទ្រ​លើស​ពីការរំពឹងទុក ហើយបើតាមសម្ដីរបស់ស្ថាបនិក Muuve លោក ផានិត្យបានលើកឡើងថា ក្រុមការងារលោកពុំបាន​ចំណាយលុយផ្សព្វផ្សាយ​ច្រើនទេ ដោយភាគច្រើន​នៃអ្នកប្រើប្រាស់ជាការណែនាំតៗគ្នា។

នៅពេលដែលសួរ​ពីទស្សនៈវិស័យរបស់គាត់​សម្រាប់ Muuve នៅថ្ងៃអនាគត លោកផានិត្យបានបង្ហើបថានឹង​អាចធ្វើឱ្យ Appនេះទៅជា Lifestyle App ដែលមានសេវាកម្មលើសពីការហៅម្ហូបអាហារទៅទៀត។

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here