ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាតំបន់ពេញនិយមនៃគម្រោងយក្ស

0
13550

ដោយសារ ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ត្រូវបានអភិវឌ្ឍន៍ដោយការតភ្ជាប់ផ្លូវសម្តេចតេជោ ហ៊ុន សែន ទំហំ៦០ម៉ែត្រ ព្រមទាំងការពង្រីកផ្លូវក្រវាត់ក្រុងចេញពីផ្លូវជាតិលេខ២ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៣ បានធ្វើឲ្យគម្រោងយក្សជាច្រើនកំពុងបាញ់ព្រួញសំដៅទៅតំបន់សក្តានុពលមួយនេះ។

ត្រួសៗនៅតំបន់នេះ មានគម្រោងយក្សមិនក្រោម១០នោះទេដែលគ្រោងវិនិយោគ ក្នុងនោះ រួមបញ្ចូលទាំង គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរបស់ចិន និងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកផងដែរ។

ថ្មីៗនេះ សាលា​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ប្រទេស​បារាំង គ្រោងនឹង​អភិវឌ្ឍ​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង ស្របពេល​ដែលអ្នក​ជំនាញ​អចលនទ្រព្យ​បាន​អះអាងថា​តំបន់នេះ​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ជាងគេ​ទី២​នៅ​រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះដែរ ទី​ក្រុង​រណប ING CITY ទំហំ​ជាង​​ ២០០០ ​ហិកតា ដែល​ជា​ក្រុង​រណប​មាន​ទំហំ​ធំ​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ និង​មាន​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​ ៦០ ​ម៉ែត្រ​ពុះ​កាត់​ចំ​កណ្ដាល និង​មាន​ផ្លូវធំៗ​ចំនួន​ ២ ​ទៀត​ដោយ​ទី​ ១ ចេញ​ពី​ផ្លូវជាតិ​លេខ​ ២ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ​ ២៧១ និង​ ១ ​ខ្សែ​ទៀត​ចេញ​ពី​ម្តុំ​រង្វង់​មូល​មុខ​សាលា​ខេត្ត​កណ្តាល ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ ​៣៧១ ​ដែរ​នោះ​កំពុង​មាន​ការវិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ។

ពិសេសជាងនេះទៅទៀត គម្រោង The Star Diamond របស់ក្រុមហ៊ុន បុរីប៉េង ហួត មានការអភិវឌ្ឍ​បុរីដែល​មាន​ប្រភេទ​លំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ មានអគារខុនដូ  ការិយាល័យកណ្តាលថ្មី ការិយាល័យលក់ និងការិយា​ល័យជួល អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែល​មានដើមឈើ​ធម្មជាតិ​លំអតាម​ដងផ្លូវ​ប្រកបដោយទេសភាពបៃតងលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា នៅលើផ្លូវ៦០ម៉ែត្រផងដែរ។

ហើយ ​កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុនក្នុងស្រុកដ៏ធំ១នេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន​ឈ្មោះ PH Diamond Place ដែល​មាន​ទុនវិនិយោគ​ចំនួន​ ៦០ ​លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្ទៃដី​ជិត​ ៦ ​ហិកតា ​។

អមជាមួយគ្នានេះ ​គម្រោង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​ ៧០០ ​លាន​ដុល្លារ ក៏បានបោះទីតាំងនៅភាគខាងត្បូងផងដែរ។

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានធ្លាប់លើកឡើងថា តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​ទីតាំង​ដ៏ល្អ​ (Best of The best) ដែល ​ជា​តំបន់​ថ្មី​ដែល​អាច​សាងសង់​អគារ​បាន​ខ្ពស់ៗ និង​ផ្សារ​ទំនើប​នានា​ងាយស្រួល ព្រមទាំង ជា​តំបន់​មាន​សណ្ឋាន​ដី​ល្អ និង​ស្ថិត​នៅ​ចន្លោះ​រវាង​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ​។

គួរជម្រាបផងដែរថា អ្វីដែលពិសេស នៅក្នុងខែមករា ឆ្នាំ២០១៩នេះ នឹងមានគម្រោងខ្នាតយក្សធំៗ២ទៀត របស់ក្រុមហ៊ុនក្នុងស្រុកមួយ នឹងរំលេចខ្លួនឡើងនៅក្នុងតំបន់ខាងលើនេះផងដែរ។

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ

អត្ថបទ៖​ ពេជ្រ ស្រីវណ្ណ

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here