Phil Town ប្រាប់ពីគន្លឹះសំខាន់៤ ធ្វើឲ្យអ្នកចាយវាយលុយកាក់ប្រាកដដោយភាពវ័យឆ្លាត

0
563

វិនិយោគិនដ៏ឆ្នើមមួយរូបរបស់អាមេរិក និងជាអ្នកនិពន្ធសៀវភៅ Rule #1 និងសៀវភៅ Payback Timeលោក Phil Town បានបង្ហើបប្រាប់ពីគន្លឹះចាយវាយលុយកាក់ឲ្យបានត្រឹមត្រូវ និងប្រាកដដោយភាពវ័យឆ្លាត ចំគោលដៅ គេចផុតពីភាពក្រីក្រ។​

១. ត្រួតពិនិត្យហិរញ្ញវត្ថុរបស់អ្នក

លោក Phil Town បានមានប្រសាសន៍ថា ដើម្បីអាចឲ្យលោកអ្នកក្លាយជាមនុស្សចាយវាយលុយកាក់បានត្រឹមត្រូវ ជំហានដំបូងលោកអ្នកត្រូវតែដឹងពីការចាយវាយលុយកាក់របស់ខ្លួនប្រចាំថ្ងៃ ប្រចាំខែ​ តើលុយទាំងអស់ដែលអ្នកមាន វារត់ទៅណាខ្លះ ចំណាយលើអ្វីខ្លះ ទទួលបានអ្វីមកវិញពីការចំណាយទាំងនោះ។ ពេលដែលអ្នកអាចដឹងពីការចាយវាយរបស់ខ្លួន លោកអ្នកនឹងអាចរកឃើញវិធីចាយវាយផ្សេងទៀតបានកាន់តែល្អ កាត់បន្ថយការចំណាយដែលខុសគោលដៅដោយខ្លួនឯងបាន។​

២. គិតមុនចំណាយ

នៅត្រង់ចំណុចនេះ លោក Phil Town បានសង្កត់ធ្ងន់ថា ដើម្បីឲ្យអ្នករួចផុតពីភាពក្រីក្រ លុះត្រាតែអ្នកជាមនុស្សចេះគិតពិចារណាមុនចាយវាយ​ ជាក់ស្តែងបើអ្នកចំណាយទិញឡានដើម្បីឲ្យខ្លួន​ឯងសប្បាយចិត្ត ឫដើម្បីឲ្យនរណាម្នាក់សប្បាយចិត្តទាំងដែលវាមិនមែនជាតម្រូវការចាំបាច់ ហើយអ្នកព្យាយាមទិញវាដោយភ្ជាប់ជាមួយនឹងបំណុលដោយការខ្ចីធនាគារ ឫបង់រំលស់ នោះវាជាការចាយវាយដោយមិនបានគិតពីអនាគតក្នុងផ្លូវដ៏វែងឆ្ងាយរបស់ខ្លួន។​

៣. ទុកលុយក្នុងកុងធនាគារ ជាងទុកក្នុងហោប៉ាវ

ទម្លាប់សន្សំដ៏ល្អ បង្កើតភាពមានបានឲ្យអ្នកកាន់តែឆាប់ ហេតុនេះអ្នកត្រូវរៀនកំណត់លុយសន្សំរបស់ខ្លួនប្រចាំខែ ឫប្រចាំថ្ងៃ​ មុននឹងចំណាយ។ ជាមួយសូមកុំព្យាយាមទុកលុយក្នុងហោប៉ាវ ដែលវានឹងធ្វើឲ្យអ្នកដកចាយវាយស្រួលៗទៅលើរឿងផ្សេង របស់របរ អាហារដែលមិនចាំបាច់មួយចំនួន ធ្វើឲ្យការសន្សំមានការថមថយចុះ។

បន្ថែមពីនេះ អ្នកត្រូវរៀនហ្វឹកហាត់ខ្លួនឯងឲ្យមានវិន័យក្នុងការចាយវាយ ចាយដោយមានគោលដៅ មានហេតុផល និងមានទស្សនៈវិស័យមើលទៅអនាគត កុំសម្លឹងតែក្នុងពេលបច្ចុប្បន្នភាពឲ្យសោះ។​

៤. ចាប់ផ្តើមវិនិយោគ

ការវិនិយោគ មិនទាមទារឲ្យអ្នកមានបទពិសោធន៍ពេញខ្លួនក្នុងគ្រប់វិស័យនោះទេ ហើយក៏មិនប្រកាន់ថាអ្នកមានអាយុតិច ឫក៏ច្រើននោះ ជាងនេះក៏មិនផ្តោតសំខាន់លើអ្នកមានលុយតិច  ឫក៏ច្រើននោះដែរ វាអាស្រ័យលើការយល់ដឹង និងភាពវ័យឆ្លាតក្នុងវិនិយោគរបស់អ្នកប៉ុណ្ណោះ។ ហេតុនេះ កុំចាំហើយចាំទៀត ចាំទាល់តែខកឱកាសឲ្យសោះ ចាប់ផ្តើមរៀនវិនិយោគពីលុយដ៏តិចតួច បើទោះជាខាតក៏អ្នកមិនសូវឈឺចាប់ បាក់ទឹកចិត្ត ឫក៏បង់ខាតធ្ងន់ធ្ងរនោះដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here