មហាសេដ្ឋីចិនHui Ka Yan រឿងសម្ងាត់ ៤ចំណុចធ្វើឲ្យលោកជោគជ័យលើវិស័យអចលនទ្រព្យ

0
859

មហាសេដ្ឋីអចលនទ្រព្យដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញលោកHui Ka Yan ត្រូវបានទស្សវដ្តីអាមេរិកForbes ចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីប្រាក់ពាន់លានក្នុងចំណោមមហាសេដ្ឋីកំពូលៗរបស់អាស៊ីផ្សេងទៀត។ ដោយសារតែយុទ្ធសាស្ត្ររកស៊ីអចលនទ្រព្យ និងគំនិតឆ្លាតវៃធ្វើឲ្យលោកតែងទទួលបានជោគជ័យលើគម្រោងជាបន្តបន្ទាប់។ ចិនជាប្រទេសដែលធំ មានប្រជាជនច្រើន ហើយមហាសេដ្ឋីជោគជ័យលើវិស័យផ្សេងៗគ្នាក៏ច្រើនដែល តែការរកស៊ីរហូតទទួលបានជោគជ័យក្លាយជាមហាសេដ្ឋី មិនមែនជារឿងងាយស្រួលនោះទេ ហើយជោគជ័យដែលយើងឃើញក៏មិនច្រើនដែល នោះមានន័យថាអ្នកបរាជ័យច្រើនណាស់ តែជោគជ័យអាចរស់បានតិចបំផុត។

ខាងក្រោមនេះ ជារឿងរ៉ាវ ៤ចំណុចដែលជំរុញឲ្យមហាសេដ្ឋីអចលនទ្រព្យលោកHui Ka Yan ជោគជ័យលើមុខជំនួញដូចសព្វថ្ងៃនេះ៖

១.ភាពក្លាហាន

មហាសេដ្ឋីអចលនទ្រព្យរូបនេះ មានបានដោយសារតែការខិតខំប្រឹងប្រែងចេញរកស៊ីដោយខ្លួនឯង គ្មានមរតកពីឪពុកម្តាយនោះទេ ព្រោះតែលោកគ្មានឈាមជ័រជាអ្នករកស៊ីនោះទេ​ ដោយឪពុកលោកជាទាហានបដិវត្ត ហើយម្តាយបានស្លាប់តាំងពីខ្លួននៅអាយុ១ឆ្នាំម្ល៉េះ។ ដូច្នេះការមានអ្វីៗដូចសព្វថ្ងៃនេះ បានកើតចេញពីញើសឈាមដែលខ្លួនឯងសាងឡើងផ្ទាល់ដៃ។ កាលរៀននៅវិទ្យាល័យ លោកបានចេញធ្វើការងារដើម្បីយកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង ក្នុងនាមជាអ្នកបើកត្រាក់ទ័រ និងបន្ទាប់មកជាសន្តិសុខនៅតាមភោជនីយដ្ឋាននៅទីក្រុង។ អ្វីដែលភាពក្លាហានដែលលោកមាន គឺការសម្រេចចិត្តអ្វីមានភាពម្ចាស់ការ ទទួលខុសត្រូវខ្លួនឯង និងចូលចិត្តភាពឯករាជ្យ។

លោកបានបញ្ជាក់ថា ជួនកាលលោកបានសម្រេចចិត្តដើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយខ្លួនឯងបានកំណត់ភាពវិជ្ជមាននាំមុខ ហើយត្រូវប្រាកដថា ផ្លូវណាខុស ផ្លូវណាត្រូវ ហើយគួរអភិវឌ្ឍន៍ខ្លួនឯងដោយវិធីណា ប្រសិនបើនៅតែសង្ស័យខ្លួនឯង ឬនៅភ័យខ្លាចចំណុចណាមួយ ដើម្បីឈោងចាប់ក្តីសុបិន។

២.ការតស៊ូ មិនចុះចាញ់បញ្ហា
លោកតែងស្វែងយល់ថា ខ្លួនឯងកើតមក ត្រូវតែតតាំងប្រយុទ្ធប្រឆាំងបញ្ហាធំៗនៅក្នុងឆាកជីវិតឲ្យបាន បើចង់បានជោគជ័យនៅថ្ងៃអនាគត ព្រោះខ្លួនត្រូវចាប់ផ្តើមពីចំណុចសូន្យទៅ។ រៀនសូត្រពីការងារជាអ្នកបើកត្រាក់ទ័រ សន្តិសុខភោជនីយដ្ឋាន និងរៀនស្វែងយល់ពីខ្លួនឯងនៅទីក្រុង ជាពិសេសបំបាត់ភាពអសកម្ម និងភាពខ្ជិលច្រអូលដែលខ្លួនមានពីមុន ឲ្យក្លាយជាមនុស្សសកម្មលើការងារអាជីព។ លោកបានសាកល្បងសមត្ថភាព និងប្រឡូកផ្ទាល់ការងារនៅទីក្រុង។ អ្វីដែលជាចំណុចខ្លាំងរបស់ខ្លួនឯង គឺការមិនបោះបង់ចោលនៅគោលដៅដែលខ្លួនឯងបានកំណត់រួចហើយ ហើយដាក់ការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យជោគជ័យឲ្យបាន។ 

៣.ផ្តល់តម្លៃខ្ពស់លើការអប់រំ

នៅពេលបម្រើការងារនៅទីក្រុងក្នុងភោជនីយដ្ឋាន លោកក៏ឆ្លៀតពេលដ៏រវល់សឹងគ្មានពេលសំរាកដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យ តែមិនបានសម្រេច ក៏ងាកមកបន្តការសិក្សានៅវិទ្យាល័យយ៉ាងខ្លាំងបន្ថែមទៀត រហូតអាចមានឱកាសប្រលងចូលរៀននៅមហាវិទ្យាល័យបានតាមការគ្រោងទុក ដោយជោគជ័យ។

ភាពជោគជ័យលើមុខជំនួញ មិនកំណត់ថាលុះត្រាតែយើងរៀនសូត្របានខ្ពស់នោះទេ តែបើយើងក្លាយជាសហគ្រិន ហើយមានឱកាសសិក្សារៀនសូត្របានខ្ពស់ទៀត នោះឱកាសជោគជ័យលើមុខជំនួញកាន់តែមានខ្លាំងមិនខានឡើយ។

៤.មានក្តីស្រមៃយ៉ាងមុតមាំចង់ក្លាយជាសហគ្រិន

លោកមានក្តីស្រមៃចង់ក្លាយជាសហគ្រិនតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះ ហើយបានឆ្លៀតរកស៊ីរបរតូចៗតាំងពីក្មេងមក បើទោះបីជាបរាជ័យស្ទឹងគ្រប់អ្វីដែលលោកធ្លាប់រកស៊ីក្តី តែលោកនៅតែមានក្តីសង្ឃឹមបន្តមិនបោះបង់ក្តីស្រមៃនេះឡើយ។ ហើយតែបង្កើតគំនិតអាជីវកម្មថ្មីៗបន្ត រហូតឈានដល់ការបង្កើតក្រុមហ៊ុនអចលនទ្រព្យនិងក្លាយជាមហាសេដ្ឋីដ៏ជោគជ័យម្នាក់។ លោកថា មិនចាំបាច់ភ័យខ្លាចនឹងភាពបរាជ័យដែលយើងជួបនោះទេ ព្រោះក្តីស្រមៃជាសហគ្រិនរបស់យើងនៅជាប់នឹងខ្លួនមិនបាត់ ហើយយើងកំពុងតែធ្វើដំណើរទៅរកវាផងដែរ។ យើងត្រូវចេះរក្សក្តីស្រមៃដែលខ្លួនឯងមាន និងខិតខំប្រឹងប្រែងធ្វើវាឲ្យល្អ ខិតខំប្រឹងប្រែងធ្វើវាឲ្យអស់លទ្ធភាព សមត្ថភាពដែលខ្លួនមាន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here