ផ្លែស្វាយអាចនឹងមានទីផ្សារល្អ ខណៈក្រុមហ៊ុនកែច្នៃធំ១ ត្រូវការស្វាយស្រស់២០តោនក្នុង១ថ្ងៃ

0
593

កសិករដាំដំណាំស្វាយនៅក្នុងប្រទេសកម្ពុជាអាចនឹងមានទីផ្សារល្អ ខណៈក្រុមហ៊ុនកែច្នៃផ្លែឈើ ដំណាប់ស្វាយ LBN Agriculture Co., Ltd កំពុងមានតម្រូវការស្វាយស្រស់ប្រមាណ ២០តោនក្នុងមួយថ្ងៃ សម្រាប់យកមកធ្វើជាដំណាប់ស្វាយដើម្បីនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។

បច្ចុប្បន្នក្រុមហ៊ុនកែច្នៃផ្លែឈើខាងលើនេះ ធ្វើការមូលទិញផ្លែស្វាយស្រស់ពីតំបន់នានាក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងកំពង់ស្ពឺ ខណៈទីតាំងកែច្នៃរបស់ក្រុមហ៊ុនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃុំ។

ក្រុមហ៊ុនវិនិយោគផ្នែកកែច្នៃនេះ បានបង្កើតការងារជូនប្រជាជននៅក្នុងមូលដ្ឋានប្រមាណ ៤០០នាក់ ដែលក្នុងនោះចំនួនប្រមាណ ៩០% ជាស្រ្តី។ ក្រៅពីដំណាប់ស្វាយ ក្រុមហ៊ុនក៏មានគម្រោងផលិតគ្រាប់ស្វាយចន្ទី និងដំណាប់ផ្លែក្រូចវល្លិ៍ (Passion Fruit) នៅជំហានបន្ទាប់ដើម្បីធ្វើការនាំចេញផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកែច្នៃផ្លែឈើបង្កើតជាដំណាប់ស្វាយរបស់ក្រុមហ៊ុន LBN Agriculture Co., Ltd នាពេលនេះ បាននិងកំពុងចូលរួមចំណែកដល់ការកែច្នៃផលិតផលកសិកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា និងបានចូលរួមជំរុញការអនុវត្តន៍គោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ឱ្យសម្រេចបានជោគជ័យ ផងដែរ ៕

អត្ថបទដោយ៖ ម៉េង សុងលី