បិទទៅបិទមក Huawei និង Apple ក្លាយជាចំណាប់ខ្មាំងក្នុងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន

0
1660

ថ្មីៗនេះលោក Tim Cook នាយកប្រតិបត្តិ Apple បានលើកឡើងថា ស្ថានភាពសង្រ្គាមពាណិជ្ជកម្មវាងចិននិងអាមេរិកកាន់តែធ្ងន់ធ្ងរឡើង ហើយបន្ទាប់ពីប៉ុន្មានម៉ោងក្រោយមកភាគហ៊ុនរបស់ដៃគូផ្គត់ផ្គង់ Apple នៅចិនត្រូវបានធ្លាក់ចុះបន្តិច ។

ផ្សារហ៊ុនរបស់ក្រុមហ៊ុនធំៗដូចជានៅ Shenzhen, Suzhou, Hong Kong ជាពិសេសក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងទូរស័ព្ទដូចជា រោងចក្រផលិតឡេនកាមេរ៉ា​ Sunny Optical បានធ្លាក់ចុះ ៦.៧៦% ចំណែករោងចក្រដំឡើង iPhone នៅតៃវ៉ាន់ Foxconn បានធ្លាក់ចុះ ១.៧% ។

រឿងដែលខាតបង់ធំនោះគឺក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិននិងអាមេរិកចូលទីផ្សារលែងចុះ ជាពិសេស Apple និង iPhone បានក្លាយជាចំណាប់ខ្មាំងក្នុងបញ្ហាសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងនេះ ។

កាលពីខែមិនាដើមឆ្នាំ ២០១៨ កន្លងទៅនេះ ខណៈការធ្វើពាណិជ្ជកម្មរវាងក្រុងវាស៊ីនតោន និងក្រុងប៉ីជីងកំពុងមានសភាពតានតឹង រហូតដល់នាយកដ្ឋានពាណិជ្ជកម្មអាមេរិកសម្រេចបិទចោលក្រុមហ៊ុនចិន ZTE ដែលជាក្រុមហ៊ុនធំមួយលក់ស្មាតហ្វូន និងសម្ភារៈទូរគនាគមន៍ជុំវិញពិភពលោក បន្ទាប់ពីបានទិញសមាសភាគពីក្រុមហ៊ុនអាមេរិកជាង ៧ ឆ្នាំ ។ បន្ទាប់ពី ZTE អាមេរិកក៏គ្រោងនឹងបិទក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនលក់ស្មានហ្វូនមានឈ្មោះល្បីមួយផងដែរ នេះបើតាមការចុះផ្សាយរបស់ CNN ។

មន្ត្រីជាន់ខ្ពស់មកពីភ្នាក់ងារ CIA, NSA និង FBI កាលពីខែកុម្ភៈកន្លងទៅបានលើកឡើងថា ប្រជាជនអាមេរិកមិនគួរប្រើប្រាស់ស្មាតហ្វូនរបស់ Huawei ទេ ដោយគេសង្ស័យថា ស្មាតហ្វូនរបស់ Huawei អាចបង្កហានិភ័យផ្នែកសន្តិសុខអ៊ីនធឺណេតដល់អាមេរិក ។

ចំណែកនៅចិនឯណោះវិញ ក្រៅពីបានបិទ Google និង Facebook មិនឲ្យរកស៊ីនៅប្រទេសខ្លួនអស់ជាច្រើនឆ្នាំ ថ្មីៗនេះចិនទំនងចង់គៀបសង្កត់ Apple ដែលកំពុងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកគ្រឿងទូរស័ព្ទជាច្រើននៅចិន ។

កាលពីចុងឆ្នាំ ២០១៨ កន្លងទៅមានការភ្ញាក់ផ្អើលថា ក្រុមហ៊ុន Menpad ដែលជាអ្នកផលិតអេក្រង់ LCD នៅ Shenzhen សម្រាប់​ Huawei ប្រកាសថា ពួកគេនឹងពិន័យបុគ្គលិកដែលទិញផលិតផលស្មាតហ្វូនពេញនិយមរបស់សហរដ្ឋអាមេរិកជាពិសេស iPhone ជាទឹកប្រាក់ស្មើគ្នានឹងតម្លៃស្មាតហ្វូននោះ ។

ដើម្បីបង្ហាញអារម្មណ៍មោទនភាពជាតិ និងគាំទ្រដៃគូសហការ ក្រុមហ៊ុននេះនឹងឈប់ទិញផលិតផលរបស់អាមេរិក ដូចជាសម្ភារៈការិយាល័យ រថយន្ត ព្រមទាំងឲ្យរង្វាន់លើកទឹកចិត្តបុគ្គលិកណា ដែលទិញ ស្មាតហ្វូន Huawei និង ZTE ដោយផ្តល់ប្រាក់ឧបត្ថម្ភ ១៥% ។

ជាមួយគ្នានេះចិនអាចនឹងហាមឃាត់មិនឲ្យមានការលក់ iPhone ម៉ូឌែលមួយចំនួននៅចិនបន្តទៀត ដោយសារក្រុមហ៊ុន Qualcomm ដែលធ្លាប់ជាដៃគូផលិតបន្ទះឈីបឲ្យ Apple បានដាក់ពាក្យបណ្តឹងទៅតុលាការចិនឲ្យបិទការលក់ iPhone បណ្តោះអាសន្ន ដោយសារបញ្ហារំលោភប៉ាតង់ចំនួនពីរ។

ជាលទ្ធផល Qualcomm បានឈ្នះក្ដីដោយឲ្យតុលាការចិនចេញដីកា ធ្វើការផ្អាកមិនឲ្យមានលក់​ជា​បណ្ដោះ​អាសន្ន​សម្រាប់ម៉ូឌែលមួយចំនួនផ្សេងទៀតរួមមាន iPhone 6s, 6s Plus, 7, 7 Plus, 8 Plus និង X ជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Apple នៅតែបន្តលក់ iPhone សេរ៊ីថ្មីៗរបស់ខ្លួននៅចិនដដែល ដោយអះអាងថាបញ្ហាប៉ាតង់នេះមានតែនៅលើ IOS 11 ប៉ុណ្ណោះ សម្រាប់ iPhone ជំនាន់ក្រោយដែលបំពាក់ IOS 12 គ្មានជាប់ពាក់ព័ន្ធនឹងបញ្ហាប៉ាតង់របស់ Qualcomm ទៀតទេ ។

បកចុះបកឡើង អាមេរិកមិនត្រឹមតែបិទ Huawei ប៉ុណ្ណោះទេ ថែមទាំងចង់រករឿងផ្ទៃក្នុងក្រុមហ៊ុន Huawei ទៀតផង ដោយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ អាមេរិកបានស្នើឲ្យកាណាដាចាប់ខ្លួនប្រធានហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei លោកស្រី Wanzhou Meng នៅទីក្រុង Vancouver ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងការរំលោភបំពាន​លើការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក​ប្រឆាំងនឹង​អ៊ីរ៉ង់។

ក្នុងសម្ពាធពាណិជ្ជកម្មដ៏តានតឹងនេះ មិនមែនមានតែ Huawei និង Apple ទេខាតបង់ សូម្បីតែក្រុមហ៊ុនធំៗដែលពាក់ព័ន្ធក៏ត្រូវខាតប្រយោជន៍ដូចគ្នា ជាក់ស្តែង Foxconn ដែលជារោងចក្រដំឡើង iPhone និងគ្រឿងអេឡិចត្រូនិកធំជាងគេរបស់តៃវ៉ាន់ សម្រេចចិត្តថានឹងមកសាងសងរោងចក្រនៅវៀតណាម ដើម្បីជៀងវាងផលប៉ះពាល់របស់សង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក ។

អ្វីដែល Foxconn ព្រួយបារម្ភបំផុតគឺការដំឡើងពន្ធរវាងផលិតផលអាមេរិកនិងចិននៅតែបន្ត ដូចច្នោះតម្លៃដឹកជញ្ជូន iPhone ទៅអាមេរិកនឹងត្រូវចំណាយច្រើនលើថ្លៃពន្ធ នោះ Apple នឹងប្តូរទៅដំឡើងនៅរោងចក្រផ្សេងៗដូចជានៅឥណ្ឌាឬប្រេស៊ីលជាដើម ។ ជាជាងដាច់កុងត្រាដំឡើងទូរស័ព្ទឲ្យ Apple ក្រុមហ៊ុន Foxconn ត្រូវតែប្តូរទីតាំងរបស់ខ្លួន ។

គួរបញ្ជាក់ថា សង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនេះ អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ដោយសារប្រទេសទាំងពីរនេះសុទ្ធតែមានអំណាចផ្នែកសេដ្ឋកិច្ចនៅតាមបណ្តាលប្រទេសជាច្រើន នេះបើតាមរបាយការណ៍ពី ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here