តើហ្រ្វេនឆាយគួរជៀសវាងដើរតាមផ្លូវណាខ្លះ ដើម្បីកុំឲ្យធ្លាក់ក្នុងទីផ្សារសមុទ្រក្រហម?

0
367

អាជីវកម្មដែលស្ថិតក្នុងបន្ទាត់ប្រកួតប្រជែងខ្លាំងពេក គេចាត់ទុកថា ជាអាជីវកម្មស្ថិតក្នុងដែនសមុទ្រក្រហម ផ្ទុយពីអាជីវកម្មសមុទ្រខៀវ ដែលជាទីផ្សារថ្មី ហើយមិនសូវមានវត្តមានគូប្រជែងច្រើនពេកនោះទេ។ ម្លោះហើយមុននឹងចេញរកស៊ី ពិសេសម្ចាស់ហ្រ្វេនឆាយគួរមើលលើចំណុចនេះឲ្យបានច្បាស់លាស់ មុននឹងបោះទុនវិនិយោគ ហើយពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីជៀសវាងមិនឲ្យធ្លាក់ក្នុងការប្រជែងគ្នាខ្លាំងពេក៖

១.ប្រើគម្រូអាជីវកម្មធម្មតាៗពេក

ប្រើប្រាស់ភាពសាមញ្ញដើម្បីទាក់ទាញវាជារឿងល្អ តែបើយកចំណុចធម្មតាៗមករកស៊ី ហើយគ្រាន់តែបម្លែងមកលក់ហ្រ្វេនឆាយនោះ វាពិតជាមិនអាចទៅរួចកើតទេ។ ឧទាហរណ៍ថា មានហាងកាហ្វេមួយ បើកមកដូចគេដែរ គ្រាន់តែប្រកាសលក់ហ្រ្វេនឆាយទាំងគ្មានចំណុចពិសេសនោះ ហាងកាហ្វេមួយនេះពិតជាកំពុងបង្កើតអាជីវកម្មក្នុងទីផ្សារសមុទ្រក្រហមហើយ។

២.មិនបានសិក្សាច្បាស់លាស់មុនបោះទីតាំង

នេះក៏ជាចំណុចត្រូវគិតគូរដែរ ត្រូវធៀបតម្រូវការទីផ្សារផងថា សមល្មមនឹងពង្រីកហើយឬនៅ? កុំឲ្យជ្រុលជាពង្រីកហើយ ស្រាប់តែយីហោរបស់ខ្លួនត្រូវប្រជែងគ្នាខ្លាំងទៅវិញ។ ចង់មិនចង់ មុនពង្រីក ឬលក់យីហោទៅកាន់ទីតាំងណាមួយត្រូវសិក្សាពីតាំង និងសក្តានុពលទីតាំងសិន ហើយគួរជៀសវាងបើកយីហោ ឬអាជីវកម្មដូចគ្នានៅជិតគ្នាពេកនាំឲ្យការលក់មានការប្រទាញប្រទង់។

៣.ងាយចម្លងពេក

អាជីវកម្មដែលគេស្រួលនឹងចម្លងពេក ក៏អាចមានបញ្ហាដែរ ម្លោះហើយក្រៅពីមានចំណុចពិសេសហើយ ម្ចាស់យីហោត្រូវមានរូបមន្តសម្ងាត់នៅក្នុងដៃជៀសវាង គេលួចចម្លងងាយ បើកបានច្រើនសាខា បង្កើតជាទីផ្សារសមុទ្រក្រហមសម្រាប់ម្ចាស់ដើមទៅវិញ៕

 

អត្ថបទដោយ៖  Noun Vannak, Franchise Editor