លោកស្រីឃី មុនី៖ ដើមទុនចេញរកស៊ីដំបូង កើតចេញពីការស៊ីឈ្នួលលក់ផ្ទះឲ្យគេ

0
962

ចាប់ចេញរកស៊ីដំបូង ពេលខ្លួនត្រឹមតែជានិស្សិតឆ្នាំទី២ តែប៉ុណ្ណោះ លុយក៏គ្មាន បទពិសោធន៍ក៏គ្មានសោះឡើយ តែដោយសារមានឆន្ទៈចង់បើកអាជីវកម្មដោយខ្លួនឯង លោកស្រីឃី មុនី បានយកពេលទំនេរពីការសិក្សា ធ្វើការងារឲ្យគេ ដើម្បីយកបទពិសោធន៍ ក៏ដូចជាទុនសម្រាប់បើកអាជីវកម្មផ្ទាល់ខ្លួនផង។

សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៧រូបនេះ បានវិវត្តន៍ខ្លួន ពីការធ្វើការឲ្យគេ ការងារដំបូងរបស់លោកស្រី ជាអ្នកស៊ីឈ្នួលលក់ផ្ទះឲ្យគេ ដោយយកប្រាក់កំរៃជើងសារតម្លៃបាន៣០០០ដុល្លារ ហើយបានប្រើប្រាស់លុយនេះ ក្លាយជាលុយរាប់លានដុល្លារ នាពេលសព្វថ្ងៃនេះ ដោយសារបច្ចុប្បន្ននេះ​ លោកស្រីមានក្រុមហ៊ុនធំៗ៥ ក្នុងដៃ ដែលផ្តោតសំខាន់លើវិស័យកសិកម្ម។

លោកស្រីធ្លាប់បានថ្លែងប្រាប់ Business Cambodia ថា  «តាមបទពិសោធន៍ផ្ទាល់ខ្លួន ពេ​ល​ចេញរកស៊ីដំបូងមិនសូវមានដើមទុនច្រើននោះទេ ព្រោះនៅជានិស្សិត តែលោកស្រីមានភាពឆ្លាតវៃ អាចមើល​ឃើញ​ឱ​កា​ស​។ សម្រាប់ប្រភពដើមទុនដំបូងរបស់លោកស្រី គឺកើតចេញពីកម្រៃជើងសារនៃការលក់ផ្ទះចំនួនប្រហែល ៣,០០០ដុល្លារ ហើយ​លោកស្រីចាប់ផ្តើមគិតថា តើគួរប្រើដើមទុន ៣,០០០ដុល្លារបែបណា ដើម្បីមានប្រយោជន៍បន្តទៀត»។

ការរកទុនសម្រាប់បើកអាជីវកម្មមួយ អាចជារឿងងាយស្រួលសម្រាប់ បុគ្គលដែលមានលុយស្រាប់ ឬក៏កើតមកក្នុងត្រកូលអ្នកមានទ្រព្យស្តុកស្តម តែសម្រាប់បុគ្គលដែលគ្មានដើមទុនសោះ មានតែគំនិតប្រហែលជារឿងពិបាកបន្តិច។ ក៏ប៉ុន្តែមិនមែនគ្រាន់តែរឿងគ្មានដើមទុន កុំបណ្តោយឲ្យបង្អាក់ឱកាសក្នុងការចេញរកស៊ីរបស់អ្នកឲ្យសោះ ព្រោះបើអ្នកមានគំនិតរកស៊ី នោះហើយជាដើមទុនដំបូងរបស់អ្នក ព្រោះដើមទុនសំខាន់បំផុតនៃអាជីវកម្ម គឺគំនិតរបស់សហគ្រិននេះឯង មិនមែនលុយទេ។

បើអ្នកមានគំនិតចេញរកស៊ីហើយ ទុនសម្រាប់បើកអាជីវកម្មរឿងអ្វីធ្វើមិនបាន យើងអាចធ្វើការសន្សំលុយ ឬក៏ធ្វើដូចជាលោកស្រីឃីម មុនី ផ្ទាល់ ឆ្លៀតពេលទំនេរ ស៊ីឈ្នួលលក់ផ្ទះឲ្យគេ ក៏អាចចាប់ផ្តើមចេញរកស៊ីដោយខ្លួនឯងបានដែរ។ ធ្វើការឲ្យគេបានទំាងបទពិសោធន៍ការងារ និងលុយ តែពេលចេញរកស៊ីដំបូងគួរចៀសវាងខ្ចីធានាគារទំាងស្រុង ព្រោះពេលចាប់ផ្តើមអាជីវកម្ម យើងមិនអាចដឹងថា វាអាចនឹងជោគជ័យ១០០%នោះទេ។ តែមិនមែនមានន័យថា អាជីវកម្មបើកដំបូងមិនចំណេញទាំងអស់នោះទេ គ្រាន់តែភាគរយខាត ច្រើនជាងចំណេញ។

ការបើកអាជីវកម្មដំបូង អាចត្រូវចំណាយការខាតបង់យ៉ាងហោចណាស់ក៏៣ខែដែរ អាស្រ័យលើអាជីវកម្មតូច ឬក៏ធំ ហើយយើងត្រៀមលុយបម្រុងសម្រាប់រយៈពេលនេះ។ តែអ្វីដែលសំខាន់ ត្រូវចាប់ផ្តើមពីតូច ធ្វើឲ្យខ្លាំង ឲ្យខ្លឹម ឲ្យមំា នោះយើងនិងអាចអភិវឌ្ឍន៍ឲ្យអាជីវកម្មមួយធំ និងមានស្ថេរភាពមិនខាន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here