ចិនសម្រេចមហិច្ឆតាធំឆ្នាំនេះ បង្កើតទូរស័ព្ទអេក្រង់បត់បានមុនគេ បន្ទាប់ពីកូរ៉េ

0
198

ក្រោយស្ងាត់ស្ងៀមរឿងស្មាតហ្វូនអស់មួយរយៈរបស់ក្រុមហ៊ុនយក្សធំៗដូចជា Apple និង Samsung មក ពេលនេះក៏បានលេចឭដំណេងថ្មីចេញមកទៀតហើយថា ក្រុមហ៊ុនចិនមួយបានបោះទុកវិនិយោគលើស្មាតហ្វូនអេក្រង់អាចបត់បានមុនគេ បន្ទាប់ពីក្រុមហ៊ុនកូរ៉េ ។

យោងតាមប្រភពពី Channel News asia បាននិយាយថា ក្រុមហ៊ុនមួយនៅចិនឈ្មោះ Royal ដែលមានទីតាំងនៅទីក្រុង ក្រុង​សិនជិន បានបោះទុនធំវិនិយោគលើស្មាតហ្វូនជំនាន់ថ្មី សម្រាប់ឆ្នាំ ២០១៩ ប្រភេទអេក្រង់អាចបត់បានយ៉ាងល្អទៀតផង ។

លើសពីនេះដែរ វាជាការបង្ហាញខ្លួនលើកដំបូងរបស់អេក្រង់បត់នៅក្នុង ព្រឹត្តិការណ៍​បច្ចេកវិទ្យាថ្មីៗ CES 2019 កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា កន្លងទៅនេះ ដែលចិនដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញនៅរបកគំហើញថ្មីរបស់ខ្លួននេះ ។

ជាងនេះដែរ ស្មាតហ្វូននេះ ក៏មានរូបរាងកាត់ថេបប្លេតខ្លះដែរ ហើយគេដាក់ឈ្មោះវាថា FlexPai ជាមួយអេក្រង់ថ្មីដែលអាចបត់បានចាប់ពី ០ ដល់ ១៨០ ដឺក្រេ ជាមួយអេក្រង់នៅដំណើរការធម្មតាដដែល រហូតដល់ ២០ម៉ីនដង ។

កូនកាត់ថេបប្លេតនេះដែរ ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៧,៨ អ៊ីញ ជាប្រភេទ AMOLED ដែលធ្លាប់បំពាក់លើស្មាតហ្វូនច្រើនមកហើយលើស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េ Samsung ។

FlexPai នេះ មានទំហំផ្ទុកក្នុងម៉ាស៊ីនធំរហូតដល់ ១២៨ ជីហ្គាបៃ ទៅ ២៥៦ ជីហ្គាបៃ ជាមួយកម្លាំងអូសម៉ាស៊ីនចាប់ពី ៦ ជីហ្គាបៃដល់ ៨ ជីហ្គាបៃផងដែរ ដូច្នេះប៉ុន្នេះ វាស្មើជាមួយនឹងស្មាតហ្វូនដទៃទៀតហើយ ជាពិសេសវាក៏ត្រូវបានប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ផងដែរ ជាមួយឈ្មោះថ្មី គេហៅថា Water OS និង មានថាមពលថ្ម ៤០០០ មីលីអំពែម៉ោងផងដែរ ។

គួរបញ្ជាក់ដែរថា កូនកាត់ថេបប្លេតនេះ មិនមានលក់នៅតាមបណ្ដាប្រទេសផ្សេងក្រៅពីចិននោះទេ ហើយតម្លៃរបស់វាក៏មិនថោកនោះដែរ ដែលក្រុមហ៊ុន Royal បានបង្ហាញតម្លៃរបស់វាខ្ទង់ ១៣០០ ដុល្លារ ។

ដូច្នេះកូនកាត់ថេបប្លេតនេះ វាត្រូវបានកើតឡើងបន្ទាប់ពី Samsung ដែលបានធ្វើមុនរួចមកហើយ តែវាជារបកគំហើញថ្មី មុនបណ្ដាប្រទេសផ្សេងទៀតដូចជាអាមេរិកជាដើម ៕

អត្ថបទដោយ ៖ ឆាំ មករា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here