ធ្វើ App ជួយគេស្វែង​រកកន្លែង​ហាត់ប្រាណ ក្រុមហ៊ុនវៀតណាមមួយនេះបានទុនលុយវិនិយោគខ្ទង់លានដុល្លា

0
106

ការទៅហាត់​ប្រាណជារឿង​មួយចាំបាច់​សម្រាប់ ដោយគ្រូពេទ្យជំនាញ ក៏ដូចជា​បុគ្គលជោគជ័យ​គ្រប់​រូបទូទាំង​សាកលលោកសុទ្ធតែណែរនាំឱ្យមនុស្ស​ទៅហាត់ប្រាណ ប៉ុន្តែ​ពេលខ្លះត្រូវ​អាក់ខានមិនបានទៅវិញដោយសារពិបាករកកន្លែងជាដើម។ ដោយមើលឃើញ​ពីបញ្ហា​នេះសហគ្រិននៅវៀត​ណាមមួយក្រុមបានផលិតចេញនូវ​ App មួយជួយសម្រួលដល់អ្នកដែលចង់​ទៅហាត់​ប្រាណ។

គំនិត​ចាប់ផ្ដើមនៃ App WeFit ត្រូវបានលេចរូបរាង​ឡើង​នៅចុងឆ្នាំ២០១៦ ហើយអាជីវកម្មចាប់ផ្ដើម​ថ្មីនេះមានឱកាស​បានចូលទៅក្នុង​កម្មវិធីជម្រុញនវានុវត្ត​របស់អាជីវកម្មចាប់ផ្តើមថ្មី (VIISA)។ ធ្វើបានពីរ​ឆ្នាំ ក្រុមហ៊ុនដែលមានទីស្នាក់កាលកណ្ដាលនៅទីក្រុង​ហាណូយមួយនេះអះអាងថាទទួលបាន​ការកក់​ច្រើនជាង ១៥ម៉ឺន​ដងស្របពេលជាមួយគ្នាដែលពួកគេបានជួយដល់អាជីវកម្មកន្លែង​ហាត់ប្រាណឱ្យទទួល​បានការរីកចម្រើនបន្ថែម១០ភាគរយ។

អ្នកប្រើប្រាស់ WeFit អាច​ជ្រើសរើសជម្រើសក្នុងការហាត់ប្រាណដើម្បីសុខភាពប្រមាណជា ៣០ ជម្រើស​ រាប់តាំង​ពីកាយវប្បកម្ម ហាត់យូហ្គា រាំ វាយបុក រហូតដល់ហែលទឹក​ជាដើម ដោយអ្នកប្រើប្រាស់អាច​ស្វែង​រក​ទីតាំង​ពេលវេលាហាត់​ដែលខ្លួនឯង​ពេញចិត្ត​ ​អាច​រកគ្រូជំនាញសម្រាប់បង្ហាត់​បង្ហាញបានថែមទៀត ក្រៅពីនេះអ្នកប្រើប្រាស់​ក៏អាច​ធ្វើការ​កក់ទុកមុនចំពោះកន្លែងហាត់ប្រាណច្រើនជាង​១ពាន់កន្លែងនៅ ទីក្រុងហាណូយ និង​ទីក្រុងហូជីមិញ​។

ថ្មីៗនេះផងដែរ WeFit ទើបតែ​ទទួល​បានទុន​វិនិយោគសរុបប្រមាណជា ១ លានដុល្លាពីក្រុមហ៊ុនផ្ដល់ទុនជប៉ុន CyberAgent ក្រុមហ៊ុនផ្ដល់ទុនកូរ៉េ KBInvest និង​ក្រុមអ្នកវិនិយោគ។ កាលពីឆ្នាំ២០១៧ផងដែរ​ ក្រុមហ៊ុននេះក៏ធ្លាប់ទទួលបានទុនពីក្រុមហ៊ុននៅវៀតណាមផងដែរ ដោយកាលណោះទទួលបាន​ទុនប្រមាណជា ១៥៥ ០០០ដុល្លា។

លុយវិនិយោគដែលទើបតែនឹង​បានក្ដៅៗនេះ WeFit បានធ្វើការ​បង្ហើបនៅក្នុង​សេចក្តីថ្លែង​ការណ៍របស់ខ្លួនថា នឹង​ប្រើប្រាស់​ក្នុងការ​ពង្រីកទៅកាន់ទីផ្សាថ្មី ក៏ដូចជា​អភិវឌ្ឍន៍ផលិត​ផលនិងសេវាកម្មបន្ថែមទៀត។ WeFit មិនបានបញ្ចេញជាផ្លូវ​ការ​ថា​ App មួយនេះមានអ្នកប្រើប្រាស់​ប៉ុន្មាននាក់ឱ្យប្រាកដ​នោះទេ គ្រាន់តែ​ដឹង​ថាឥឡូ​​វនេះចំនួនអ្នកប្រើប្រាស់​កៀកៗទៅនឹង​មួយលាននាក់។

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here