លោកសំ កុសល៖ ចង់បង្កើតអាជីវកម្មមួយជោគជ័យ ត្រូវបិទផ្លូវក្រោយឲ្យអស់ជាមុនសិន

0
1002

លោក សំ កុសល ជាស្ថាបនិក និងជាCEO Business Cambodia ​ដែលលោកអ្នកកំពុងតែអាននេះ ហើយគាត់ក៏ជាអ្នកនិពន្ធ និងអ្នកបង្រៀនរកស៊ីឆ្នើមនៅកម្ពុជាផងដែរ។ នៅក្នុងវិឌីអូឃ្លីបមួយរយៈពេលជាង៧នាទី សហគ្រិនដែលនាំគំនិតរកស៊ីថ្មីៗឲ្យប្រិយមិត្តអ្នកអានរូបនេះលើកឡើងថា បើលោកអ្នកចង់បង្កើតអាជីវកម្មមួយជោគជ័យបានយូរឆ្នាំ និងឃើញលទ្ធផលចំណេញធំនោះ លោកអ្នកត្រូវបិទផ្លូវក្រោយឲ្យអស់ជាមុនសិន។

ស្ថាបនិក រកស៊ីខាតជិត៥ឆ្នាំមិនបោះបង់រូបនេះបន្ថែមថា ប្រាកដណាស់ពេលអ្នកមានក្តីស្រមៃមួយច្បាស់លាស់ហើយ ឈានជើងទៅចាប់របរនោះមួយជំហានហើយ តែនៅស្ទាក់ស្ទើរខ្លាចបរាជ័យ ខ្លាចខាត មិនប្តូរផ្តាច់ជាមួយរបរនោះ ហើយនៅតែទុកផ្លូវក្រោយ បម្រុងពេលអាជីវកម្មខ្លួនកំពុងធ្វើដួលនោះ មានន័យថាលោកអ្នកកំពុងដើរផ្លូវខុសហើយ។

ខុសត្រង់ថា លោកអ្នកងាយនឹងបោះបង់ចោលរបរក្នុងក្តីស្រមៃរបស់ខ្លួនដែលកំពុងតែធ្វើនេះណាស់ នៅពេលជួបបញ្ហច្រើនខាតច្រើន ឬរកស៊ីរាប់ខែមិនទាន់ឃើញចំណេញជាដើម។ ដើម្បីដោះស្រាយបញ្ហាចំណុចនេះ លោកផ្តល់យោបល់២ផ្លូវ ដើម្បីរកទុនមកផ្គត់ផ្គង់ការចំណាយអាជីវកម្មបន្ត ទីមួយ លក់ទ្រព្យជាប់ខ្លួនខ្លះនៅពេលខាត ឬជួបវិបត្តិហិរញ្ញវត្ថុ។ និងដំណោះស្រាយទីពីរ លោកអ្នកត្រូវចេះលក់ហ៊ុនចេញខ្លះរកទុនមកបន្តដង្ហើមអាជីវកម្មឲ្យមានដំណើរការបន្តទៀត រហូតដល់ថ្ងៃដែលរកចំណេញឃើញ ហើយអាជីវកម្មនោះនឹងឈរជើងរឹងមាំ ហើយផ្តល់ផលត្រលប់មកអ្នកវិញមិនខាន។

ដោយឡែក បើអ្នកមិនទាន់ចេញរកស៊ីនៅឡើយទេ លោកអ្នកគួរបង្កើតក្តីស្រមៃជាមួយរបរណាដែលជួយមនុស្សបានច្រើន ហើយអាចរកស៊ីបានតកូនតចៅ ពោលគឺ៣ជំនាន់ នោះរបរមួយនេះ មិនងាយនឹងបិទទ្វារឡើយ ហើយវាកាន់តែពង្រីកសក្តានុពលកាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាក្រុមហ៊ុនល្បីៗនៅអាមេរិក និងកូរ៉េជាដើម៕

 

អត្ថបទដោយ៖  Noun Vannak , Start up-Franchise Editor