នាឡិ ចង់ក្លាយខ្លួនជាអ្នកផ្គត់ផ្គង់នំខ្មែរទូទាំងប្រទេស និងនាំចេញក្រៅសុ្រក នាពេលអនាគត

0
1754

នាឡិ គឺជាឈ្មោះរបស់នំខ្មែរដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយយុវជនខ្មែរមួយរូបធ្លាប់ជាក្មេងទូលនំខ្មែរលក់ដើម្បីយកលុយមកសិក្សា និងជាសហគ្រិនដែលហ៊ានបិទក្រុមហ៊ុនអាធីដែលអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ ងាកមកសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ឃើញនំខ្មែរមានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេសនាពេលអនាគត។

តាមរយៈបទសម្ភាសន៍ជាមួយ Business Cambodia សហគ្រិនដែលមានម្តាយជាអ្នកធ្វើនំខ្មែរលក់ដើម្បីយកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារតាំងពីដើមរៀងមក លោក អ៊ិន ច័ន្ទធារ៉ា ស្ថាបនិកនំខ្មែរ នាឡិ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្លួនចង់ឃើញនំខ្មែរដែលបង្កើតឡើងដោយខ្មែរ វត្ថុធាតុដើមធ្វើដោយដៃខ្មែរមាននៅគ្រប់ទីកន្លែង និងជាពិសេសនៅតាមបណ្តាផ្សារទំនើបនានាក្នុងប្រទេសកម្ពុជា។

ស្ថាបនិកនំខ្មែររូបនេះ បានបន្តឱ្យដឹងទៀតថា គោលដៅឆ្នាំថ្មីរបស់នាឡិ ក៏ដូចជាគោលដៅឆ្នាំចាស់ដដែល ព្រោះនាឡិមានគោលបំណងប្រែក្លាយនំខ្មែរដែលមិនសូវមានគេឱ្យតម្លៃ និងជានំដែលគេធ្វើលក់ជាលក្ខណៈគ្រួសារទៅជានំដែលមានយីហោច្បាស់លាស់ មានរោងចក្រផ្ទាល់ខ្លួន ហោះទៅគ្រប់ទីកន្លែងជុំវិញសកលលោក ដោយចាប់ផ្តើមពីខ្មែរជួយគាំទ្រាំផលិតផលខ្មែរ។

ឆ្នាំថ្មីនេះ នាឡិ បានបង្កើតនំខ្មែរដែលមានជាង៦០មុខសម្រាប់ឱ្យអតិថិជនជ្រើសរើស ហើយបានពង្រីកខ្លួនទៅដល់ទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្ពុជាគឺខេត្តសៀមរាប ខណៈបច្ចុប្បន្នកន្លែងលក់រាយនិងបោះដុំគឺនៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើនេះ នាឡិ​ បានបង្កើតស្តរគម្រូ១ដែលមានទីធ្លាធំទូលាយអាចឱ្យអតិថិជនចូលអង្គុយធ្វើការ ដោយមានលក់នំខ្មែរគ្រប់ប្រភេទ បង្អែមខ្មែរគ្រប់ប្រភេទ ការហ្វេបែបសម័យថ្មី រួមទាំងមានការសម្តែងសិល្បៈ ក៏ដូចជាកន្លែងសិក្សាស្វែងយល់ពីសិល្បៈខ្មែរ ផងដែរ។

លោក អ៊ិន ច័ន្ទធារ៉ា បានសង្កត់ធ្ងន់ដែរថា នាឡិ គឺជាយីហោខ្មែរដែលផលិតនំខ្មែរមានគុណភាព និងអនាម័យខ្ពស់បំផុត ពោលគឺមានរូបមន្តធ្វើនំច្បាស់លាស់ និងមានការវេចខ្ចប់យ៉ាងត្រឹមត្រូវ ជាពិសេស នាឡិមិនមានសារជាតិគីមីនោះឡើយ។

ជាមួយគ្នានេះ នាឡិ បានបើកបង្ហាញជាសាធារណៈសម្រាប់អតិថិជនឬអ្នកទទួលលក់បន្តណា ដែលចង់មកទស្សនាកន្លែងធ្វើនំដោយផ្ទាល់អាចមកបាន ព្រោះនាពេលបច្ចុប្បន្នមានអតិថិជនជាច្រើនបានទៅទស្សនាដោយផ្ទាល់រួចមកហើយ។ ហើយបើអតិថិជនធ្វើការបញ្ជាទិញចាប់ពី ៤ម៉ឺនរៀលឡើងទៅ នាឡិនឹងធ្វើការដឹកជញ្ជូនឱ្យទូទាំងរាជធានីភ្នំពេញ ៕

សម្រាប់ព័ត៌មានបន្ថែម៖ Neal – នាឡិ

អត្ថបទដោយ៖ ម៉េង សុងលី​ (Start up Editor)

LEAVE A REPLY

Please enter your comment!
Please enter your name here