ភួង ម៉ាលីន រៀនចប់បរិញ្ញាបត្របសុពេទ្យ មិនធ្វើការអោយគេ ចេញធ្វើម្ចាស់សិប្បកម្មទូភ្ញាស់ពងមាន់

0
2180

“រៀនអោយចេះ ប្រើចំណេះជួយអ្នកក្រីក្រ” នេះជាសម្តីរបស់អតីតនិស្សិតពេទ្យសត្វមួយរូប ដែលសព្វថ្ងៃនេះលោកគឺជាម្ចាស់សិប្បកម្មផលិតទូភ្ញាស់ពងមាន់ ដែលមានទីតាំងនៅខេត្តព្រៃវែង។

លោក ភួង ម៉ាលីន ផ្តើមចេញពីកូនកសិករមកពីខេត្តព្រៃវែង មានឱកាសបានរៀនរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រជំនាញពេទ្យសត្វ នៅសកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ តែនិស្សិតរូបនេះបានដាក់គោលដៅរបស់ខ្លួនតាំងពីនៅរៀនមកម្លេះថា នៅពេលដែលខ្លួនរៀនចប់ត្រូវតែមានជំនាញស្នូលមួយដើម្បីជួយប្រជាកសិករកម្ពុជា។

និស្សិតរូបនេះបានថ្លែងប្រាប់ Business Cambodia ថា៖ ចំពោះមុខរបរផលិតទូភ្ញាស់ពងមាន់ វាមិនមែនជាមុខរបរថ្មីនោះទេ តែខ្ញុំនឹងធ្វើវាអោយក្លាយជានិន្នាការថ្មី នៃការធ្វើផ្លាស់ប្តូរជីវភាពប្រជាជនក្នុងតំបន់ ពោលគឺខ្ញុំនឹងធ្វើអោយប្រជាជនភាគច្រើននៅជុំវិញសិប្បកម្មរបស់ខ្ញុំក្លាយជាអ្នកមានដោយសារតែការចិញ្ជឹមមាន់នេះតែម្តង។

ម៉ាលីន បានបន្តទៀតថា សព្វថ្ងៃទីផ្សារវាធំធេងណាស់សម្រាប់កសិករកម្ពុជា តែអ្វីដែលវាអយុត្តិធម៌សម្រាប់កសិករនៅគឺកង្វះខាតបច្ចេកទេស ដែលជាហេតុធ្វើអោយពួកគាត់គ្មានលទ្ធភាពអាចផលិតនូវផលិតផលណាមួយបានច្បាស់លាស់ដើម្បីដាកលក់ទៅដល់ទីផ្សារ ។

លោកលើកឡើងថា៖ បើខ្ញុំត្រូវការមាន់ ១០០ ក្បាល ជារៀងរាល់ថ្ងៃ វាពឹតជាមិនអាចទៅរួចឡើយសម្រាប់កសិករកម្ពុជា តែបើខ្ញុំធ្វើអោយវាទៅរួច កសិករកម្ពុជានឹងក្លាយជាអ្នកមាន…ហើយអ្វីដែលជាជំហ៊ានដំបូង ដែលយើងកំពុងតែចាប់ផ្តើមគឺការផលិតទូភ្ញាស់ពងមាន់ស្តង់ដារតម្លៃថោកជាងគេមួយ ផ្តល់នៅមធ្យោបាយប្រើប្រាស់យ៉ាងច្បាស់លាស់ និងគាំពារកសិករលើបច្ចេកទេសថែទាំផងដែរ។

ម្ចាស់សិប្បកម្មរូបនេះបន្ថែមថា៖ អាជីវកម្មរីកមិនទាន់បាន ១ ឆ្នាំល្អផង យើងអាចស្វែងរកអតិថិជនបានច្រើន ហើយទូភ្ញាស់រាប់រយគ្រឿងត្រូវបានភ្ញៀវបញ្ជាទិញជាបន្តបន្ទាប់ ហើយយើងនៅតែប្រកាន់គោលការណ៍តម្លៃថោកសមរម្យ បណ្តុះបណ្តាលអោយច្បាស់លាស់ គាំពាលើវ៉ាក់សាំងរហូតដល់អតិថិជនអាចឈរជើងអនុវត្តន៍ខ្លួនឯងបាន។

ចំពោះទូភ្ញាស់ពងដែល ម៉ាលីន កំពុងផលិតមាន ៣ ប្រភេទគឺប្រភេទស្នោ ប្រភេទទូភ្ញាស់ពាក់កណ្តាលស្វ័យប្រវត្តិ និងទូភ្ញាស់ស្វ័យប្រវត្តិ ដែលប្រភេទនីមួយៗមានមុខងារ និងដំណើរការខុសគ្នា ហើយវាពឹតជាសាកសមបំផុតជាមួយមុខរបរចិញ្ជឹមមាន់ ហើយវាអាចរកចំណូលបានច្រើនពីវិស័យមួយនេះផងដែរ ព្រោះសិប្បកម្មរបស់លោកក៏មានជាករប្រឹក្សាលើការប្រើប្រាស់ និងបច្ចេកទេសថែទាំមាន់រហូតអាចចិញ្ជឹមវាអោយធំធាត់ប្រមូលផលបានតែម្តង។

លោកបានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ក្នុងវិស័យនេះ លោកស្វាគមន៍ជានិច្ច ទោះបញ្ជាទិញផលិតផលពីសិប្បកម្ម ឬមិនទិញក៏ដោយចុះ តែចំពោះកង្វល់នានាលើវិស័យនេះលោកស្វាគមន៍គ្រប់ពេលវេលា ក្នុងចេតនាមួយគឺជួយគ្នាដោះស្រាយដើម្បីប្រជាជនកម្ពុជារបស់យើង៕ ទំនាក់ទំនង៖ 070 77 84 24/ 071 60 12 046

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here