មិនធ្លាប់ចូលសាលាគំនូរ តែយុវជននេះ អាចចាប់អាជីវកម្មគំនូរ រកចំណូលខ្ទង់ពាន់ដុល្លារ/ខែ

0
193

យុវជនខ្មែរម្នាក់ ដែលមិនធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញគំនូរនៅសាលាវិចិត្រសិល្បៈ តែអាចចាប់អាជីវកម្មគូរគំនូរ រកចំណូលបាន ពី ១ពាន់ដុល្លារ​ ទៅ ៨ពាន់ដុល្លារអាមេរិកក្នុងមួយខែ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia យុវជន ឈន វិច្ឆិកា ប្រធានក្រុម Cambodia Doodle Club ដែលជាក្លឹបគូរគំនូរ បែប Doodle បានឲ្យដឹងថា រូបគេបានបង្កើត Cambodia Doodle Club ដំបូងកាលពីឆ្នាំ ២០១៤ ដែលពេលនោះមានតែខ្លួនឯងម្នាក់ប៉ុណ្ណោះជាសមាជិក។ ឈន វិច្ឆិកា បានបញ្ជាក់ថា រូបគេបានបង្កើត​ Cambodia Doodle Club ឡើងគឺដើម្បីជួយមិត្តភ័ក្តឲ្យមានការងារធ្វើ ហើយក៏ចាប់ជាអាជីវកម្មគូរគំនូផ្ទាល់ខ្លួនផងដែរ។

វិចិត្រករវ័យក្មេងរូបនេះ បានបន្តទៀតថា ដំបូងឡើយរូបគេជាអ្នកការធ្វើរត់តុម្នាក់ តែដោយសារមានចំណងចំណូលចិត្តខាងការគូរគំនូរ ដូច្នេះក៏បានស្រាវជ្រាវសិក្សារៀនគូរគំនូរតាម website ដោយធ្វើការ download ស្នាដៃគំនូរ បែប doodle របស់វិចិត្រករបរទេសល្បីៗយកមករៀនគូតាម។ បន្ទាប់បានខិតខំរៀនគូរគំនូរដោយខ្លួនឯង រូបគេអាចគូគំនូរ បែប doodle ដែលមើលទៅគួរឲ្យទាក់ទាញប្រកបដោយភាពច្នៃប្រឌិត។

វិចិត្រកររូបនេះ បានបញ្ជាក់ថា ខ្លួនបានចេញស្នាដៃគូគំនូរឲ្យគេដំបូងនៅហាងមួយក្បែរសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ហើយចាប់តាំងពីពេលនោះមកស្នាដៃរបស់គេទទួលបានការគាំទ្រជាបន្តបន្ទាប់​ ដែលធ្វើឲ្យគេអាចរកទីផ្សារបានរហូតដល់បច្ចុប្បន្ននេះ។

យុវជន ឈន វិច្ឆិការ បានបន្ថែមទៀតថា គំនូរបស់គេភាគច្រើនគឺ ទទួលគូរឲ្យ ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹប និង pub ដោយគូនៅតាមជញ្ជាំងជាលក្ខណៈម៉ៅការ ដែលគូរឲ្យគេម្ដងៗអាច រកចំណូលបានពី ៨០០ ទៅ ៣០០០ដុល្លារទៅតាមទំហំកិច្ចការ ហើយចំណាយពេលយ៉ាងយូរ ៨ថ្ងៃក្នុងការគូរលើជញ្ជាំង។ យុវជនរូបនេះបានបញ្ជាក់ថា ថ្វីត្បិតតែលោកគូរគំនូរបែប doodle តែគេបានគូរលាយបញ្ចូលជាមួយនឹងរចនាបទបែបខ្មែរ ជាពិសេសលោកបានព្យាយាមរកនូវអ្វីដែលថ្មីៗ ដើម្បីឲ្យស្នាដៃគំនូរកាន់តែមានភាពរស់រវើក ប្រកបដោយភាពច្នៃប្រឌិតផងដែរ។

វិចិត្រករក្មេងខ្មីរូបនេះ បាន​បង្ហើបថា ក្នុងមួយខែៗ រូបគេអាចរកម៉ូយបាន ៥ ទៅ៦នាក់ ហើយក្នុងមួយខែ អាចរកប្រាក់ចំណូលបាន ១ពាន់ដុល្លារ ២ពាន់ដុល្លារ ហើយអាចដល់ ៨ពាន់ដុល្លារក៏មានដែរ។ វិចិត្រករ ឈន វិច្ឆិកា បានឲ្យដឹងថា បច្ចុប្បន្ននេះ Cambodia Doodle Club មានសមាជិក ចំនួន ៣នាក់ហើយរួមទាំងរូបគេ ហើយ រូបគេនឹងព្យាយាមរកនូវគំនិតថ្មីៗ ដើម្បីស្នាដៃគំនូររបស់គេកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here