ប្រើបណ្តាញសង្គមច្រើនហួសហេតុ នាំឲ្យមនុស្សកើតជម្ងឺបាក់ទឹកចិត្ត ជាពិសេសក្មេងស្រី

0
939

ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ឬ Depression បានក្លាយជាប្រធានបទក្តៅគគុកទាំងក្រៅស្រុកនិងក្នុងស្រុក ហើយបានការសិក្សាផ្សេងៗគ្នាបានបញ្ជាក់ថា ជម្ងឺបាក់ទឹកចិត្តនេះកើតឡើងដោយសារការប្រើប្រាស់បណ្តាញសង្គមច្រើន ជាពិសេសវាកើតឡើងចំពោះក្មេងស្រី ។

ប្រភពពី New York Post ទើបតែចុះផ្សាយកាលពីសប្តាហ៍មុននេះបានបង្ហាញ របាយការណ៍ពីគ្លីនិកសុខភាព Lancet’s EclinicalMedicine ដែលបានធ្វើការសិក្សាពីទំនាក់ទំនងរវាងជម្ងឺបាក់ទឹកចិត្តនិងបណ្តាញសង្គម ដោយប្រើប្រាស់ទិន្នន័យ ១១០០០ លើយុវវ័យអាយុជាធម្យម ១៤ ឆ្នាំនៅចក្រភពអង់គ្លេស ។ គេរកឃើញថា ក្មេងស្រីៗភាគច្រើនកើតជម្ងឺធ្លាក់ទឹកចិត្តដោយសារប្រើបណ្តាញសង្គមច្រើនជាងមនុស្សប្រុស ។

ឧទាហរណ៍ថា ក្មេងស្រី ៤០% បានចំណាយពេលលើសពី ៥ ម៉ោងលើការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook ឬ Instagram តែងតែបង្ហាញសញ្ញាធ្លាក់ទឹកចិត្ត ធៀបជាមួយក្មេងប្រុសមានត្រឹមតែ ១៤.៥% ប៉ុណ្ណោះ ។ ជាមួយគ្នានេះ គេរកឃើញថាក្មេងស្រីចំណាយពេលលេងបណ្តាញសង្គមច្រើនជាងក្មេងប្រុស ខណៈដែលក្មេងស្រី ២ នាក់ក្នុងចំណោម ៥ នាក់បានចំណាយពេលលើសពី ៣ ម៉ោងក្នុងថ្ងៃជាមួយវា ចំណែកឯក្មេងប្រុសវិញមានតែម្នាក់ក្នុងចំណោម ៥ នាក់ប៉ុណ្ណោះ ។

លើសពីនេះស្រីៗច្រើនតែមានបញ្ហាដេកមិនលក់លើសប្រុសៗពីរដង ខណៈដែលអ្នកស្រាវជ្រាវជឿថានៅក្នុងចំណោមហេតុផលជាច្រើន បណ្តាញសង្គមជាផ្នែកមួយជះឥទ្ធិពលដល់ពួកគេ ហើយហេតុផលដ៏សាមញ្ញនោះ ការដែលដេកមិនគ្រប់គ្រាន់នេះហើយជាសញ្ញាអូសទាញទៅកាន់ជម្ងឺធ្លាក់ទឹកចិត្ត ឬហៅថា depressive symptoms។

លោក Stephen Scott នាយកផ្នែកស្រាវជ្រាវមកពីមហាវិទ្យាល័យ King’s College London បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមលើសកម្រិតនឹងនាំមនុស្សទៅរកការខ្វះទំនុកចិត្តលើខ្លួនឯង ជាពិសេសបញ្ហាសុខភាពផ្លូវចិត្ត ។

ឧទាហរណ៍សាមញ្ញផ្សេងទៀត មនុស្សស្រីភាគច្រើនកើតរោគសញ្ញាធ្លាក់ទឹកចិត្ត នៅពេលពួកមិនពេញចិត្តជាមួយរូបរាងរបស់ខ្លួន មានន័យថាពួកគេចាប់ផ្តើមមានអារម្មណ៍ច្រណែនជាមួយរូបរាងអ្នកក្នុងបណ្តាញសង្គម ដែលខ្លួនឯងមិនអាចធ្វើទៅរួច ។ ដំណាក់ដំបូងគេហៅបញ្ហានេះថា ជម្ងឺមើលងាយខ្លួនឯង ដែលវាជាផ្នែកមួយនៃរោគសញ្ញានាំឲ្យកើត ជម្ងឺផ្លូវចិត្ត ឬ បាក់ទឹកចិត្ត ។

ការសិក្សាកន្លងមកក៏បានបញ្ជាក់ថា កំណត់ម៉ោងក្នុងការប្រើប្រាស់ Facebook និងបណ្តាញសង្គមផ្សេងៗ នឹងជួយឲ្យអ្នកកាត់បន្ថយភាពឯកកា និងជម្ងឺធ្លាក់ទឹកចិត្តបានច្រើន នេះបើតាមការស្រាវជ្រាវពីសកលវិទ្យាល័យ Pennsylvania ។

ការសិក្សានេះបានធ្វើឡើងលើសិស្សកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ១៤៣ នាក់ ដែលត្រូវគេបែងចែកជា ២ ក្រុម ។ ក្រុមទីមួយត្រូវបានកំណត់ឲ្យលេង Facebook ធម្មតា និងក្រុមទីពីរ ត្រូវបានកំណត់ម៉ោងប្រើ Facebook ត្រឹមតែ ១០ នាទី ក្នុងមួយថ្ងៃ ដោយឲ្យពួកគេ Screen Shoot ពេលវេលាឲ្យអ្នកស្រាវជ្រាវរាល់ថ្ងៃ ។

តាមការពិសោធន៍ គេបានរកឃើញថាក្រុមសិស្សដែលប្រើ Facebook មានពេលកំណត់ ពួកគេបានកាត់បន្ថយការធ្លាក់ទឹកបានច្រើន ។ មានសិស្សម្នាក់បានលើកឡើងថា គាត់មានអារម្មណ៍ថា មិនបានប្រៀបធៀបខ្លួនឯងទៅនឹងជីវិតអ្នកដទៃដែលរស់នៅល្អជាងខ្លួន ហើយក៏មានអារម្មណ៍ថាវិជ្ជមានច្រើនពីខ្លួនឯងនៅកំឡុងពេលធ្វើការពិសោធន៍នេះ ។

ការសិក្សាផ្សេងទៀតក៏បានចេញលទ្ធផលស្រដៀងគ្នាដែរ តាមរយៈការយកទឹកមាត់របស់អ្នកប្រើបណ្តាញសង្គមលើស ៣ ម៉ោងក្នុងមួយថ្ងៃទៅពិនិត្យ ដើម្បីវាស់កម្រិត cortisol ដែលជាអរម៉ូននៃការស្ត្រេស ។

ជាលទ្ធផលគេរកឃើញថា នៅពេលមនុស្សចាប់ផ្តើមបើកវាបាន ១ ទៅ ២ នាទី រហូតដល់ ១ ទៅ ២ ម៉ោងពួកគេអាចនឹងមានអារម្មណ៍ថា ធុញធប់ ស្មុគស្មាញច្រើន ឬគ្មានផលិតភាពការងារជាដើម ។

ជារួមមក ក្នុងការស្រាវជ្រាវជាច្រើនសុទ្ធតែផ្តោតលើមាតិកានៅលើបណ្តាញសង្គម ខណៈដែលមាតិកាចម្រុះទាំងនោះបានបង្វែរការគិតរបស់មនុស្សទៅរកការគិតមួយផ្សេង ជាពិសេសអ្វីដែលគួរឲ្យព្រួយបារម្ភនោះជាអ្វីដែលគេហៅថា និន្នាការបណ្តាញសង្គម ឬ Social Media Trends ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here