លោកស្រីអាន សុធីតា៖ រកស៊ីវិស័យអចលនទ្រព្យមិនស្រួលទេ បើតែស្រឡាញ់ មានគោលដៅខំរកស៊ីនឹងជោគជ័យ

0
302

កម្ពុជាមានបុគ្គលជោគជ័យលើវិស័យអចលនទ្រព្យហាក់មិនទាន់មានចំនួនច្រើននោះទេ បើធៀបប្រទេសជិតខាង និងក្នុងតំបន់ ព្រោះតែកម្ពុជាទើបតែមានការអភិវឌ្ឍន៍ខ្លាំង ក្នុងរយៈកាលប្រាំឆ្នាំចុងក្រោយនេះ។ ភាពជោគជ័យលើវិស័យអចលនទ្រព្យមិនមែនជារឿងងាយស្រួលពេកទេ លុះត្រាតែជាបុគ្គលដែលស្រឡាញ់វិស័យនេះ និងព្យាយាមប្រឹងប្រែងធ្វើការងារខ្លាំងបំផុត។

លោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុនCBRE Cambodia ថ្លែងប្រាប់Business Cambodia ថា «ខ្លួនបានចាប់ផ្តើមការងារនៅក្រុមហ៊ុន CBRE នៅឆ្នាំ២០១០ ជាពេលវាលា ដែលវិស័យអចលនទ្រព្យ នៅកម្ពុជា​ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ» ចាប់ផ្តើមក្នុងតួនាទីជាគណនេយ្យករនៅក្នុងក្រុមហ៊ុន​ហើយផ្លាស់ប្តូជំនាញជាអ្នកលក់និងអ្នកគ្រប់គ្រង ក្នុងរយះពេលពីរឆ្នាំ នាយិការូបនេះបន្តថា «ថ្នាក់ដឹកនាំក្រុមហ៊ុនបើកឱកាសឱ្យបុគ្គលិកអាចរៀនផ្នែកផ្សេងៗពីក្រុមហ៊ុនបាន ហើយវាជាឱកាសល្អសម្រាប់រូបលោកស្រីផ្ទាល់ ផ្លាស់ប្តូរពីគណនេយ្យទៅជំនាញថ្មី ដែលមិនធ្លាប់គិតថាអាចធ្វើបាន»

ការអភិវឌ្ឍខ្លួនឱ្យទៅជាបុគ្គលិកមានសមត្ថភាពបាន កើតចេញពីការរៀនសូត្រអំពីការងារ បទពិសោធន៍ជាក់ស្តែង ជាពិសេសមានការជំរុញលើទឹកចិត្ត ការគាំទ្រផ្តល់យោបល់ពីសំណាក់ ថ្នាក់ដឹកនាំក្រុមហ៊ុននិងអតិថិជនតែម្តង។ មិនយូរប៉ុន្មានក៏បានទទួលចំណេះដឹង និងពិសោធន៍រហូតឈានដល់ការកាន់កាប់តំណែង ជានាយិកាក្រុមហ៊ុនលំដាប់អន្តរជាតិនេះ។

កត្តាសំខាន់ក្នុងការជំរុញទឹកចិត្តឱ្យជោគជ័យមកដល់ថ្ងៃនេះ កើតចេញពីការស្រឡាញ់លើវិស័យអចលនទ្រព្យ បុគ្គលម្នាក់ៗតែងមានចំណង់ចំណូលចិត្តខុសៗគ្នា មួយវិញទៀតការធ្វើការងារមិនដើម្បីតែលុយមួយមុខនោះទេ ព្រោះតាំងពីចូលបម្រើការងារដំបូងលោកស្រីប្រឹងប្រែងរៀនសូត្រណាស់ រហូតក្លាយជាបុគ្គលជោគជ័យក្នុងស្ថាប័ន។

លោកស្រីបានបញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំង ហើយសហគ្រិនភាគច្រើនគិតថា ជាវិស័យងាយស្រួលក្នុងការរកស៊ី តែមិនដូចការគិតនោះទេ ព្រោះជាបទពិសោធន៍ឃើញមានក្រុមហ៊ុនបរាជ័យ ព្រោះវិស័យនេះមានរឿងរ៉ាវជាច្រើនដែលត្រូវរៀនសូត្រ។

«ក្រុមហ៊ុនមួយទទួលបានជោគជ័យ ឬផ្តល់សេវាកម្មក្នុងរយៈពេលយូរទៅបាន លុះត្រាយើងមានជំនាញ ពិសោធន៍ច្បាស់លាស់ ភាពស្មោះត្រង់ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសអាចព្យាករណ៍និន្នាការទីផ្សារនៅពេលខាងមុខបាន សម្រាប់ផ្តល់ឱ្យអតិថិជន»។

បន្ថែមពីលើនេះ បើយុវជនចង់ចេញរកស៊ីវិស័យនេះ ជាពិសេសភ្នាក់ងារអចលនទ្រព្យ យ៉ាងហោចណាស់ក៏មានបទពិសោធន៍៥ឆ្នាំដែល ហើយត្រូវតែរៀបចំផែនការឱ្យបានច្បាស់លាស់។ ត្រូវមានបទពិសោធន៍ការងារជាក់ស្តែង ចំណេះដឹងផ្នែកអចលនទ្រព្យ មិនត្រឹមតែប៉ុណ្ណោះ គឺដំណើរការទាំងមូលនៃអាជីវកម្មតែម្តង ហើយវាត្រូវការពេលក្នុងការសិក្សារៀនសូត្រផ្ទាល់។ ជាពិសេសផែនការការងារ យុទ្ធសាស្ត្រ ជំនាញគ្រប់គ្រងសុទ្ធសឹងតែរឿងត្រូវគិត មិនអាចខ្វះបានសម្រាប់ចេញរកស៊ី។

ចេញរកស៊ីលើវិស័យនេះ មិនស្រួលនោះទេ មានបញ្ហាប្រឈមច្រើន ជាពិសេសស្ត្រីតែម្តង តែមិនមែនមានន័យថា មានបញ្ហាខ្លាំងរហូតដល់យើងមិនអាចចេញរកស៊ីបាននោះទេ តែទាមទារឱ្យមានការតាំងចិត្តអំណត់ខ្ពស់ ព្យាយាមប្រឹងប្រែងធ្វើខ្លាំងណាស់។

លោកស្រីបានបញ្ជាក់ថា កម្ពុជានៅខ្វះអ្នកជំនាញច្រើន បើទោះបីវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនក្តី ហើយនៅពេលខាងមុខសង្ឃឹមថានឹងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈលើផ្នែកអចលនទ្រព្យដូចប្រទេសដទៃ ក្នុងការបណ្តុះបណ្តាលអ្នកជំនាញ សម្រាប់អភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើន។ មួយវិញទៀត អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់គួរប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តវិនិយោគគម្រោងណាមួយ ត្រូវតែគិតគូរឱ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហាប្រឈមនៅពេលអនាគត ព្រោះវិស័យនេះចំណេញច្រើន តែហានិភ័យខ្ពស់ផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here