៦ចំណុច ពីម្ចាស់យីហោបោកអ៊ុតទំនើប សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មពីសូន្យទៅ

0
755

ទម្រាំក្លាយខ្លួនជាសហគ្រិនមួយរូប ដែលមានគេស្គាល់ច្រើននាពេលបច្ចុប្បន្ន ​និងមានយីហោបោកអ៊ុតទំនើប ព្រមទាំងយីហោយក្សាបោកអ៊ុតនៅក្នុងដៃ លោក ហែម ហេម៉ា ធ្លាប់ជាសហគ្រិន​មួយរូបដែលរកស៊ីបរាជ័យច្រើនបំផុតនៅក្នុងជីវិត។ បរាជ័យរហូតធ្វើឱ្យជីវិតធ្លាក់ដល់កម្រិតក្រោមសូន្យទៅទៀត មុននឹងអាចគ្រង់គ្រងយីហោដែលមានរាប់រយសាខានៅក្នុងប្រទេសកម្ពុជាបាន។

ទន្ទឹមនឹងភាពជោគជ័យលើវិស័យជំនួញស្ថាបនិកយីហោបោកអ៊ុតទំនើបរូបនេះ បានបង្ហើបពីតិចនិកសំខាន់ៗចំនួន០៦ ដើម្បីឱ្យយុវជនជំនាន់ក្រោយដែលមានបំណងចាប់ផ្តើមអាជីវកម្មពីសូន្យយកទៅអនុវត្តន៍។ តិចនិកទាំងនោះ រួមមានដូចខាងក្រោម៖

១.ចាប់ផ្តើមសន្សំលុយ

ដើម្បីអាចធ្វើអាជីវកម្មបាននាពេលអនាគត អ្នកត្រូវតែជាមនុស្សម្នាក់ដែលចេះសន្សំ និងបែងចែកការចំណាយឱ្យបានត្រឹមត្រូវជាមុនសិន។ ជាការពិត បើគ្រាន់តែប្រាក់ប្រចាំខែរបស់អ្នក អ្នកមិនអាចគ្រប់គ្រងបានផង តើធ្វើមិចអ្នកអាចគ្រប់គ្រងចំណូលរបស់ក្រុមហ៊ុន ឬអាជីវកម្មទាំងមូលបានទៅ។ ដូច្នេះ អ្នកគួរតែរៀនពីរបៀបគ្រង់គ្រងការចំណាយប្រចាំខែរបស់អ្នកឱ្យបានល្អិតល្អិនបំផុត។

២. បន្តការងារដដែល និង ខិតខំឱ្យកាន់តែខ្លាំង

ជាការពិតណាស់ លុយមិនដែលនៅជាមួយបុគ្គលណាដែលធ្វើការតិច ហើយចង់បានលទ្ទផលច្រើននោះឡើយ។ ដូច្នេះ អ្នកមិនគួរធ្វើខ្លួនជាមនុស្សកំជិលនោះទេ ព្រោះបើអ្នកកំជិល ពេលអ្នកបើកអាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួនអ្នកនឹងខ្ជិលដូចគ្នា។

៣. ឆ្លៀត

ប្រសិនបើអ្នកកំពុងបម្រើការងារឱ្យគេ​ អ្នកមិនគួរចាំៗរហូតអស់មួយជីវិតនោះឡើយ អ្នកគួរតែឆ្លៀតធ្វើអាជីវកម្មដែលអ្នកចង់ធ្វើនោះបណ្តើរៗទើបល្អ ហើយការឆ្លៀតទៀតសោធ មិនមែនឱ្យអ្នកលួចម៉ោងធ្វើការរបស់ក្រុមហ៊ុននោះទេ ពោលគឺឆ្លៀតនៅពេលដែលអ្នកបញ្ចប់កិច្ចការរបស់ក្រុមហ៊ុនរួច។

៤. ចាប់ផ្តើមពីតូច

លោក ហែម ហេម៉ា បានពន្យល់ថា កាលពីមុនខ្ញុំចង់ធ្វើឱ្យយីហោបោកអ៊ុតទំនើបរបស់ខ្ញុំធំខ្លាំងណាស់ ព្រោះមើលទៅឡូយ ក៏ប៉ុន្តែជាក់ស្តែង តូចៗទើបសប្បាយរហូត ព្រោះយើងកើនទៅមុខបន្តិចម្តងៗជានិច្ច ហើយមិនសូវមានហានិភ័យថែមទៀតផង។

៥. ធ្វើដោយខ្លួនឯងសិន

ដើម្បីទុកជាមេរៀនសម្រាប់កូនចៅ ខ្ញុំបានចាប់ផ្តើមអាជីវកម្មទាំងត្រដាប់ត្រដួស ពោលគឺធ្លាប់ជាអ្នកដើរទិញអេតចាយ ធ្វើជាជាងដែក ជាងឈើសព្វមុខ ហើយនៅពេលខ្ញុំបើកយីហោបោកអ៊ុតទំនើបដំបូង ខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ទាំងការងារគណនេយ្យដែលខ្លួនខ្ញុំផ្ទាល់ចេះតិចៗ ព្រោះដោយសារតែគ្មានលុយជួលបុគ្គលិកមកធ្វើការ។

៦. ចាប់ផ្តើមស្តង់ដារ

លោក ហែម ហេម៉ា បានសង្កត់ធ្ងន់ថា នៅពេលដែលអាជីវកម្មរបស់យើងបើកដំណើរការទៅរលូនហើយនោះ យើងត្រូវតែរៀបចំវាឱ្យមានជាលក្ខណៈស្តង់ដារ ពោលគឺទាំងការតុបតែងក្នុងហាង និងរូបមន្តបោកអ៊ុតផ្សេងៗ ត្រូវតែមានលក្ខណៈស្តង់ដារទាំងអស់។ ព្រោះយើងចង់ឃើញវានៅដំណើរការរហូត ទោះបីជាយើងមិននៅក៏ដោយ ៕

អត្ថបទដោយ៖ ម៉េង សុងលី (Start up Editor)

LEAVE A REPLY

Please enter your comment!
Please enter your name here