ដាច់ឆ្នាំ២០១៨ភ្លាម! ធនាគារ CIMB​ឈ្នះពានធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជា​ ខណះដែលប្រាក់ចំណេញ​របស់ខ្លួនមានការកើនទ្បើងខ្លាំង

0
720

ថ្មីៗនេះធនាគារ ស៊ីអាយអិមប៊ី (ធនាគារ CIMB)​នៅកម្ពុជា បានឈ្នះពានរង្វាន់ «ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា» ពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីល្បាញ Asiamoney ប្រចាំឆ្នាំ២០១៨ ខណះពេលដែលប្រាក់ចំណេញរបស់ខ្លួនមានការកើនទ្បើងខ្លាំង។

ពានរង្វាន់នេះបានផ្តល់មកធនាគារ CIMB  ស្របពេលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ បានកើនឡើងរហូតដល់ ៧ដង ពី២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដល់ ១៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ហើយទ្រព្យសកម្មរបស់ធនាគារបានកើនឡើង ជាង ២ដង ពី ៣៥៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ រហូតដល់ ៨៦៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។

ភាពរីកចម្រើន ប្រកបដោយស្ថេរភាព និងសុភវិនិច្ឆ័យនេះ បានជម្រុញឲ្យមានភាពរីកចម្រើន នៃទំហំឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ CIMB ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ ៣២% និង ៣០% ពី២០៩លានដុល្លារអាមេរិក និង២៦៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ រហូតដល់ ៥៤៥លានដុល្លារអាមេរិក និង ៧០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ធនាគារ CIMB ក៏រក្សាបាននូវគុណភាពនៃឥណទានគ្រប់ប្រភេទ ដែលបានផ្តល់ដល់អតិថិជនរបស់ខ្លួនផងដែរ ជាមួយនឹងកម្រិតឥណទានមិនដំណើរការទាប ០,១៩% ភាគរយប៉ុណ្ណោះ បើធៀបនឹងវិស័យធនាគារទាំងមូលមានរហូតដល់ ២,៤០%។

ជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប ដែលមានបណ្តាញយ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវសេវាកម្ម និងផលិតផល ទាំងនៅក្នុងស្រុក និងឆ្លងតំបន់ ប្រកបដោយអត្ថប្រយោជន៍ខ្ពស់។ ជាមួយនឹងសេវាកម្មបណ្តាញអេធីអិមប្រចាំតំបន់ អតិថិជនអាចដកប្រាក់នៅតាមម៉ាស៊ីនអេធីអិម ដោយឥតគិតថ្លៃ ក្នុងតំបន់អាស៊ាន ទៅតាមរូបិយបណ្ណប្រទេសនីមួយៗ ជាមួយនឹងអត្រាប្តូរប្រាក់ដ៏ល្អប្រសើរ។ តាមរយៈសេវាកម្មធនាគារជាន់ខ្ពស់ CIMB Preferred អតិថិជនអាចរីករាយនឹងបុព្វសិទ្ធិពិសេស សម្រាប់ការប្រើប្រាស់សេវាកម្មធនាគារ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត ទូទាំងតំបន់អាស៊ានផងដែរ។

ក្រៅពីនេះ អតិថិជនរបស់ធនាគារ CIMB អាចផ្ទេរប្រាក់ឆ្លងប្រទេស កាន់តែឆាប់រហ័ស ប្រកប​ដោយ​សុវត្ថិភាពខ្ពស់ ក្នុងថ្ងៃតែមួយ ជុំវិញតំបន់អាស៊ានទៀតផង។ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ លើសេវាកម្ម និងផលិតផលធនាគាររបស់ខ្លួន ធនាគារ CIMB បានសម្ពោធគម្រោង HomePro ដែលឥណទានគេហដ្ឋានភ្ជាប់មកជាមួយការធានារ៉ាប់រងអាយុជីវិត មានតម្លៃរហូតដល់ ៥០.០០០ដុល្លារអារមេរិក។ ជាមួយនឹងអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរ ធនាគារ CIMB បានក្លាយជាធនាគារឈានមុខគេមួយ ផ្នែកឥណទានគេហដ្ឋាន ក្នុងទីផ្សារប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង៨ឆ្នាំ នៃការឈានចូលក្នុងទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ២០១០មក ធនាគារ CIMB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប បានពង្រីកបណ្តាញសាខារបស់ខ្លួន រហូតទៅដល់ ១៣សាខា ដែលក្នុងនោះ ៩សាខា នៅរាជធានីភ្នំពេញ និង ៤សាខាទៀត នៅតាមបណ្តាខេត្តសំខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម រួមជាមួយនឹងទីតាំង Preferred Centre ចំនួន៨ទៀត នៅទូទាំងប្រទេសផងដែរ។ ជាមួយនឹងអតិថិជនសរុប ជាង ២៦,០០០នាក់ ធនាគារ ស៊ីអាយអីមប៊ី បានផ្តល់ជូននូវសេវាកម្ម និងផលិតផលធនាគារយ៉ាងទូលំទូលាយ រួមមានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងប្រតិបត្តិការ៕

អត្ថបទរៀបចំដោយ: Business Cambodia