ផ្នត់គំនិតសាមញ្ញៗបីនេះ ជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកខ្មែរមួយទទួលទុនវិនិយោគ ២ លានដុល្លារ

0
333

រឿងដែលសំខាន់ និងអាចនិយាយបានថាលំបាកមួយក្នុងចំណោមរឿងជាច្រើនទៀតសម្រាប់អាជីវកម្មចាប់ផ្ដើមថ្មីថ្មោង ឬក៏Startup នោះគឺការរកទុនពីអ្នកវិនិយោគ ហើយនៅកម្ពុជាយើងវិញ ពុំសូវឃើញក្រុមហ៊ុនណាទទួលបានទុនច្រើនរហូតដល់ខ្ទង់លានដុល្លានោះទេ។

ប៉ុន្តែមានក្រុមហ៊ុនទើបតែនឹងចាប់ផ្ដើមថ្មីមួយជំនាញខាងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញតែម្ដង ឈ្មោះថាClik ទើបតែទទួលបានទុនក្តៅៗប្រមាណជា២លានដុល្លារនៅដើមខែនេះ ពីក្រុមហ៊ុនវិនិយោគនៅសិង្ហបុរី Limestone Technology និងក្រុមហ៊ុន OpenWay ព្រមទាំងក្រុមអ្នកវិនិយោគក្នុងស្រុក ក្រៅដ៏ទៃទៀត។

ក្នុងបទសម្ភាសន៍មួយជាមួយ Business Cambodia សហស្ថាបនិកមួយរូបរបស់ Clik លោក Matthew Tippetts បានបង្ហើបឱ្យដឹងពីតិចនិចក្នុងការរកទុន ដោយដំបូងឡើយយើងត្រូវតែហ៊ានប្រើប្រាស់ថវិការរបស់ខ្លួនធ្វើជាទុនសិន ចំណាយកម្លាំងធ្វើដោយខ្លួនឯង ហើយចេញរកស៊ីជាមួយអ្វីដែលយើងមាន។ ដំបូន្មានបន្ទាប់នោះគឺជាការធ្វើឱ្យខ្លួនឯងមិនអាចត្រឡប់ក្រោយបាន ដោយបង្ខំឱ្យខ្លួនឯងត្រូវតែធ្វើវា មិនមានជម្រើសណាផ្សេងក្រៅតែពីខំប្រឹងធ្វើអ្វីដែលយើងធ្វើឱ្យជោគជ័យនោះទេ។

តស៊ូព្យាយាមមិនបោះបង់ជារឿងសំខាន់បំផុតដែលមិនអាចខ្វះបាន ដោយលោក Matthew មានប្រសាសន៍ថា “កុំបោះបង់ កុំយកពាក្យថាទេជាចម្លើយចុងក្រោយ មនុស្សនឹងសើចអ្នក គេអាចនឹងថាអ្នកឆ្កួត ប៉ុន្តែគេគ្រាន់តែនិយាយប៉ុណ្ណឹងឯង ហើយពួកគេមិនអាចរកហេតុផលណាមួយមកបង្ហាញឱ្យច្បាស់ថាអ្នកខុសនោះទេ”។

ការតស៊ូមិនបោះបង់ ការហ៊ានចំណាយទុនផ្ទាល់ខ្លួន និងការដែលខំប្រឹងធ្វើការជាមួយនឹងគំនិតចាប់ផ្ដើមថ្មីល្អ ជាកត្តាដែលធ្វើឱ្យអ្នកវិនិយោគជឿទុកចិត្តលើក្រុមការងារ និងហ៊ានបោះលុយរហូតដល់លានដុល្លារវិនិយោគលើក្រុមហ៊ុនចាប់ផ្ដើមថ្មីមួយនេះ។

សរុបមកកត្តាទាំងនោះបានសាងទំនុកចិត្តកក់ក្ដៅឱ្យអ្នកវិនិយោគ ដោយកញ្ញា  Skye Cornell ក៏បានលើកជាគំនិតបង្ហាញថា “នៅពេលដែលអ្នកវិនិយោគគេវិនិយោគលើអាជីវកម្មមួយ គេវិនិយោគទៅលើមនុស្សដែលធ្វើការលើអាជីវកម្មមួយនោះ”។

គួរបញ្ជាក់ថា Clik ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដោយស្ថាបនិកបីរូបគឺ លោក Matthew Tippetts លោក Darren Jensen និង កញ្ញ  Skye Cornell ក្នុងគោលបំណងផ្ដល់ជូនដល់អ្នកប្រើប្រាស់នូវប្រព័ន្ធទូរទាត់ប្រាក់ដែលមានសុវត្ថិភាព រហ័ស ងាយស្រួល និងសាមញ្ញ ព្រមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសាច់ប្រាក់ទៅវិញទៅមកដោយមិនគិតកម្រៃ។

“ធ្វើវាទៅ បើទោះជាមិនទាន់មានអ្នកណាជឿលើអ្នកក៏ដោយ” – Mathew Tippetts

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here