វិធីសម្ងាត់៣ក្នុងការកសាងយីហោហ្រ្វេនឆាយ សម្រាប់អ្នករកស៊ីថ្មីថ្មោងពីបទពិសោធន៍ហ្រ្វេនឆាយល្បីៗក្នុងស្រុក

0
266

អាជីវកម្មហ្រ្វេនឆាយខ្មែរ បានទាញចំណាប់អារម្មណ៍អ្នករកស៊ី និងអ្នកត្រៀមចេញរកស៊ីឲ្យគិតគូរ ក៏ដូចជាសិក្សាលើការទិញហ្រ្វេនឆាយ និងបង្កើតយីហោខ្លួនឯង ហើយចាប់ផ្តើមលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ បើនិយាយឲ្យអស់ទៅមានចំណុចជាច្រើនដែលធ្វើឲ្យហ្រ្វេនឆាយមួយលក់ដាច់ និងទទួលបានគាំទ្រពីអ្នកទិញជាអតិថិជនចុងក្រោយ មានន័យព្រួញមួយបាញ់បានចាបពី ពោលគឺអ្នកទិញសិទ្ធទៅរកស៊ីបន្ត និងអតិថិជនដែលជាអ្នកប្រើប្រាស់។

នៅក្នុងចំណុចជាច្រើននោះមានចំណុចចម្បង៣ដែលម្ចាស់យីហោត្រូវដាក់ក្នុងអាជីវកម្មរបស់ខ្លួន ហើយមិនអាចខ្វះបានឡើយ បើចង់ឲ្យយីហោហ្រ្វេនឆាយរបស់ខ្លួនកាន់តែឈរជើងរឹងមាំ និងរីកចម្រើន៖

១.កសាងចំណុចពិសេស

ចំណុចដំបូងនេះមានអាជីវកម្មច្រើនណាស់បានធ្វើ តែបើនិយាយក្នុងក្របខ័ណ្ឌហ្រ្វេនឆាយវិញ យីហោផាកកាហ្វេ ធ្វើបានល្អបំផុត ដោយយកចំណុចសុវត្តិភាពមួយនៃម្ហូបអាហារមកទាក់ចិត្តអតិថិជន។ ថ្វីត្បិដថា ចំណុចពិសេសនេះងាយស្រួលបង្កើត ប៉ុន្តែវាក៏ត្រូវការភាពសមស្របជាមួយនឹងអាជីវកម្មរបស់លោកអ្នកផងដែរ ហើយសំខាន់បំផុតនោះគឺផ្សព្វផ្សាយឲ្យដល់អតិថិជនចំគោលដៅ។

២.បើកឲ្យបានច្រើនសាខា

ម្ចាស់យីហោបោកអ៊ុតទំនើប បង្ហើបថា ចង់ធ្វើឲ្យហ្រ្វេនឆាយមួយល្បីលឿន ម្ចាស់យីហោត្រូវបើកឲ្យបានច្រើនសាខា តែមុននឹងបើកសាខា ត្រូវមើលផងថា តើលក់ឲ្យគេបែបណាដែលអ្នកទិញសិទ្ធបន្តអាចរស់បាន និងចំណេញបាន ការនេះម្ចាស់អាជីវកម្មត្រូវរៀបចំឲ្យបានត្រឹមត្រូវ និងល្អិតល្អន់បំផុត។

៣.ស៊ីអារម្មណ៍ខ្លាំង

យីហោមីហិលបានចាប់ចំណុចចុងក្រោយនេះបានល្អបំផុត ដោយស៊ីអារម្មណ៍យុវវ័យ និងមនុស្សចាស់ក្មេងទូទាំងប្រទេស យ៉ាងណាក្តីយីហោមួយនេះនៅតែពិបាកត្រង់ចំណុចមួយគឺ យីហោស្រដៀងគ្នាកើតឡើងជាបន្តបន្ទាប់ ហើយអតិថិជនច្រលំមិនដឹងថា យីហោមួយណាជាម្ចាស់ដើមពិតប្រាកដឡើយ។ តែចង់ឬមិនចង់យើងត្រូវទទួលស្គាល់ថា ស៊ីអារម្មណ៍ គឺជាចំណុចខ្លាំងរបស់យីហោខ្មែរមីហិល៕

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here