ស្ថាបនិកAirbnb៖ ដើរទាត់​ខ្យល់ពិបាករកកន្លែង​ដេក​ធ្វើវេបសាយជួលបន្ទប់ស្នាក់នៅបង្កើតក្រុមហ៊ុនតម្លៃខ្ទង់​ពាន់លានដុល្លា

0
479

នៅពេលមានការឈឺចាប់ពេលជួបប្រទះនឹងបញ្ហា មនុស្ស​ធម្មតា​ភាគច្រើន​រួញរាបោះបង់គេចចេញមិនចង់​ប្រឈម ខណៈដែលមនុស្ស​ដែលមានផ្នត់​គំនិត​ជាសហគ្រិនស្វែង​រកដំណោះស្រាយ​ល្អសម្រាប់ខ្លួនឯងក៏ដូចជាអ្នកដ៍ទៃ ហើយអាចបង្កើត​លុយ ជួយដល់សង្គមជាតិ​បានទៀត​ផង។

រឿងនៃការចាប់ផ្ដើមសេវាកម្មជួលបន្ទប់ កន្លែងស្នាក់នៅ ឬផ្ទះរបស់​ក្រុមហ៊ុនល្បីល្បាញមួយមានឈ្មោះថា Airbnb ប្រហែលជាអាចចាត់ចូលថាអាជីវកម្មចាប់ផ្ដើមថ្មីដែល តស៊ូមិនបោះបង់ និងមានជំនឿជាក់ខ្លាំង​ក្លាទៅលើគំនិតរបស់ខ្លួន។ Airbnb ចាប់ផ្ដើម​ដំបូង​ឡើយដោយស្ថាបនិកពីររូបគឺលោក Brian Chesky និង Joe Gebbia នៅឆ្នាំ២០០៨ ក្រោយមកក៏មានសហស្ថានិកម្នាក់ទៀត​ចូលរួមគឺលោក Nathan Blecharczyk។

ដំបូងឡើយ ពេលពួកគាត់​មកនៅNew Yorkដំបូងនៅឆ្នាំ២០០៧ ពួកគាត់ទាំង​ពីរអត់មានការងារធ្វើ គាប់ជួនពេលនោះ​ពួកគាត់ក៏អត់មានលុយបង់ថ្លៃ​ផ្ទះជួលទៀត ជាហេតុធ្វើឱ្យពួកគាត់ត្រូវគិតរកលុយមកបង់ថ្លៃផ្ទះ។ ពេលនោះពួកគាត់​សម្លឹងមើលឃើញពីឱកាស​ ដោយឃើញថា​គ្រប់បន្ទប់សណ្ឋាគារទាំងអស់ត្រូវបានគេកក់អស់ ធ្វើឱ្យពួកគាត់នឹកឃើញនូវគំនិតមួយគឺបង្កើតប្រព័ន្ធស្វែងរកកន្លែងស្នាក់នៅ។

ចាប់ផ្ដើមដំបូងទាំងពីរនាក់ បានធ្វើការទិញជាគ្រែខ្យល់មួយចំនួន ក្នុងគោលបំណងថាប្រសិនបើអ្នកមកលេងនៅទីនោះ អាចគេងលើគ្រែខ្យល់របស់ពួកគេបាន ដោយមានបន្ថែមឱ្យនូវអាហារពេលព្រឹក។ ពួកគាត់​ចាប់ផ្ដើមយល់ឃើញថាអ្វីដែលពួកគាត់គិតចេញជោគជ័យដោយហេតុតែមានអតិថិជន​ដំបូង​៣រូប។

វេបសាយចាប់ផ្ដើមដំបូងមានមនុស្សតែពីរនាក់ប៉ុណ្ណោះដែលប្រើប្រាស់ ហើយមួយក្នុង​ចំណោមម​នុស្ស​ទាំងពីរ​នាក់គឺលោក Checky។ មួយរយៈក្រោយមក អ្វីៗប្រសើរ​ឡើងវិញបន្តិច​ដោយសារតែមាន​ជំនួបមួយរវាង​លោកអូបាម៉ា​ អតីត​ប្រធានាធិបតីអាមេរិក និងអ្នកគាំទ្រនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ប្រសើរ​ឡើង​ក៏ព្រោះតែមាន​មនុស្ស​ប្រើប្រាស់​សេវាកម្មរបស់ពួកគាត់​ដើម្បីស្វែងរកកន្លែងស្នាក់នៅ ប្រមាណជា៦០០នាក់។

ក្នុងការ​ទ្រទ្រង់គំនិតអាជីវកម្មរបស់ពួកគាត់ ស្ថាបនិកទាំង​ពីរសម្រេចចិត្ត​លក់នូវ​នំសម្រាប់អាហារពេលព្រឹក ដោយពេលនោះបានលុយចំណេញរហូតដល់ទៅ៣ម៉ឺនដុល្លា។ ក្រោយមកដោយមើលឃើញថា​មានអ្នកប្រើប្រាស់សេវកម្មរបស់ពួកគាត់ អ្នកវិនិយោគចាប់ផ្ដើមមានចំណាប់អារម្មណ៍ ហើយការបណ្ដាក់​ទុនលើកទីមួយក៏ចាប់ផ្ដើមកើតឡើង ដោយកាលណោះក្រុមហ៊ុនផ្ដល់ទុនល្បីល្បាញ Y Combinator បានផ្ដល់ទុន​២ម៉ឺនដុល្លា។ យ៉ាងណាក៏ដោយ កម្មវិធីមួយនេះនៅរកចំណូលបានតិចនៅឡើយ ពោលគឺពុំអាចកាត់កង​ថ្លៃចំណាយ រកសាច់ចំណេញឃើញនោះទេ។

ពួកគាត់ក៏បានធ្វើការពង្រីកសេវាកម្មរបស់ពួកគាត់ ដោយមិនត្រឹមតែ​ជួលតែកន្លែង​ដេកមួយយប់ប៉ុណ្ណោះទេ តែ​គ្រប់ប្រភេទនៃកន្លែង​ស្នាក់នៅ។ ត្រឹមខែ​មីនាឆ្នាំ២០០៩ វេបសាយទទួលបានអ្នកប្រើប្រាស់១ម៉ឺននាក់ មានកន្លែងស្នាក់នៅច្រើនជាង​២៥០០កន្លែង​ធ្វើការរកស៊ីជាមួយ។ Airbnbចេះតែរីកធំ រហូតដល់សព្វថ្ងៃនេះ មាន​កន្លែងស្នាក់នៅ២លានកន្លែង​ ពាសពេញពិភពលោកប្រមាណជា១៩០ប្រទេស ៣៤០០០ទីក្រុង មានភ្ញៀវ៤០លាននាក់ប្រើប្រាស់​សេវាកម្មរបស់Airbnb។

 

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here