យុវជនសម័យថ្មី! គួរទិញផ្ទះ ឬខុនដូ សម្រាប់ការរស់នៅ?

0
440

សម័យថ្មីនេះប្រជាពលរដ្ឋខ្មែរកម្ពុជា ស្ទើរតែគ្រប់រូបមានផ្ទះស្នាក់នៅប្រណិតៗ និងមានតម្លៃចាប់ពីមធ្យម រហូតតម្លៃខ្ពស់។ ទំនោរនៃការរស់នៅផ្ទះប្រណិត ហាក់បង្ហាញថា​ ពលរដ្ឋកម្ពុជាមានជីវភាពធូរធារ ដោយឡែកសម្រាប់យុវជនសម័យថ្មីវិញ ហាក់ចង់មានឯករាជ្យច្រើន ជាពិសេសចង់មានអ្វីៗជារបស់ខ្លួនឯង មានដូចជាឡាន របស់ប្រើប្រាស់ និងផ្ទះជាដើម។ Business Cambodia បានសម្ភាសនាយកប្រតិបត្តិក្រុមហ៊ុន Towncity Real Estate លោកវ៉ន ចាន់ថន តើយុវជនសម័យថ្មី គួរទិញផ្ទះ ឬខុនដូសម្រាប់ការរស់នៅ?

លោកវ៉ន ចាន់ថន បានមានប្រសាសន៍ថា សម្រាប់យុវជនការរើសនៅផ្ទះ ឬនៅខុនដូសម្រាប់ស្នាក់នៅត្រូវគិតលើលទ្ធភាព និងអត្ថបទប្រយោជន៍របស់វារៀងៗខ្លួន។ ព្រោះទំាងផ្ទះ និងខុនដូ មានគុណសម្បត្តិដោយឡែកពីគ្នា អាស្រ័យលើទីតំាង និងតម្លៃរបស់វា។ ពេលខ្លះបើយើងមានគ្រួសារហើយ យើងពិបាកក្នុងការទិញខុនដូស្នាក់នៅ ព្រោះខុនដូតូច មិនអាចរស់នៅទំាងគ្រួសារបាន បើរស់នៅផ្ទះវិញមានលក្ខណៈប្រសើរជាង។

លោកបានបន្តថា យើងត្រូវគិតលើផលចំណេញ និងខាត ប្រសិនបើរស់នៅជាយក្រុង លក្ខណៈផ្លូវធ្វើដំណើរតូចចង្អៀត នោះវាខាតពេលក្នុងការធ្វើដំណើរមកធ្វើការកណ្តាលរាជធានីភ្នំពេញ ហើយបើនៅស្ថានភាពបែបនេះគួរតែរស់នៅខុនដូល្អជាង។ ព្រោះមិនសូវចំណាយច្រើន ក្នុងការធ្វើដំណើរទៅមក ហើយខុនដូក៏ងាយស្រួលលក់ និងជួលទៅវិញផងដែរ បើយើងចង់ ព្រោះក្រុងភ្នំពេញសម្បូរបរទេសមកស្នាក់នៅច្រើនណាស់។

ជាការពិតណាស់ មុននឹងទិញផ្ទះ ឬខុនដូ យុវជនគួរគិតគូរឲ្យបានច្បាស់លាស់អំពីអត្ថប្រយោជន៍របស់វា បើទោះជាបច្ចុប្បន្ននេះ មនុស្សមួយចំនួនហាក់មានទំនោរចង់រស់នៅកន្លែងដែលមានផាសុកភាព កន្លែងប្រណិតៗក៏ដោយ។ បើយើងប្រកបការងារ ឬរកស៊ីនៅក្នុងក្រុងវិញ គួររស់នៅខុនដូហាក់មិនសូវចំណាយច្រើន តែបើផ្ទះនៅតាមតំបន់ជាយក្រុង មិនយូរឆ្នាំទេ និងក្លាយជាតំបន់សម្បូរបែបងាយស្រួលរស់នៅមិនចាញ់ទីក្រុងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here