ជប៉ុនគ្រោងបង្កើត Smart City នៅប្រទេសអាស៊ានទាំង ១០ អមជាមួយគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន

0
1562

ជប៉ុនបានប្រកាសគម្រោងចង់បង្កើតទីក្រុងឆ្លាតវៃឬ Smart City នៅទីក្រុងនាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ដោយប្រើប្រាស់បច្ចេកវិទ្យា AI និងឧបករណ៍ដែលភ្ជាប់បណ្តាញអ៊ីនធឺណេតទាំងអស់ដើម្បីដោះស្រាយបញ្ហាធំៗដូចជា ការកកស្ទះចរាចរណ៍ និងការសន្សំសំចៃថាមពលជាដើម ។

ប្រទេសសមាជិកអាស៊ានទាំង ១០ នឹងរៀបចំរចនាសម្ព័ន្ធជាបណ្តាញមួយ ដើម្បីអភិវឌ្ឍន៍បរិយាកាស Smart City ដែលទាក់ទាញ និងជ្រើសរើសយកទីតាំងចំនួន ២៦ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីនេះ ។

ប្រភពពី Nikkei Asia ឲ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃមួយនេះត្រូវបានទទួលស្គាល់និងសន្យាគាំទ្រដោយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ។ ក្នុងនោះ ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះដើម្បីទទួលការប្រជុំជាមួយប្រទេសអាស៊ានទាំងអស់នៅខែតុលាខាងមុខ ក្នុងគោលបំណងលម្អិតពីកិច្ចសហប្រតិបត្តិការនេះ ។

ស្របពេលគម្រោងនេះ ទីក្រុងធំៗមួយចំនួនដូចជានៅវៀតណាម កំពុងសម្លឹងមើលការស្វែងរកជំនួយបច្ចេកទេសនិងការហ្វឹកហាត់ដើម្បីរចនានិងដំណើរការប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍របស់ខ្លួននៅទីក្រុងហាណូយ ។ បន្ទាប់ពីប្រព័ន្ធនេះរៀបចំរួច មជ្ឈមណ្ឌលគ្រប់គ្រងព័ត៌មាននឹងធ្វើការទាក់ទងភ្លាមទៅកាន់ ភ្នាក់ងារពន្លត់អគ្គីភ័យ ឡានពេទ្យ និងប៉ូលីស នៅពេលមានហេតុការណ៍មួយកើតឡើង ។

ទីក្រុងផ្សេងទៀតដូចជា ម៉ាន់ដាឡាយ ប្រទេសមីយាន់ម៉ា គ្រោងនឹងប្រើប្រាស់ការវិភាគទិន្នន័យដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ ខណៈដែលចាកាតាកំពុង ណែនាគម្រោងកាត់បន្ថយការចាយក្រដាស់ប្រាក់ឬការទូទាត់អនឡាញលើមធ្យោបាយដឹកជញ្ជូនធំៗ ក្នុងនោះជប៉ុនជាអ្នកជួយជ្រោងជ្រែងលើពីរផ្នែកធំៗគឺបច្ចេកវិទ្យា និង ជំនួសជាទុន ។

ប្រភពដដែលបញ្ជាក់ថា ជំនួយពីជប៉ុនក្នុងការបង្កើតទីក្រុងឆ្លាតវៃនៅអាស៊ីអាគ្នេយ៍នេះ ជាការផ្តល់ជម្រើសមួយផ្សេងទៀតក្រៅពីគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ។

ខណៈទីក្រុងប៉ីជីងជាកន្លែងគៀងគរលុយរាប់ពាន់លានដុល្លារដើម្បីកម្ចីអភិវឌ្ឍន៍កំពង់ផែ និង ផ្លូវដែកក្នុងការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ងាកទៅតូក្យូប្រទេសជប៉ុនឯណោះវិញខុសពីចិន ដែលជាអ្នកផ្តល់ជំនួសផ្នែកគុណភាពហេដ្ឋារចនាសម្ព័ន្ធ ជាផ្នែកមួយជួយឲ្យអាស៊ីអាគ្នេយ៍អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។

ក្នុងនោះចិនក៏ចាប់អារម្មណ៍ក្នុងការផ្តល់ជំនួយប្រទេសក្នុងអាស៊ានក្លាយជា Smart City ផងដែរ ប៉ុន្តែបច្ចុប្បន្ននេះចិនកំពុងផ្តោតទៅលើគម្រោងរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លូវមួយខ្សែក្រវ៉ាត់មួយច្រើនជាង ។

របាយការណ៍ពីអង្គការសហប្រជាជាតិបញ្ជាក់ថា ចំនួនប្រជាជននៅទីក្រុងរាប់ទាំងអាស៊ីអាគ្នេយ៍នឹងកើនឡើង ៤ ពាន់លាននាក់នៅឆ្នាំ ២០៣០ ដូចនេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រទេសទាំងអស់ត្រូវតែប្រើប្រាស់បច្ចេកវិទ្យា Internet of Things ដើម្បីពង្រឹងប្រសិទ្ធភាពនិងកាត់បន្ថយការប្រើប្រាស់ថាមពល ។

គួរបញ្ជាក់ថា​ របាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនស្រាវជ្រាវ IDC អះអាងថា លុយវិនិយោគទូទាំងពិភពលោកលើបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃនឹងកើនឡើងដល់ ១៣៥ ពាន់លានដុល្លារនាឆ្នាំ ២០២១ និងកើនឡើង ២០% រៀងរាល់ឆ្នាំ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here