គ្រាន់តែរកគំនិតជីកផ្លូវក្រោមដីបញ្ចៀសការកកស្ទះចរាចរណ៍ មហាសេដ្ឋី Elon Musk ទាញលុយវិនិយោគរាប់លានដុល្លារ

0
1607

Elon Musk ត្រូវ​បាន​គេស្គាល់ថា​ជាមហាសេដ្ឋីខាង​បច្ចេកវិទ្យាចូលចិត្តគិត​រឿង​ប្លែកៗចម្លែកពីគេ តែគាត់​បានបញ្ជាក់​គ្រប់គ្នា​ឱ្យដឹង​ថា​គំនិត​ដែលគាត់​បានគិត​ឡើង​ថ្វីត្បិត​ថាអ្នកដ៏ទៃយល់ខុសពីដំបូង​មែនតែ​វាដំណើរ​ការបានល្អ ហើយដោះស្រាយបញ្ហាបានប្រសើរ​ជាងគំនិត​អ្នកដ៏ទៃទៀត តួរយ៉ាង​ក្រុមហ៊ុនរ៉ុកកែត SpaceX ដែលអាច​ផលិត​រ៉ុកកែត​អាច​ប្រើប្រាស់​វិញបាន ដោយពីដំបូង​ឡើយសូម្បីតែ​វិស្វករនៅ NASA ក៏គិត​ថាមិនអាច។

កាលពី ២០១៦ កន្លងមកនេះក៏មិនខុសពីពេលមុនដែរ ដោយ ​Elon បានគិត​ចេញនៅគំនិត​មួយទៀត​ដែលធ្វើការ​ជីករូង​ក្រោមដីរួចដាក់​ ដើម្បីបញ្ជៀស​ពីបញ្ហា​ស្ទះចរាចរណ៍ដោយសារតែគាត់មើលឃើញថាមិនមានគំនិតណាល្អក្នុង​ការ​ធ្វើ​ឱ្យស្ថានភាពចរាចរណ៍ប្រសើរ​ឡើង​ជាង​មុន​ ខណៈ​គ្រប់គ្នា​ព្រមទាំង​ក្រុមហ៊ុនធំដូចជា Uber និង Lyft ជាដើមគិត​ទៅលើ​នវានុវត្ត​យាន្ត​យន្តដែលអាច​ហោះបានទៅវិញ។

នៅខែធ្នូ ឆ្នាំ២០១៦ក្រុមហ៊ុនមានឈ្មោះចម្លែក​មួយបានលេច​ឡើង ដោយElon បានដាក់​ឈ្មោះក្រុមហ៊ុនជីករូង​ក្រោមដីនោះថា The Boring Company ហើយនៅដើមឆ្នាំ២០១៧ នាខែកុម្ភៈ រូង​សាកល្បង​ដំបូង​ត្រូវ​បាន​លេចរូបរាង​ឡើង​ដោយមាន ទំហំមុខកាត់៩ម៉ែត្រ កម្ពស់៤.៦ ម៉ែត្រស្ថិត​នៅខាង​ក្រោម​កន្លែង​ចត​រថយន្តរបស់​ក្រុមហ៊ុន ​SpaceX របស់ Elon។

គំនិត​នៃ​ការ​ប្រើប្រាស់​រូង​ដែលជីករួចរាល់នោះមានពីរ​ ដោយទី១នោះគឺការ​ធ្វើ​របៀបជា​មធ្យោបាយ​ដឹកជញ្ចូនសាធារណៈស្រដៀង​នឹងរថយន្តក្រុង​ដែរ ប៉ុន្តែ​ជាមួយនឹង​បច្ចេកវិទ្យា​ដែលElon លើកឡើង​មធ្យោបាយថ្មីនេះមានលក្ខណៈ​លឿនរហ័ស មិនមានប្រើប្រាស់​កង់​ដូច​រថយន្ត​ក្រុង​ធម្មតាឡើយ ហើយក៏មិនប្រើប្រាស់​កង់ដែកនៅលើ​ផ្លូវ​រថភ្លើងដែរ ដោយយាន្តយន្ត​សាធារណៈប្រភេទថ្មីនេះ ប្រើប្រាស់​បច្ចេកវិទ្យាស្រដៀង​នឹង​រថភ្លើងកង់មិនជាប់ដីរបស់ Hyperloop ដែលជាក្រុមហ៊ុនរបស់ ​Elon ដែរ។

ឯគំនិតទី២វិញ ជាការ​ធ្វើជា​ឧបករណ៍មួយដែលអនុញ្ញាត​ឱ្យអ្នក​ប្រើប្រាស់​រថយន្តបើកយកទៅចតពីលើ ហើយវានឹង​ធ្វើការធ្វើដំណើរ​យ៉ាង​លឿនទៅតាមផ្លូវ​ដែកអគ្គិសនីដែលបានកំណត់ទុក​​។ បើតាមគេហៈទំព័រ Crunchbase ឲ្យដឹងថា សព្វថ្ងៃនេះ The Boring Company ទទួល​បានការវិនិយោគសរុបជាទឹកប្រាក់​ប្រមាណជា១១៨លានដុល្លារសហរដ្ឋអាមេរិក ហើយថ្មីៗនេះក្រុមហ៊ុននេះទើបនឹង​បើកឱ្យប្រើប្រាស់សាកល្បង​រូង​របស់​ខ្លួននៅរដ្ឋ California។

បន្ថែមពីនេះ ក្រុមហ៊ុនមួយនេះក៏ធ្លាប់បានបង្កើត​ភាពភ្ញាក់ផ្អើលខ្លាំង​ផងដែរ ដោយ Elon ធ្លាប់​ប្រកាសលក់ឧបករណ៍បាញ់ភ្លើង​ ឧបករណ៍ពន្លតអគ្គីភ័យ មួក និងអាវយឺត​ផងដែរ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ និងធ្វើទីផ្សារ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here