អាជីវកម្មហាងកាហ្វេនៅកម្ពុជាអាចនឹងជួបហានិភ័យធំដែរទេ បើ១ថ្ងៃៗបើកបន្តកន្ទុយគ្នា?

0
1213

អាជីវកម្មហាងកាហ្វេនៅកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយ ហាក់ដូចជារីកលូតលាស់ស្ទើមិនគួរឲ្យជឿ ដោយសារហាងកាហ្វេក្នុងស្រុកក៏ដើរ រីឯហាងការហ្វេក្រៅស្រុកក៏ចូល ធ្វើឲ្យប្រទេសកម្ពុជា ស្ទើគ្រប់ទីកន្លែងពោរពេញទៅដោយអាជីវកម្មហាងកាហ្វេ។ អាជីវកម្មហាងកាហ្វេកាន់តែច្រើន កត្តាជួបហានិភ័យកាន់តែធំ បើម្ចាស់អាជីវកម្មកាហ្វេមិនចេះបទបែនតាមសភាពការណ៍ទេនោះ។ ជាការពិតណាស់ សហគ្រិនឆ្នើមហាក់មិនទុកឲ្យអាជីវកម្មខ្លួនដួល ដោយមិនបានធ្វើអ្វីនោះទេ ព្រោះគេតែខិតខំច្នៃប្រឌិតរកអ្វីដែលថ្មីៗ តែចង់មិនចង់ហានិភ័យនៅតែជួបដដែល បើអាជីវកម្មមួយបើកច្រើនជ្រួល។ ខាងក្រោមនេះជាទស្សនៈរបស់ម្ចាស់ហាងកាហ្វេដែលពាណិជ្ជកម្មបានជួបសម្ភាសផ្ទាល់។

លោកឧកញ៉ាចិត្រ សេរីសុភ័ក្រ្ត អគ្គនាយកក្រុមហ៊ុន Monsnes Café មានទស្សនៈថា«សន្ទុះនៃការបើកហាងការហ្វេនៅកម្ពុជាសព្វថ្ងៃនេះ ពិតជាបើកបន្តកន្ទុយគ្នាមែន ហើយអាជីវកម្មហាងកាហ្វេអាចនឹងជួបហានិភ័យ ប្រសិនបើម្ចាស់អាជីវកម្មមិនមានភាពច្នៃប្រឌិតផ្ទាល់ខ្លួន។ តែបើបើកកុំធ្វើតាមគេ ត្រូវមានឆន្ទៈ និងមានភាពច្នៃប្រឌិតច្បាស់លាស់ ហើយធ្វើឲ្យប្លែកពីគេ ធ្វើអ្វីដែលគេចង់ញុំា។ កាហ្វេរស់ជាតិបែបណា យុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ទេ បច្ចេកទេសគ្រប់គ្រង ធនធានមនុស្ស និងគោលការណ៍រយៈពេលខ្លី ឬវែង មានផែនការធ្វើឲ្យមានសន្ទុះបែបណា នោះនឹងអាចគេចពីហានិភ័យនេះបាន។ ហាងកាហ្វេបើកច្រើនក៏ពិតមែន តែបើចង់បើកត្រូវចេះរកគន្លឹះខ្វះចន្លោះ និងរៀនពីគេហើយច្នៃទៅជារបស់ខ្លួនឯង។

ស្រដៀងគ្នានេះលោកទិត្រ សុធ៉ារ៉ា នាយកប្រតិបត្តិហាងកាហ្វេ NOIR Caffee បានព្យល់ថា«ហាងកាហ្វេនឹងជួបហានិភ័យនៅពេលការផ្គត់ផ្គង់ច្រើនជ្រួលលើសតម្រូវការ តែសព្វថ្ងៃតម្រូវការអ្នកផឹកកាហ្វេមានច្រើននៅឡើយ តែនៅថ្ងៃណាមួយការផ្គត់ផ្គង់ច្រើនជាងតម្រូវការនោះនឹងជួបបញ្ហា ហើយនឹងមានការបិទបណ្តើរៗ។ តែបច្ចុប្បន្ននេះ តម្រូវការកំពុងមានការកើនឡើងជាងការផ្គត់ផ្គង់ ចឹងបានធ្វើឲ្យហាងកាហ្វេនៅកម្ពុជាមានការកើតឡើង។ ហើយនៅថ្ងៃណាមួយពេលដែលការផ្គត់ផ្គង់ស្មើ ឬច្រើនជាងតម្រូវការនោះនឹងមានអ្នកបិទទ្វារមិនខាន ហើយអតិថិជនក៏ចាប់ផ្តើមជ្រើសរើសយកកាហ្វេណាដែលគេទទួលស្គាល់ មានស្តង់ដារ ចឹងមុននឹងក្រោយកម្ពុជានឹងជួបបញ្ហានេះ។ នៅពេលហាងកាហ្វេមានច្រើន អតិថិជននឹងជ្រើសសរើសហាងកាហ្វេមានណាស្តង់ដារខ្ពស់ ចឹងបើមិនចង់ជ្រុះលើទីផ្សារ ត្រូវចេះច្នៃខ្លួនឯងឲ្យមានស្តង់ដារ ធ្វើម្តេចឲ្យអតិថិជនចង់បាន។

លោកបានបន្តថា ស្ថានភាពទីផ្សារកាហ្វេកម្ពុជាបច្ចុប្បន្ននេះ វាមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថាហូរហៀរនោះទេ  តែលោកថាមិនយូរនោះទេ បន្តិចទៀតនឹងឡើងដល់ខ្សែកោងកំពូលនឹងធ្លាក់ចុះមកវិញ ព្រោះម្នាក់ៗកំពុងសម្រុកបើក សូម្បីអ្នកគ្មានជំនាញ ក៏ងាកមកបើកតាមគ្នាដែរ។ លោកបានបន្តថា បើហាងកាហ្វេមួយចង់ឈរជើងបានយូរ ត្រូវចេះកែច្នៃអាជីវកម្មរបស់ខ្លួនឲ្យទៅជាហាងមានស្តង់ដារ មិនបរិយាសល្អ។

លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ ក៏បានផ្តល់អនុសាសន៍ដល់ អ្នកគ្រោងនឹងបើកហាងកាហ្វេ ត្រូវសិក្សាពីយុទ្ធសាស្ត្រទីផ្សារ សិក្សាពីកាហ្វេឲ្យបានច្បាស់ តើអតិថិជនត្រូវការញុំាការហ្វេមែនឬអត់ ឬក៏គ្រាន់តែត្រូវការកន្លែងលំហែកាយ ចឹងយើងត្រូវរកវិធីសាស្ត្របែបណា ដើម្បីបំពេញតម្រូវរបស់អតិថិជនរៀងៗខ្លួន។ យើងត្រូវគិត កុំឃើញគេបើក ហើយចេញទៅបើកតាមគេ ត្រូវសិក្សារាប់ចាប់តាំងពីគួរប្រកួតប្រជែង។ ត្រូវសិក្សាពីអាជីវកម្មកាហ្វេឲ្យបានច្បាស់ ជាពិសេសគិតលើទីតំាងឲ្យប្លែកពីគេ មានគេចាប់អារម្មណ៍ច្រើន។ ហាងកាហ្វេបើកមកមិនកំណត់ថា ជោគជ័យនោះទេ ដោយសារហាងកាហ្វេនៅភ្នំពេញមានច្រើនណាស់ ត្រូវសួរខ្លួឯងថា យើងរកស៊ីតាមគេ ឃើញគេជោគជ័យ ក៏ធ្វើដូចគេនោះទេ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ