សេដ្ឋី២រូបធ្វើរឿងមួយនេះដូចគ្នារាល់យប់ អ្នកវិទ្យាសាស្រ្តថា ផ្ដល់អត្ថប្រយោជន៍ដល់ខួរក្បាល

0
5922

លោក Jeff Bezos គឺជា មហាសេដ្ឋីលេខ១ក្នុងលោក កាន់ទ្រព្យក្នុងដៃ ប្រមាណ ៩៨ពាន់លានដុល្លារ ចំណែក លោក Bill Gates ស្ថាបនិក Microsoft ជាមហាសេដ្ឋីលេខ២ក្នុងលោក មានទ្រព្យប្រមាណជាង ៩០ពាន់លានដុល្លារអាមេរិក។

បើទោះជាមហាសេដ្ឋីទាំង២ មានលុយច្រើនសន្ធឹកសន្ធាប់អាចយកលុយមកក្រាលដេកបានក៏ដោយ ក៏ពួកគេ នៅតែធ្វើកិច្ចការផ្ទះមួយជារៀងរាល់យប់ ហើយយើងនឹកស្មានមិនដល់ថាពួកគាត់ធ្វើរឿងបែបនេះនោះទេ ខណៈពួកគេជាមហាសេដ្ឋី មានអ្នកបម្រើឆ្វេងស្ដាំនៅចាំបម្រើគ្រប់ពេល។

រឿងដែលមហាសេដ្ឋីទាំង២នាក់នេះ ធ្វើរាល់យប់គឺពួកគេលាងចាននៅផ្ទះ។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ​Business Insider កាលពីឆ្នាំ ២០១៤ លោក Jeff Bezos បានឲ្យដឹងថា ការលាងចាន​គឺផ្នែកមួយនៃទម្លាប់ដែលលោកធ្វើវាជារៀងរាល់ថ្ងៃ។ ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ បានលើកឡើងថា ការលាងចានគឺជាកិច្ចការផ្ទះដែលលោកពេញចិត្តធ្វើបំផុត។

មិនមែនមានតែ Jeff Bezos ដែលចូលចិត្តលាងចាន លោក Bill Gatesក៏ចូលចិត្តលាងចានដែរ។ Bill Gates បានឲ្យដឹងថា លោកលាងចានរៀងរាល់យប់ បើទោះជាលោកមានអ្នកបម្រើជួយលោក ក៏លោកនៅតែធ្វើដែរ។

ខណៈដែល មហាសេដ្ឋីជួរមុខរបស់អាមេរិកទាំង២នេះ មានហេតុផលរៀងខ្លួនក្នុងការធ្វើកិច្ចការផ្ទះមួយនេះ អ្នកវិទ្យាសាស្រ្ត បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការលាងចានជួយ កាត់បន្ថយភាពតានតឹង(stress) និងជួយបង្កើនភាពច្នៃប្រឌិតរបស់មនុស្ស។

កាសិក្សា របស់សាកលវិទ្យាល័យ Florida State University រកឃើញថា ពេលលាងចាន មនុស្សផ្ដោតទៅលើការដកដង្ហើម ការប៉ះ ការហិតក្លិន វាអាចកាត់បន្ថយកម្រិតនៃភាពតានតឹងរបស់ពួកគេ និងជួយបង្កើនការជំរុញកម្លាំងចិត្តទៀតផង។ មិនតែប៉ុណ្ណោះ​ ការផ្ដោតអារម្មណ៍ទៅលើទឹក និងការហិតក្លិនសាប៊ូលាងចាន ធ្វើឲ្យខួរក្បាល កាន់តែមានសកម្មភាពនិងដំណើរការបានល្អ។

ការសិក្សាមួយទៀត របស់ សាកលវិទ្យាល័យ​ University of California រកឃើញថា ការធ្វើកិច្ចការសាមញ្ញ អាចធ្វើ្ ឲ្យខួរក្បាល បង្កើនការគិតបានល្អ និងបង្កើនភាពច្នៃប្រឌិត លើការដោះស្រាយបញ្ហា៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here