មកដឹងពីអត្ថប្រយោជន៍ធំចំនួន៤ ដែលក្រុមហ៊ុនគួរចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ

0
452

ក្នុងពិភពជំនួញ អាជីវកម្មមិនច្រើនទេអាចរត់រួចខ្លួនរស់បានលើសពី៥ឆ្នាំ ដោយអាជីវកម្មភាគច្រើនដួលរលំទៅវិញដោយសារតែកត្តាផ្សេងៗ ហើយកត្តាចម្បងមួយនៅក្នុងចំណោមកត្តាផ្សេងៗគឺកត្តាហិរញ្ញវត្ថុ។

បញ្ហានេះមិនមែនកើតមានតែចំពោះអាជីវកម្មខ្នាតតូច និងមធ្យមនោះទេ ក្រុមហ៊ុនធំប្រភេទក្រុមហ៊ុនសាជីវកម្មក៏នៅតែជួបនឹងបញ្ហាដូចគ្នានេះ។ ពេលដែលក្រុមហ៊ុនកំពុងមានសក្តានុពល ឫកំពុងខ្វះខាតទុនពង្រីកខ្លួន តើក្រុមហ៊ុនទាំងនោះត្រូវប្រមូលទុនបន្ថែមមកពីណាក្រៅពីកម្ចីពីធនាគារ? ចម្លើយគឺការបោះលក់ភាគហ៊ុន។

ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗចំនួន៤ ដែលក្រុមហ៊ុនចុះបញ្ចីបោះលក់ភាគហ៊ុនទទួលបាន៖

១. មូលធនដែលមិនមែនជាបំណុល

ការខ្ចីលុយពីធនាគារមកពង្រីកសក្តានុពលអាជីវកម្ម ឫប្រើប្រាស់ក្នុងរូបភាពផ្សេងណាមួយ នោះគឺជាការប្រមូលយកបំណុលប្រើប្រាស់ដែលមានការប្រាក់ ប្រឈមនឹងហានិភ័យខ្ពស់។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនបោះលក់ភាគហ៊ុន ក្រុមហ៊ុននឹងទទួលបានទុន ឫមូលធនស្របតាមតម្រូវការដែលមិនមែនជាបំណុល។

២. កេរ្តិ៍ឈ្មោះ

ក្រុមហ៊ុនដែលអាចចុះបញ្ជីបោះលក់ភាគហ៊ុនជាសាធារណៈបានលុះត្រាតែក្រុមហ៊ុននោះជាក្រុមហ៊ុនស្របច្បាប់ មានរបាយការណ៍ហិរវត្ថុច្បាស់លាស់ ជាក្រុមហ៊ុនដែលមានសក្តានុពល មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវដែលអាចទុកចិត្តបាន។ ហេតុនេះ ការបោះលក់ភាគហ៊ុនជាសាធារណៈគឺបង្ហាញពីភាពស្មោះត្រង់ និងកេរ្តិ៍ឈ្មោះល្អនៃក្រុមហ៊ុន។​

៣. ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

បច្ចុប្បន្ន នៅកម្ពុជាក្រុមហ៊ុនដែលសុខចិត្តចុះបញ្ជីបោះលក់ភាគហ៊ុនជាសាធារណៈនឹងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល នៃអគ្គនាយកដ្ឋានពន្ធទៅកត្តាអតិភាព និងលើកលែងមួយចំនួន ជាមួយគ្នា រដ្ឋាភិបាលក៏នឹងជួយជ្រំជ្រែងលើកស្ទួយអាជីវកម្មស្របទាំងនេះផងដែរ។​

៤. អាជីវកម្មកាន់តែមានភាពរឹងមាំ

នៅពេលដែលក្រុមហ៊ុនទទួលបានទុនបន្ថែមដែលមិនមែនជាបំណុល ក្រុមហ៊ុនក៏នឹងអាចពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន ព្រមទាំងអាចមានដៃគូសហការរកស៊ីផ្សេងទៀតរត់រកក្រុមហ៊ុនដែលស្របច្បាប់ និងមានសក្តានុពលបែបនេះដែរ។ បន្ថែមពីនេះ នៅពេលដែលប្រជាជនផ្សេងទៀតក្លាយជាម្ចាស់ភាគហ៊ុនដែរនោះ ពួកគាត់ក៏នឹងព្យាយាមគាំទ្រក្រុមហ៊ុនដែលពួកគាត់បានទិញភាគហ៊ុននោះផងដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-in

LEAVE A REPLY

Please enter your comment!
Please enter your name here