iPhone ចាប់​ផ្ដើម​លក់លែង​ដាច់​ដូចមុនដោយសារតែមូលហេតុ​ទាំង​នេះ

0
1278

iPhone ជាផលិត​ផលមួយរបស់​ក្រុមហ៊ុនApple មានអាយុកាលប៉ុន្មាន​ជាមួយទស្សវត្សន៍មកហើយបើគិត​រាប់​តាំង​ពីពេលដែល Steve Jobs បង្ហាញដំបូង​នៅឆ្នាំ២០០៧ ដោយពេលនោះទទួលបានការចាប់អារម្មណ៍​ចង់បាន​ទូទាំង​ពិភពលោក រហូtទាល់តែធ្វើ​ឱ្យ​ប្រាក់ចំណូលមួយភាគធំរបស់​Apple កើតចេញពីការ​លក់​iPhone។

ប៉ុន្តែ​ក្រោយពីការលាចាកលោករបស់​ Steve Jobs ទៅ​ iPhone ចាប់​ផ្ដើម​ថមថយ​ប្រជាប្រិយភាពខ្លះៗ ដោយមានមតិ​ខ្លះយល់ថាមិនមានអ្វីថ្មី និងគួរ​ឱ្យចាប់អារម្មណ៍​ដូចកាលពីពេល​មុន។ អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើលនោះគឺកាលពីថ្ងៃពុធដើមសប្ដាហ៍នេះ នាយកប្រតិបត្តិ​ក្រុមហ៊ុនApple លោក Tim Cookបានបញ្ចេញរបាយការណ៍មួយបង្ហាញថា​ការលក់​របស់​ iPhone ធ្លាក់ចុះយ៉ាង​គំហុករហូត​ដល់​ទៅ៩ពាន់លានដុល្លា។

ខាង​ក្រោម​នេះជាមូលហេតុ​ខ្លះៗ ​ដែលធ្វើ​ឱ្យ iPhoneដែលធ្លាប់​ជាជើង​ឯក​ស្មាតហ្វូនទទួលការ​ពេញនិយមពីមុនមក​ ប្រែ​ជាធ្លាក់ចុះនៃ​សន្ទុះការលក់ទៅវិញ។

១.​ តម្លៃ​

សម្រាប់iPhone សេរ៊ីថ្មីចេញចុង​ក្រោយនេះ មានតម្លៃ​ថ្លៃ​គួរសមជាហេតុ​ធ្វើ​ឱ្យ​អតិថិជន​ត្រូវចំណាយពេលវេលាគិត​ពិចារណាមុននឹងធ្វើការ​ទិញ ខណៈ​ដែលម៉ាកទូរស័ព្ទដ៏ទៃ​ទៀត​នៅលើ​ទីផ្សារ​មានតម្លៃ​ធូរ​ថ្លៃជាង និង​មានសមត្ថភាពប្រហាក់​ប្រហែលគ្នា។

២. បច្ចេកវិទ្យា

បើប្រៀបធៀប iPhone X និង Xs ឬ Xs Max ទើប​នឹង​ចេញនេះគេសង្កេត​ឃើញថាពុំសូវមាន​អ្វីថ្មីច្រើនទាំង​ផ្នែករឹង​ និង​ផ្នែកទន់ជាហេតុ​ដែលបង្អាក់​ចិត្ត​អតិថិជន​មួយចំនួន ឬក៏អ្នក​គាំទ្រ​ក៏អាច​ថា​បាន ខណៈមិនទាន់ធ្វើការ​ផ្លាស់​ប្ដូរ​ទូរស័ព្ទ​របស់​ខ្លួន ស្របពេលដែល​ក្រុមហ៊ុនដ៏ទៃទៀត​កំពុង​តែ​ធ្វើការ​តម្លើង​នូវ​បច្ចេកវិទ្យាថ្មីៗ​ នៅលើស្មាតហ្វូនសេរ៊ីថ្មីរបស់​ពួកគេ។

៣. iPhone មិនមែនជាទូរស័ព្ទ​ប្រណិត​តែឯ​ងដូច​មុនទៀត​ទេ

មានក្រុមហ៊ុនច្រើន​កំពុង​ផលិត​ស្មាតហ្វូន ហើយ​ក្រុមហ៊ុនធំៗមួយចំនួនតែ​ង​ប្រិត​ប្រៀបបញ្ចេញនូវ​ទូរស័ព្ទ​ប្រណិត​របស់​ខ្លួនមួយសេរ៊ីៗជារៀង​រាល់ឆ្នាំ​ ជាឧទាហរណ៍ដូចជាត្រកូស Galaxy S របស់​ Samsung ជាដើម។ មួយវិញទៀត​ការរចនារបស់ iPhone ក្នុង​រយៈកាលចុង​ក្រោយនេះហាក់មានការមិនពេញចិត្ត​ច្រើនដោយហេតុតែការដាក់​ក្បាល​ឆកបន្តិច​នេះ។

៤. ការទទួលផ្លាស់​ប្ដូរថ្មពីក្រុមហ៊ុនផ្លូវការ

Apple ធ្លាប់​សារភាពថាខ្លួនបានធ្វើឱ្យទូរស័ព្ទ ​iPhone សេរ៊ីចាស់​ៗ​យឺតដើម្បីឱ្យអតិថិជនធ្វើការ​ផ្លាស់​ប្ដូរ​ទូរស័ព្ទ តែ​ក្រោយពីសារភាពកំហុស Apple បានប្រកាសជាផ្លូវ​ការអនុញ្ញាត​ឱ្យអ្នក​ប្រើប្រាស់​អាច​យកiPhone របស់ខ្លួនមក​ប្ដូរ​ថ្មបាន ជាហេតុ​ធ្វើឱ្យiPhone ចាស់​ៗទាំងនោះអាចប្រើប្រាស់​បានយូរទៀត អតិថិជនមិនទាន់ចង់​ប្ដូរ​ថ្មី។

៥. សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មបានជះឥទ្ធិពលខ្លាំងទៅលើ ពាណិជ្ជកម្មរវាងអាមេរិកនិងចិនព្រមទាំង​ពិភពលោកផងដែរ ហើយក្រុមហ៊ុន Apple ក៏មិនខុសអីពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទៃទៀតដែលរកស៊ីជាមួយចិនដែល​ត្រូវរងផលប៉ះពាល់។ បន្ថែមពីលើនេះទៀត ចិនទើបតែធ្វើការហាមប្រាមមិនឱ្យលក់ iPhone ក្នុងទីផ្សារ​របស់​ខ្លួនដែលមានអ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើនជាង​ ៨០០ លាននាក់​។

យ៉ាង​ណាក៏ដោយ ការលក់ iPhone របស់ Apple ធ្លាក់​ចុះក៏ពិតមែនតែចំនួនអ្នក​ដែលប្រើប្រាស់​ពុំបានថមថយទេ ដោយមាន ​iPhone ច្រើនជាង​៥០០លានគ្រឿងកំពុង​តែ​ដំណើរ​ការ​និង​ប្រើប្រាស់​៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here