Grab ចូលមកតែ១ ឆ្នាំជាងទីផ្សារម៉ូតូឌុបនិងកង់បីស្រុកខ្មែរប្រែប្រួលដូចមេឃនិងដី

0
1481

Grab គឺជាក្រុមហ៊ុនសិង្ហបុរី ត្រូវបានជាប់ឈ្មោះជាក្រុមហ៊ុនបម្រើសេវាហៅតាក់ស៊ីលេខមួយនៅអាស៊ី និងបានចូលមកកម្ពុជាកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ ធ្វើឲ្យក្រុមហ៊ុនជើងចាស់ក្នុងស្រុកមួយចំនួនដូច Passapp, Exnet, 711 Taxi ជាដើម ត្រូវបាត់បង់ទីផ្សារមួយចំណែក ជាពិសេសទីផ្សារសម្រាប់អ្នកប្រកបមុខរបររត់ម៉ូតូឌុប ឬកង់បី ត្រូវបានផ្លាស់ប្តូរទៅកាន់មួយផ្នែកផ្សេងទៀតនៃអាជីពរបស់ខ្លួន ។

ក្រោយវត្តមានរបស់ Grab ចូលមកដល់ស្រុកខ្មែរ អ្នកបើកកង់បី ជាពិសេសអ្នកបើតាក់ស៊ីឲ្យ Grab មួយចំនួនបានបង្ហើបថា ដោយសារក្រុមហ៊ុនឥឡូវច្រើនហួសពេក ធ្វើឲ្យគេទម្លាក់តម្លៃដើម្បីប្រកួតប្រជែងគ្នា សូម្បីតែ PassApp ដែលល្បីថាគិតលុយថោកៗនោះក៏ត្រូវទម្លាក់តម្លៃបន្តិច ចំណែក Grab ដែលចូលមកភ្លាមដាក់ថ្លៃកប់ៗ ក៏ត្រូវទម្លាប់តម្លៃសន្ធឹកសន្ធាប់ផងដែរ ។

តាមការអះអាងរបស់លោកពូ វង វ៉ុន ជាអ្នករត់កង់បីនៅម្ដុំ ចោមចៅ ប្រាប់ Business Cambodia ថា សព្វថ្ងៃការរត់កង់បីនៅទីក្រុងភ្នំពេញយើង ហាក់មានភាពងាយស្រួលមែន ក៏ប៉ុន្ដែវាស្រួលតែពេលដែលយើងរកលុយបានទេ តែពេលដែលគ្មានអ្នកជិះគឺពិបាកហើយ ។

សម្រាប់ចំណូលរបស់គាត់សព្វថ្ងៃអាចរកបានត្រឹម ១០ ដុល្លារឡើងទៅទេ ឬ ច្រើនដល់ ២០ ដុល្លារ អស់កម្រិតហើយ នេះក៏បណ្ដាលមកពីមានកង់បីជាច្រើនដែលរត់លើដងផ្លូវ ហើយសុទ្ធតែប្រើប្រាស់សេវាកម្មដូចៗគ្នា ។

ជាមួយគ្នានោះគាត់ក៏ប្រាប់ពីចំណូលរបស់មិត្តភក្តគាត់​ ដែលរត់កង់បីនេះដែរ តែមិនមែនប្រើប្រាស់សេវាកម្ម Pass App ដូចគាត់ទេ គឺពួកគាត់ខ្លះចាប់យក Grab និង We Go ជាដើម ថា រកចំណូលបានដូចគ្នា គ្រាន់តែបានតិចបើធៀបទៅ ២ ខែមុន ពេលមិនសូវមានអ្នករត់កង់បីនោះ ដែលមានចំណូលច្រើនគួរសមអាចបង់ទឹក ភ្លើង ផ្ទះ ហើយសល់បានផ្ញើទៅផ្ទះផងដែរ ។

កាលពីឆ្នាំ ២០១៨ កន្លងទៅ លោក ណាង ឃុននាង ស្ថាបនិក 711 Taxi លើកឡើងថា បានតាមលោកដឹង ចំណូលអ្នករត់កង់បីឥណ្ឌាអាចរកបានប្រមាណ ២០ ទៅ ៣០ ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែដោយសារ App កង់បីបង្កើតកាន់តែច្រើន អ្នកបើកក៏កាន់តែច្រើននោះចំណូលពួកគាត់នឹងធ្លាក់វិញ ដូចខ្សែកោងដែលឡើងដល់កំពូលហើយធ្លាក់មកវិញដែរ ។

ក្នុងនោះបន្ទាប់ពី Grab ចូលស្រុកខ្មែរមក ក្រៅពីតម្លៃគេឃើញកម្មវិធីថ្មីត្រូវបានបង្កើតឡើងដូចជា Grab Reward ដែលផ្តល់ពិន្ទុសម្រាប់អតិថិជនទៅប្តូរយករង្វាន់ផ្សេងៗ ជាពិសេស Grab ជាផ្លេតហ្វមតែមួយគត់ដែលផ្តល់ការបញ្ចុះតម្លៃបន្តបន្ទាប់ ខុសពីក្រុមហ៊ុននៅក្នុងស្រុកដែលផ្តល់សេវាកម្មធម្មតាៗ ។

ក្រៅតែពីសេវាកម្មហៅកង់បី Grab បានបង្កើតសេវាកម្មថ្មីដូចជា ម៉ូតូឌុប,​កង់បីឥណ្ឌា, កង់បីខ្មែរ, តាក់ស៊ីពពួកឡានតូច​, តាក់ស៊ីប្រភេទឡាន SUV ហើយថ្មីៗនេះ Grab បានចេញសេវាកម្មថ្មីគឺ Grab Pay​សម្រាប់ទូទាត់លុយអនឡាញ និងមានសេវាកម្មផ្សេងៗដូចជា ដឹកជញ្ជូនអាហារ និងសេវាកម្មជួលឡាន Grab for Business ។

និយាយរួមទៅវត្តមានរបស់ Grab មានទាំងផលវិជ្ជមាននិងអវិជ្ជមាន ជាក់ស្តែងអ្នករត់តាក់ស៊ីត្រូវធ្លាក់ចំណូលបន្តិច ដោយសារទីផ្សារប្រកួតប្រជែង ប៉ុន្តែអ្នកជិះទទួលបានអត្ថប្រយោជន៍ច្រើនទាំងតម្លៃនិងសេវាកម្មកាន់តែល្អ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here