Zhang Xin ៖ តិចនិកយកលុយពីធនាគារមកវិនិយោគអចលនទ្រព្យ ខណៈធនាគារមិនឲ្យខ្លីលុយ

0
3717

មហាសេដ្ឋីអលចនទ្រព្យដ៏ល្បីឈ្មោះ Zhang Xin បានប្រឡូកលើវិថីអចលនទ្រព្យចាប់ផ្តើមឡើងពីក្រុមហ៊ុនតូចមួយ និងបានខិតខំប្រឹងប្រែងជាមួយស្វាមី ពង្រីកជាបន្តបន្ទាប់រហូតក្លាយជាក្រុមហ៊ុនធំ និងទទួលបានជោគជ័យខ្លាំងដែលជាតិ និងអន្តរជាតិគេទទួលស្គាល់នូវស្នាដៃរកស៊ីរបស់ទាំង២។ ផ្តើមពីចំណុចដ៏តូចមួយ ឈានដល់ការក្តោបក្តាប់ទីផ្សារអចលនទ្រព្យ១ផ្នែកនៃប្រទេសចិនមិនមែនជារឿងធម្មតានោះទេ។ ហើយចំណុចដែលគេនឹកស្មានមិនដល់នោះ គឺការរកដើមទុនមកវិនិយោគលើគម្រោងអចលនទ្រព្យធំៗ ខណៈដែលប្រព័ន្ធធនគាររបស់ចិនមិនអនុញ្ញាត ឬហ៊ានឲ្យក្រុមហ៊ុនលោកស្រីខ្ចីលុយ សម្រាប់វិនិយោគនៅឡើយ។

ឆ្លើយសំណួររបស់អ្នកកាសែត បើធនាគារមិនឲ្យខ្ចីលុយ តើលោកស្រីមានលុយមកពីណាយកមកវិនិយោគលើគម្រោងអលចនទ្រព្យដូចជាខុនដូរជាដើម? ជាការពិតណាស់ នៅទ.ស៩០ ប្រទេសចិនទើបចាប់ផ្តើមបើកទ្វារធ្វើកំណែទម្រង់សេដ្ឋកិច្ចថ្មីៗក្រោមការដឹកនាំបិតាកំណែទម្រង់តេង ស៊ាងពីង គឺអ្វីៗទើបចាប់ផ្តើមដំណើរឡើងទាំងអស់ ហាងត្រូវចាប់ផ្តើមដំណើរការ អាជីវកម្មផ្សេងត្រូវបានកើតឡើងជាបន្តបន្ទាប់ ប្រព័ន្ធធនាគារចាប់ផ្តើមដាក់ឲ្យដំណើរការបម្រើដល់វិស័យឯកជន តែកំឡុងពេលនោះធនគារមិនឲ្យលោកស្រីខ្ចីលុយសម្រាប់ធ្វើការវិនិយោគនោះទេ។

លោកស្រី Zhang Xin បញ្ជាក់ថា ត្រង់ចំណុចវារឿងមួយដែលសហគ្រិនមួយចំនួនគិតថាគម្រោងនឹងមិនអាចដំណើរការ បើមិនមានដើមទុនគ្រប់គ្រាន់ ព្រោះអតិថិជនមិនមានលទ្ធភាពយកលុយសុទ្ធមកទិញអចលនទ្រព្យបាននោះទេ។ ចំណុចពិសេសដែលលោកស្រីប្រើប្រាស់ គឺដោះស្រាយ និងចរចាជាមួយបុគ្គលិកធនគារ ដោយឲ្យពួកគេក្លាយជាភ្នាក់ងារអចលនទ្រព្យលក់ខុនដូរ ឬគម្រោងរបស់លោកស្រីដល់អតិថិជនផ្ទាល់តែម្តង។

តិចនិកនេះហើយ ដែលលោកស្រីបានយកលុយពីធនាគារដោយប្រយោលមកធ្វើការអភិវឌ្ឍអលចនទ្រព្យ ខណៈដែលធនាគារមិនហ៊ានឲ្យខ្ចីលុយ តែបែរជាបុគ្គលិកធនាគារសម្រេចចិត្តឲ្យអតិថិជនខ្ចីលុយ ដើម្បីទិញអចលនទ្រព្យរបស់លោកស្រី ធ្វើឲ្យការលក់គម្រោងមានដំណើរការល្អ និងទទួលជោគជ័យជាបន្តបន្ទាប់។ ហើយបានជំរុញទាំងវិស័យអលចនទ្រព្យ និងធនាគារកាន់តែធ្វើការខិតជិតគ្នា រហូតបង្កើតជាប្រព័ន្ធមួយបង្កលក្ខណៈងាយស្រួលដល់ដំណើរការលើគម្រោងអភិវឌ្ឍនអលចនទ្រព្យក្រោយៗទៀត។ យុទ្ធសាស្ត្រនេះ ធ្វើឲ្យជោគជ័យទាំងបុគ្គលិកធនាគារ អតិថិជន និងម្ចាស់គម្រោងអចលនទ្រព្យផ្ទាល់ ដោយមិនមានបញ្ហាហរិញ្ញវត្ថុក្នុងប្រព័ន្ធធនាគារ។

ការប្រើប្រាស់យុទ្ធសាស្ត្រទៅតាមស្ថានការណ៍ ជាពិសេសដោះស្រាយបញ្ហាបង្វិលដើមទុនមិនមែនជារឿងងាយស្រួលនោះទេ មហាសេដ្ឋីរូបនេះ បានបង្កើតឲ្យមានគោលការណ៍ ផែនការ និងយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយក្នុងក្រុមហ៊ុន ដើម្បីធានាមិនឲ្យមានបញ្ហាលើដំណើរអភិវឌ្ឍអចលនទ្រព្យទាំងមូល។ ព្រោះបើមានបញ្ហាហរិញ្ញវត្ថុចំណុចណាមួយដោយយថាហេតុ ហើយគ្មានការការពារច្បាស់លាស់ទេ នឹងប៉ះពាល់ដល់គម្រោងតិច ឬច្រើនអាស្រ័យទៅតាមនោះឯង។

ចំណុចពិសេសដែលសហគ្រិនអចលនទ្រព្យខ្មែរគួររៀនពីមហាសេដ្ឋីចិន Zhang Xin គឺការចេះប្រើប្រាស់ស្ថានការណ៍ជាក់ស្តែង ឬវិភាគស្ថានការណ៍ និងលើកដំណោះស្រាយល្អៗមកអនវុត្ត និងចេះបទបែនតាមកាលៈទេសៈ ដែលធ្វើឲ្យបញ្ហាធំៗមិនអាចរាំងស្ទះគម្រោងរបស់យើងបាន។ ត្រូវចាំថា មានបញ្ហា មានដំណោះស្រាយ បញ្ហាកាន់តែធំ ដំណោះស្រាយកាន់តែល្អ ធ្វើឲ្យយើងកាន់តែក្លាយជាសហគ្រិនពូកែជាងមុន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here