ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជំរុញឲ្យមានការវិនិយោគលើអចលនទ្រព្យកម្ពុជាកាន់តែច្រើន

0
479

បច្ចុប្បន្នវិស័យសំណង់ និងអចលនទ្រព្យនៅក​​ម្ពុជាកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងចំណោមវិស័យសំខាន់ៗ ៣ផ្សេងទៀតរួមមានវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលបានរួមចំណែកដល់សេដ្ឋកិច្ចជាតិឲ្យមានកំណើនថេរប្រមាណជាង ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

វិស័យអចលនទ្រព្យមានការអភិវឌ្ឍទៅបានក្រៅពីស្ថិរភាពនយោបាយ វិនិយោគិនបរទេស និងគម្រោងអភិវឌ្ឍធំៗរបស់រាជរដ្ឋាភិបាល ក៏នៅមានកត្ដាផ្សេងៗទៀតដែរ។ យោងតាមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពិតជាចូលរួចចំណែកដល់ការអភិវឌ្ឍអចលនទ្រព្យផងដែរ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្នទាំងនោះរួមមាន៖

ផ្លូវគោក៖  ផ្លូវគោកផ្ដលសារៈសំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងជាសសៃឈាមនៃប្រទេសជាតិក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស នៅពេលដែលផ្លូវមានគុណភាពល្អ និងមាននៅគ្រប់ទីកន្លែង។ ជាការពិតណាស់ នៅពេលដែលផ្លូវមានច្រើន និងមានគុណភាព គឺអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើរ និងការដឹកជញ្ចូនផ្សេងៗ។

ផ្លូវទឹក៖ ផ្លូវទឹក​នៅក្នុងប្រទេសកម្ពុជាដែល​សំខាន់​គឺ​ទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និង​ដៃ​នានា។ លើសពីនេះទៅទៀតប្រទេសយើង​មាន​កំពង់ផែ​ភ្នំពេញ​ដែល​អាច​ឲ្យ​នាវា​សមុទ្រ​ចត​បាន​សឹង​គ្រប់រដូវ ក្រៅ​ពី​កំពង់ផែ​ភ្នំពេញ នៅមានកំពង់ផែ​កំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប និងកំពង់ផែ​ក្រុង​ព្រះ​សីហនុ ជាកំពង់ផែ​អន្តរជាតិ អាច​ទទួលបាន​នាវាសមុទ្រ​ធំៗចូលចត​បាន​គ្រប់​រដូវ។

បច្ចុប្បន្នកម្ពុជាមានកំពង់ផែទឹកជ្រៅថ្មីមួយបន្ថែមទៀត ដែលអាចអនុញ្ញាឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី១ម៉ឺនតោន ដល់៣ម៉ឺនតោន អាចចូលចត​ផ្ទេរ និងផ្ទុកទំនិញបាន នឹងបង្ហាញរូបរាងឡើងនៅខេត្តកំពត។ កំពង់ផែមួយនេះផ្ដលអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេសដែលអាចអោយនាវាសមុទ្រធុនធំអាចចូលចតបាន។

ផ្លូវអាកាស៖ ការធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាស មាន​សកម្មភាព​ខ្លាំង​ក្លា​ជា​លំដាប់។ កម្ពុជាមានអាកាសយាន្តដ្ឋាន​សំខាន់ៗ​​គឺអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។​ក្រៅពីនេះក៏មានគម្រោងបង្កើត​អាកាសយាន្តដ្ឋានថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបទៅនិងតម្រូវការនៃការអភិវឌ្ឍ។​

ផ្លូវទាំង ៣នេះបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរឲ្យមានភាពឆាប់រហ័ស មិនតែប៉ុណ្ណោះវាជាច្រកសំខាន់ៗដើម្បីផ្ដោះផ្ដូរពាណិជ្ជកម្ម  បន្ថែមពីនេះទៅទៀតវាបានទាក់ទាញអ្នកវិនិយោគិនបរទេសចូលមកកាន់តែច្រើនឡើង។ កត្ដាទាំងនេះបានជំរុញអោយអ្នកវិនិយោគឃើញពីឱកាសក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ផងដែរ។

ប្រព័ន្ធទឹកស្អាត៖ ទឹកគឺជាជីវិត ការរស់នៅចាំបាច់ណាស់ត្រូវតែមានទឹកស្អាតប្រើប្រាស់ ដើម្បីបំពេញទៅតាមតម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះការប្រើប្រាស់ទឹកស្អាតបានចូលរួមចំណែកក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ និងធ្វើអោយពួកគាត់គេចផុតពីជំងឺឆ្លងផ្សេងៗ តាមរយៈការបរិភោគទឹកមិនស្អាត។

អគ្គីសនី៖ ភ្លើងដើរតួនាទីយ៉ាងសំខាន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងរោងចក្រឧស្សាហកម្មដើម្បីឲ្យដំណើរការទៅបាន។ ស្របពេលដែលប្រទេសមានការអភិវឌ្ឍស្ទើគ្រប់វិស័យ ក្នុងនោះវិស័យសំណង់អគារធំៗ ផ្សារទំនើប ខុនដូ អាផាតម៉េន ត្រូវការជាចាំចាច់នូវភ្លើងសម្រាប់ប្រើប្រាស់ ខណៈដែលអគ្គីសនីមានតម្លៃសមរម្យ។

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះពិតជាចាំបាច់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នឹងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍវិស័យអចលនទ្រព្យ  ខណៈដែលប្រទេសយើងមានប្រព័ន្ធផ្លូវល្អ មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ មានប្រព័ន្ធលូបង្ហូរទឹកស្អុយ និងមានអគ្គីសនីប្រើប្រាស់៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here