អ៊ីស្រាអ៊ែលប្រើតែគំនិតសាមញ្ញៗទាំងនេះ តែអាចជួយកសិករមួយប្រទេសដាំដំណាំដោយប្រើទឹកតិចបំផុត

0
2810

បន្ទាប់ធ្វើការពិចារណាមួយរយៈពេលមក នាចុងឆ្នាំ ២០១៨ កន្លងទៅ រដ្ឋាភិបាលអ៊ីស្រាអ៊ែលបានបង្កើតគម្រូតិចនិកថ្មីដើម្បីជួយឲ្យកសិករប្រើទឹកតិចបំផុត ប៉ុន្តែទទួលបានទិន្នផលច្រើនបំផុត .។​

គម្រូគំនិតនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មអ៊ីស្រាអ៊ែលដែលឈរជើងនៅឥណ្ឌា រដ្ឋ Karnataka ។ ប្រភពពីសារព័ត៌មានឥណ្ឌា timesofindia ឲ្យដឹងថា រដ្ឋ Karnataka កាលពីឆ្នាំមុននេះបានជួបបញ្ហាប្រឈមច្រើនក្នុងការធ្វើកសិកម្មដូចជាគ្រោះរាំងស្ងួត និងកង្វះខាតធនធានទឹកជាដើម ដូចច្នោះបញ្ហារួមនោះគឺកសិករភាគច្រើនខ្វះខាតទឹកប្រើប្រាស់ ដោយសារមើលឃើញថា ធនធានទឹកកំពុងខ្វះខាតប្រមាណ ៨០ ទៅ ៨៥% បើធៀបនឹងធនធានទឹកលើពិភពលោក បានជានាំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបង្កើតគំនិតថ្មីៗបំផុសទៅរដ្ឋាភិបាល ។

គេបានរៀបចំប្រព័ន្ធមួយដើម្បីដាក់ពន្ទុក្នុងការប្រើប្រាស់ទឹករបស់កសិករ ធ្វើបែបនេះការប្រើប្រាស់ទឹកនឹងកាន់តែអស់តិច ទិន្នផលនឹងកាន់តែបានច្រើន មានន័យថា កសិករណាដែលពូកែសន្សំទឹកនឹងទទួលបានពិន្ទុខ្ពស់ ។

គំនិតនេះត្រូវបានគេធ្វើតេស្តដំបូងនៅរដ្ឋ Karnataka ដោយរៀបចំឲ្យមានឧបករណ៍សម្រាប់វាស់បរិមាណទឹកនៅតាមស្រែចម្ការ អ្នកណាដែលប្រើប្រាស់ទឹកយ៉ាងមានប្រសិទ្ធភាពបំផុតនឹងទទួលបានរង្វាន់ពីរដ្ឋាភិបាល ។

របាយការណ៍ដដែលបញ្ជាក់ថា គេបានលើកទឹកចិត្តឲ្យកសិករធ្វើកសិកម្មបែបប្រវាស់ដៃគ្នា ឬជួយធ្វើគ្នាម្តងម្នាក់ដើម្បីជួយកសិកម្មតូចៗទទួលបានពន្ទុបន្ថែម និងទាញយកបច្ចេកវិទ្យាទំនើបៗមកប្រើទាំងអស់គ្នា ។

គំនិតសាមញ្ញៗផ្សេងទៀតគឺរៀបចំប្រព័ន្ធស្រោចស្រពដោយប្រើរ៉ូប៊ីណេក្បាលតូច (micro-irrigation subsidy) សម្រាប់កសិករដែលមានដីធ្វើកសិកម្មចាប់ពី ២ ដល់ ៥ ហិចតា ។ គេបានបញ្ជាក់ថា គ្រាន់តែប្រើប្រព័ន្ធស្រោចស្រពដែលបាញ់ទឹកតិចៗបែបនេះក៏អាចជួយឲ្យកសិករសន្សំទឹក ព្រមទាំងទទួលទិន្នផលខ្ពស់ផងដែរ លើសពីនេះគេបានរៀបចំឲ្យមានប្រព័ន្ធស្រោចស្របបែបស្វ័យប្រវត្តិឬ Automation ដើម្បីឲ្យប្រព័ន្ធនេះធ្វើការដោយខ្លួនឯង ។

លើការរៀបចំទាំងនេះ គេក៏បានស្នើសុំឲ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅតាមស្រែចម្ការដើម្បីបំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្រិតខ្ពស់ ជួយឲ្យកសិករសន្សំថ្លៃដើមបានច្រើន ។

គួររម្លឹកថា ក្រៅពីគម្រោងថ្មីៗទាំងនេះ អ៊ីស្រាអ៊ែលធ្លាប់មានគម្រោងកសិកម្មកន្លងមកដើម្បីជួយកសិករក្នុងស្រុកនិង ក្រៅប្រទេសដូចជាគម្រោង Greensoil ដែលគេបានបំបែកបច្ចេកវិទ្យាកសិកម្មទៅជាប្រភេទតូចៗមានដូចជា

១-បច្ចេកវិទ្យាជីវសាស្ត្រ (BioTech)

ភាគច្រើនក្រុមហ៊ុនដែលរកស៊ីលើផ្នែកនេះផ្តោតទៅលើការបង្កាត់ពូជដំណាំ និងបង្កាត់ពូជបាក់តេរីដែលមានប្រយោជន៍ដើម្បីជំនួយការលួតលាស់ដំណាំ ហើយមានក្រុមហ៊ុនខ្លះបានប្រើប្រាស់បច្ចេកវិទ្យាកាត់ហ្សែនដើម្បីបង្កើនការលូតលាស់កាន់តែឆាប់រហ័ស ។

២-កសិដ្ឋានឆ្លាត (Smart Farming)

ទិន្នន័យ (Data-based) ដែលគេប្រមូលយកទៅទុកនៅលើអ៊ីធឺណេត អាចទស្សន៍ទាយ ឬវិភាគ ដើម្បីជួយកសិករសម្រេចចិត្តពីបញ្ហាក្នុងកសិដ្ឋានប្រចាំថ្ងៃ ដូចជា ប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងសត្វល្អិត ការគ្រប់គ្រងហានិភ័យផ្សេង ។

៣-ការការពារដំណាំ (Crop protection )

អាជីវកម្មប្រភេទនេះ បានផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកទេសជីវៈសាស្ត្រ និងសារធាតុគីមី ដែលគ្មានជាតិពុល និងមិនប៉ះពាល់បរិស្ថាន ដើម្បីការពារដំណាំពីសត្វល្អិត និងជម្ងឺ  ។

៤-ម៉ាស៊ីន និងរ៉ូបូត (Machinery and Robotics)

នៅអ៊ីស្រាអែល មានក្រុមហ៊ុនដែលផលិតម៉ាស៊ីន រ៉ូបូត និងឧបករណ៍ប្រើប្រាស់ដើម្បី ប្រើឲ្យវាធ្វើការនៅក្នុងកសិដ្ឋាន ឬចម្ការដោយស្វ័យប្រវត្តិ ដូចជាប្រមូលផលដំណាំ និងរៀបចំដំណាំជាដើម ។

៥-គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនិងទឹក

អ៊ីស្រាអែលត្រូវបានទទួលស្គាល់ថាជាប្រទេសមានគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ទឹក ប៉ុន្តែមានក្រុមហ៊ុនថ្មីៗជាច្រើននៅតែស្វែងរកមធ្យោបាយក្នុងការគ្រប់គ្រងធារាសាស្ត្រ និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកកាន់តែល្អជាងមុន ។

៦-ការប្រមូលផល (Post-harvest)

នេះជាបច្ចេកវិទ្យាក្នុងការកាន់បន្ថយការខាតបង់ក្រោយពេលប្រមូលផល តាមមធ្យោបាយផ្សេងៗដូចជា ការស្តុកទុកទិន្នផល ការវេចខ្ចប់ និងការគ្រប់គ្រងអាកាសធាតុជាដើម ។

៧-អ្នកជួយទិញលក់

ក្រុមហ៊ុនទាំងនេះបានរៀបចំគម្រូអាជីវកម្មថ្មីលើការផ្គត់ផ្គង់ ដោយភ្ជាប់ទំនាក់ទំនងពីកសិករទៅកាន់អតិថិជន តាមរយៈ digital platform ។

៨-ប្រព័ន្ធកសិកម្មច្នៃប្រឌិត

គំនិតច្នៃប្រឌិតក្នុងការធ្វើកសិកម្មថ្មីៗមានដូចជា ផ្ទះបៃតង (greenhouse) កសិដ្ឋាននៅទីប្រជុំជន (urban farming) អ៊ីដ្រូប៉ូនិក (ដាំដំណាំដោយមិនប្រើដី ពន្លឺព្រះអាទិត្យ និងប្រើទឹកតិច) ។

៩- Livestock

ក្រុមហ៊ុនដែលរកស៊ីផ្នែកនេះ មានសមត្ថភាពបង្កើតបច្ចេកវិទ្យាសម្រាប់តាមដានស្ថានភាពសត្វចិញ្ចឹមជាក់ស្តែង ដូចជាចំនួនទឹកដោះនៅក្នុងខ្លួនសត្វ ចំណីដែលវាត្រូវការ ថ្ងៃកើតកូនជាដើម ។

១០-ការគ្រប់គ្រងកាកសំណល់

វាជាការកែច្នៃលាមក កម្ទេចជី កាលសំណល់ទិន្នផល  និងអាហារ ដើម្បីកាត់បន្ថយសារធាតុប៉ះពាល់ ព្រមទាំងយកមកប្រើឡើងវិញ ។

អត្ថបទដោយ​៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here