អ៊ិន ច័ន្ទធារ៉ា៖ មុខរបរខ្ញុំមានគេធ្វើច្រើន តែខ្ញុំមិនខ្លាចពួកគេទេ ព្រោះខ្ញុំអនុវត្តន៍រឿងទាំងនេះ

0
1937

ធ្លាប់ជាក្មេងទូលនំលក់ដើម្បីយកលុយមកសិក្សា និងជាសហគ្រិនមួយរូបដែលជួបការបរាជ័យច្រើនជាង១០ដង​ ទាក់ទងទៅនឹងការបើកសាលារៀន ការបើកទស្សនាវដ្តី ការបើកក្រុមហ៊ុនព័ត៌មានវិទ្យា និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀតនោះ បានធ្វើឱ្យលោក អ៊ិន ច័ន្ទធារ៉ា សហស្ថាបនិកនំខ្មែរ នាឡិ លែងខ្លាចគូរប្រគួតប្រជែង ដោយគ្រាន់តែអនុវត្តន៍នៅយុទ្ធវិធីចំនួន ៣ តែប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក អ៊ិន ច័ន្ទធារ៉ា ដែលជាសហគ្រិនមួយរូបមានគោលបំណងប្រែក្លាយនំខ្មែរ ដែលមិនសូវមានគេឱ្យតម្លៃ និងជានំដែលធ្វើលក់ជាលក្ខណៈគ្រួសារ ទៅជានំដែលមានយីហោច្បាស់លាស់ ព្រមទាំងចង់បង្កើតជារោងចក្រវេចខ្ចប់នាពេលអនាគតដើម្បីនាំចេញទៅកាន់ក្រៅប្រទេសផងនោះ បានបង្ហើបពីយុទ្ធវិធីរបស់ខ្លួនចំនួន ៣ សម្រាប់គ្រប់គ្រងអាជីវកម្ម។

១. អភិរក្ស និងលើកតម្កើន

សហស្ថាបនិកនំខ្មែរ នាឡិ វ័យ៣៧ឆ្នាំរូបនេះ បានលើកឡើងថា “ខ្ញុំបានចងក្រងនៅរូបមន្តនំខ្មែរដែលខ្ញុំមានជាង៦០មុខនោះទុក ហើយខ្ញុំយកវាទៅចែករំលែកនៅលើបណ្តាញសង្គម ចំណែកអ្នកដែលចង់ចេះធ្វើនំអ្វីមួយក្នុងចំណោម៦០មុននោះ​ ពួកគេអាចចូលទៅយកនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំបាន” នេះគឺជាវិធីសាស្រ្តធ្វើការផ្សព្វផ្សាយមួយរបស់ខ្ញុំ ដែលខ្ញុំឱ្យនិយមន័យវាថា “អភិរក្ស និងលើកតម្កើន”។

២. គុណភាព ​និងអនាម័យ

សហគ្រិនរកស៊ីខាតច្រើនជាង១០ម្នាក់នេះ បានបញ្ជាក់ទៀតថា ខ្ញុំមិនមែនគ្រាន់តែនិយាយពីគុណភាព និងអនាម័យតែមាត់នោះទេ ពោលគឺប្រសិនបើបងប្អូនចង់ទៅមើលកន្លែងដែលពួកខ្ញុំធ្វើនំ និងវេចខ្ចប់អាចទៅមើលដោយផ្ទាល់បាន ព្រោះសព្វថ្ងៃនេះមានអតិថិជនមួយចំនួនបានទៅមើលពីការផលិត និង គុណអនាម័យរបស់ពួកយើងរួចហើយ។ ការធ្វើបែបនេះ គឺខ្ញុំចង់បង្ហាញពីភាពស្មោះត្រង់ក្នុងនាមខ្ញុំជាអ្នកផលិតនំខ្មែរ និងការទទួលខុសត្រូវពីសុខភាពរបស់អ្នកញ៉ាំ។

៣. យីហោ និងការផ្សព្វផ្សាយ

លោក អ៊ិន ច័ន្ទធារ៉ា បានសង្កត់ធ្ងន់ថា ខ្ញុំតែងតែព្យាយាមធ្វើឱ្យអាជីវកម្មរបស់ខ្ញុំខុសប្លែកពីអាជីវកម្មរបស់អ្នកដទៃដែលរកស៊ីលើវិស័យដូចគ្នា។ ខុសប្លែករហូតធ្វើឱ្យយើងមានយីហោច្បាស់លាស់ ផលិតផលច្បាស់លាស់ ការវេចខ្ចប់ច្បាស់លាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈស្តង់ដា ដែលគូរប្រកួតប្រជែងរបស់យើងមិនងាយនឹងអាចធ្វើបានឡើយ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here