លុយ​វិនិយោគ ៨៣% នៅអាស៊ីអាគ្នេយ៍​ត្រូវ​ក្រុមហ៊ុន​ធំៗទាំង​នេះក្តោបក្តាប់​ស្ទើរ​ទាំង​អស់

0
524

ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ បច្ចេកវិទ្យា​នៅតំបន់​អាស៊ីអាគ្នេយ៍យើង​មាន​ការ​រីកចម្រើន​ខ្លាំង​មែនទែន​ដោយសង្កេត​ឃើញមានអាជីវកម្ម​ចាប់​ផ្ដើម​ថ្មីមួយចំនួនមាន​លទ្ធភាពពង្រីកខ្លួនចេញទៅក្រៅតំបន់ ព្រមទាំង​ទទួល​បានការវិនិយោគលោតដល់​ខ្ទង់​ពាន់ៗលានដុល្លា​ពីក្រុមហ៊ុនវិនិយោគធំៗមានជាអាថ៌ Softbank, Alibaba, ឬGoogle ជាដើម។

តាមរបាយការណ៍មួយរបស់​ក្រុមហ៊ុនផ្ដល់ទុន Cento Ventures មានទីតាំង​នៅ Singapore បានឱ្យដឹង​ថាលុយទុនវិនិយោគប្រមាណជា​ ៨៣ភាគរយនាដើម​ត្រីមាស​ទី១ក្នុង​ឆ្នាំ២០១៨​ត្រូវបានធ្លាក់ទៅលើ​កណ្ដាប់ដៃ​ក្រុមហ៊ុនបច្ចេកវិទ្យា​ធំចំនួនបួនគឺ ក្រុមហ៊ុនហៅតាក់ស៊ី Grab, ក្រុមហ៊ុនហៅម៉ូតូឌុប Go-Jek, ក្រុមហ៊ុនអ៊ីនធឺណេតសាំងហ្គាពួរ Sea, ក្រុមហ៊ុនលក់ឥវ៉ាន់អនឡាញ Lazada។

បើតាម​លោក Dimitri Levit ដែលជាស្ថាបនិករបស់​ក្រុមហ៊ុន Cento Ventures បានឱ្យដឹង​ថា​ សម្រាប់រដ្ឋាភិបាល ចំនួនលុយដ៏សន្ធឹក​សន្ធាប់​នេះ ឱ្យតែជះទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា នោះនឹង​ផ្ដល់​ជាសញ្ញា​ល្អសម្រាប់​ឱ្យប្រទេស​របស់​គេ​ ដោយហេតុ​តែ​ក្នុង​រយៈ​ពេលវែង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​អស់​នោះនឹង​បង្កើតឱ្យ​មាន​បរិយាកាសបច្ចេកវិទ្យា ព្រមទាំង​បណ្ដុះបណ្ដាល​នូវ​អ្នក​អភិវឌ្ឍន៍​ និង​សហគ្រិន​ខាង​បច្ចេកវិទ្យា​នៅក្នុង​ស្រុកបន្ថែម។

តែលោក ​Dimitri ក៏បាន​លើក​នូវ​ការមើលឃើញពីជ្រុង​ខាងម្ចាស់​អាជីវកម្ម​ឬមនុស្ស​ធម្មតាវិញថា ការដែលលុយ​វិនិយោគភាគច្រើនត្រូវ​បានជះតែទៅលើ​ក្រុមហ៊ុន​តែ​ប៉ុន្មាន​ដូច្នោះក៏អាច​ធ្វើ​ឱ្យ​បរិយាកាស​អាជីវកម្មចាប់​ផ្ដើម​ថ្មីផ្នែកបច្ចេកវិទ្យា​មានសភាពផុយស្រួយដែរ ដោយហេតុ​តែ​អាជីវកម្មទាំង​បួននេះក្រៅតែពីតំបន់អាស៊ីអាគ្នេយ៍ មិនទាន់​ជារកប្រាក់ចំណេញបានប៉ុន្មាននោះទេ ជួនកាលទៀត​អាច​នឹង​ធ្វើ​ឱ្យអ្នក​វិនិយោគពីអន្តរជាតិ​រារែកចិត្ត​នឹង​វិនិយោគក្នុង​តំបន់។

យ៉ាង​ណាក៏ដោយសម្រាប់​លោក Dimitri គាត់​គិត​ថា​វាជាសញ្ញា​ល្អ​ដោយហេតុ​តែ​ក្រុមហ៊ុន​ធំៗទាំង​នេះធ្វើការទិញយកក្រុមហ៊ុនតូចៗ ។

គួរ​បញ្ជាក់​ផងដែរថា​ ក្នុងត្រីមាស​ទីមួយឆ្នាំ២០១៨កន្លងទៅទំហំទឹក​ប្រាក់​វិនិយោគនៅក្នុង​អាជីវកម្មខាង​ផ្នែក​បច្ចេកវិទ្យា​នៅអាស៊ីអាគ្នេយ៍មានទំហំប្រមាណ ៧២៩៩លានដុល្លា ដោយដឹងត្រួសៗថា​ Lazada ទទួលទុន​ប្រមាណ២ពាន់លានដុល្លា Grab ខ្ទង់​២ពាន់លានដុល្លាដូចគ្នា Go-jek បានប្រមាណ១.៥ពាន់លានដុល្លា ខណៈដែល Sea បានទុនវិនិយោគ ៥៧៥លានដុល្លា។ ឥណ្ឌូនេស៊ី និង​សិង្ហបុរីនាំមុខគេ​ក្នុងការទទួលបានទុន​នៅក្នុង​តំបន់តាមពីក្រោយដោយ ម៉ាឡេស៊ី និង ហ្វីលីពីន។

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here