វិស័យលេចធ្លោចំនួន៣ អ្នកគួរសិក្សាចាប់ផ្តើមវិនិយោគក្នុងពេលបច្ចុប្បន្ន

0
1601

មានលុយហើយ តែមិនដឹងគួររកស៊ីអ្វីមែនទេ លោកអាចពិចារណាប្រើប្រាស់វាក្នុងផ្លូវវិនិយោគបាន ខណៈពេលដែលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាកំពុងតែចាប់ផ្តើមមានដំណើរការកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។​

ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកនូវវិស័យដ៏លេចធ្លោចំនួន៣ សម្រាប់អ្នកដែលមានលុយហើយមិនដឹងថាគួរប្រើការបែបណា មិនដឹងគួរវិនិយោគអ្វីពិតប្រាកដ។​

១. វិស័យអចលនទ្រព្យ

សម្រាប់អ្នកដែលមានលុយកាក់ច្រើន ការចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យគឺជារឿងល្អ ដោយសារតែការវិស័យមួយនេះមិនថា វិស័យដីធ្លា សំណង់ផ្ទះល្វែង និងសំណង់អាគារពាណិជ្ជកម្មសុទ្ធតែមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នា អ្វីដែលលោកអ្នកត្រូវត្រៀមលក្ខណៈ ការវិនិយោគក្នុងវិស័យនេះ ការវិនិយោគចំគោលដៅហុចចេញផ្លែផ្កាមានរយៈពេលវែង មិនអាចឲ្យអ្នកទទួលបានផលចំណេញច្រើនក្នុងពេលភ្លាមៗនោះទេ ចឹងហើយទើបអ្នកដែលមានលុយកាក់តិចតួចមិនគួរវិនិយោគទាំងត្រដាប់ត្រដួសក្នុងវិស័យនេះឡើយ។​

២. វិស័យមូលបត្រ

សម្រាប់អ្នកដែលមានទុនតិច មានចំណេះដឹងតិចតួចមិនសូវជំនាញក្នុងការវិនិយោគ និងអ្នកដែលកំពុងតែធ្វើការងារឲ្យគេ គួរងាកមកសម្លឹងមើលវិស័យមួយនេះ ព្រោះទីផ្សារក្នុងវិស័យចាប់ផ្តើមមានដំណើរការជាបណ្តើរៗ ហើយវាជាការវិនិយោគដែលបង្កហានិភ័យតិច ជាមួយនឹងអត្ថប្រយោជន៍ច្រើន។​

ការវិនិយោគក្នុងវិស័យនេះ ត្បិតតែមិនអាចចំណេញច្រើនលើសលុបក្នុងខណៈអ្នកមិនមែនជាអ្នកជំនាញ ប៉ុន្តែជាទូទៅអ្នកចំណេញច្រើនជាងការរក្សាលុយទុកធនាគារប្រមាណ៣ដង។ ជាក់ស្តែង ផលចំណេញចំពោះការវិនិយោគដ៏ត្រឹមត្រូវនឹងធ្វើឲ្យលុយរបស់អ្នកកើតកូនពង្រីកខ្លួនបានលឿនជាអតិផរណា។

អ្នកគួរគប្បីវិនិយោគក្នុងវិស័យនេះសម្រាប់រយៈពេលវែង ប្រសើរជាងវិនិយោគជួញដូរក្នុងរយៈពេលខ្លី ប្រសិនបើអ្នកមិនសូវយល់ដឹង និងមិនសូវមានជំនាញក្នុងវិស័យនេះ។​

៣. អាជីវកម្មកើតថ្មី

ការវិនិយោគដែលផ្តល់ឱកាសចំណេញមួយផ្សេងទៀត និងជាការវិនិយោគដ៏មានសក្តានុពលខ្លាំងដែរនោះគឺការវិនិយោគជាមួយអាជីវកម្មកើតថ្មី ដែលជាទូទៅអាជីវកម្មកើតថ្មីភាគច្រើនតែប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងបញ្ហាបន្ទាប់បន្សំផ្សេងទៀត។ ហេតុនេះ ក្នុងនាមជាអ្នកវិនិយោគ អ្នកសិក្សាលើអាជីវកម្មដែលអាចមានសក្តានុពល និងបោះទុនជួយឲ្យអាជីវកម្មនោះទទួលបានជោគជ័យ នោះផលទុនរបស់អ្នកក៏ចំណេញទៅតាមការចម្រើននៃអាជីវកម្មនោះដូចគ្នាដែរ។​

ប៉ុន្តែនៅត្រង់ចំណុច ខ្ញុំចង់បញ្ជាក់ប្រាប់ថា ការវិនិយោគក្នុងអាជីវកម្មកើតថ្មី ប្រឈមមុខនឹងហានិភ័យច្រើន ដោយសារតែអាជីវកម្មកើតថ្មីភាគច្រើនងាយនឹងដួលរលំយ៉ាងផុយស្រួយនៅពេលអាជីវកម្មមិនមានគោលដៅច្បាស់លាស់ គ្មានប្រព័ន្ធគ្រប់គ្រង និងផែនការអាជីវកម្មត្រឹមត្រូវទេនោះ។​

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-in

Co-Founder Phsar Khmer

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here