លោក ហែម ហេម៉ា៖៣ចំណុចដំបូងសម្រាប់ហ្រ្វេនឆាយ ដែលអ្នកចាប់ផ្តើមមុនគេមិនគួរមើលស្រាលជាដាច់ខាត

0
1321

វាមិនមែនជាចំណុចកំពូលនៃការធ្វើអាជីវកម្មហ្រ្វេនឆាយនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមនៃការធ្វើឲ្យអាជីវកម្មមួយល្បី និងបានការទទួលស្គាល់ពីមហាជន។ ក្នុងជំនួបជាមួយក្រុមការងារ Business Cambodia ស្ថាបនិកបោកអ៊ុតទំនើប និងយក្សាបោកអ៊ុតបានបង្ហើបថា មានរបស់៣យ៉ាងដែលអ្នកគួរមាន និងមិនអាចមើលស្រាលបានជាដាច់ខាតទីមួយនោះគឺ គំនិត ទីពីរ ទុន និងទីបី គឺឱកាសដែលចំណុចនីមួយៗយើងនឹងធ្វើការបកស្រាយដូចខាងក្រោម៖

១.គំនិត

គំនិតអាជីវកម្មមិនមែនចាំបាច់ថ្មីសុទ្ធសាធនោះទេ ប៉ុន្តែគំនិតបង្កើតស្តង់ដារមួយថ្មីសម្រាប់របរមួយទៅវិញទេ ទើបចាត់ទុកថា ជាគំនិតអាជីវកម្មដែលល្អបំផុត។ លោក ហេម៉ា បន្តថា កាលពីពេលចាប់ផ្តើមដំបូង ភាគតិចណាស់ដែលគេជឿជាក់លើរបរនេះជាមួយគាត់ ហើយគេសើចចំអកឲ្យផងក៏មាន ប៉ុន្តែគំនិតបង្កើតស្តង់ដារបោកអ៊ុតរបស់គាត់ជម្រុញឲ្យអាជីវកម្មមួយនេះដើរទៅមុខ ហើយបន្ទាប់មកទៀតមូដ៉ែលបោកអ៊ុតទំនើបរបស់គាត់ក្លាយជាគម្រូហាងបោកអ៊ុតនានាស្ទើរតែគ្រប់ទីកន្លែង។

២.ទុន

ទុនក៏សំខាន់ណាស់ដែរ គាត់លើកឡើងថា ម្ចាស់ហ្រ្វេនឆាយត្រូវតែចេះរកទុនពង្រីកឲ្យបានលឿនបំផុតតាមដែលអាច កាលណាយីហោរបស់អ្នកមានសាខាច្រើនហើយលក់ដាច់ មិនខ្វះទេអ្នកចាប់អារម្មណ៍ និងទិញយីហោរបស់អ្នកទៅរកស៊ី។ ទុននេះមិនសំដៅថាសម្រាប់បើកប៉ុណ្ណោះទេ គឺសម្រាប់ធ្វើទីផ្សារ និងចំណាយដើម្បីកសាងយីហោផងដែរ ដែលម្ចាស់អាជីវកម្មត្រូវគិតគូរ ឬចេះប្រើលុយអ្នកដទៃមកធ្វើជាដើមទុន។

៣.ឱកាស

ការចេះបង្កើតឱកាស និងឈ្មូសឈ្មុលធ្វើឲ្យឱកាសធ្លាក់ក្នុងកណ្តាប់ដៃខ្លួនឯងជារឿងមួយមិនអាចខ្វះបានឡើយ សម្រាប់ម្ចាស់ហ្រ្វេនឆាយថ្មី ដែលចង់នាំយីហោរបស់ខ្លួនចូលទីផ្សារ ដែលពីមុនមកគេមិនសូវចាប់អារម្មណ៍ ឬមិនសូវឲ្យតម្លៃ។ ល្គិកណាអ្នកមិនទាន់អាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះបានទេ អ្នកនឹងពិបាកធ្វើឲ្យយីហោហ្រ្វេនឆាយរបស់ខ្លួនរឹងមាំបានណាស់ ទោះមានទុនច្រើនហើយក៏ដោយក្តី ក៏ការផ្លាស់ប្តូរការយល់ឃើញរបស់មហាជនទូទៅគឺជារឿងសំខាន់ ហើយក៏ជា​ឱកាសឈ្នះតែមួយគត់ផងដែរ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here