Mcdonald’s មិនមានរសជាតិអស្ចារ្យពេកនោះទេ ហេតុអ្វីក្លាយជាយីហោកំពូលទៅកើត?

0
547

Mcdonald’s ត្រូវបានគេចាត់ទុកថាក្លាយជាយីហោកំពូលផុតលេខទៅហើយ ដែលមានតម្លៃហ្រ្វេនឆាយថ្លៃជាងគេ លក់ដាច់ច្រើនជាងគេ ហើយវាយឬកមិនចូលស្រុកដែលខ្លួនគិតថាសេដ្ឋកិច្ចនៅមានកម្រិតមួយមិនសមនឹងមាឌខ្លួនទៀតផង។ យ៉ាងណាមិញ បើនិយាយពីរសជាតិអាហារយីហោមួយនេះ មិនបានឆ្ងាញ់ជាងយីហោដទៃដាច់ណាត់នោះទេ គឺមួយបែបម្នាក់ អាចនិយាយបានថាស្ថិតក្នុងការប្រកួតប្រជែង តែហេតុអ្វីក៏យីហោមួយនេះគ្រងតំណែងកំពូលទៅកើត?

៣ចំណុចខាងក្រោម Business Cambodia នឹងលើកឡើងពីគុណសម្បត្តិធំៗដែលយីហោនេះ ធ្វើបាន និងកសាងរាល់ថ្ងៃ៖

១.លក់ដាច់ខ្លាំងជាងគេ

សូម្បីSubway ក៏មិនហ៊ានក្អកជាមួយយីហោពណ៌ក្រហមមួយនេះដែរ បើទោះបីជាយីហោនំប៉័ងសាច់មានសាខាច្រើនជាងក្តី។ យ៉ាងណាក៏ដោយចុះ ទិន្នន័យនៃការលក់ និងប្រសិទ្ធភាពនៃការលក់សិទ្ធអាជីវកម្មរបស់យីហោនេះ(ទាល់តែអ្នកទិញសិទ្ធគ្រប់គ្រងដោយផ្ទាល់ទើបព្រមលក់ឲ្យ)ធ្វើឲ្យសាខានីមួយៗរីកចម្រើន ហើយនៅតែជាកំពូលយីហោមួយដែលពិបាកនឹងវាយផ្តួល។

២.កសាងយីហោខ្លាំងជាងគេ

យីហោនេះបានកសាងយីហោជាច្រើនយុទ្ធសាស្រ្ត តែសូមជម្រាបយុទ្ធសាស្រ្តដែលលេចធ្លោមួយចុះ គឺមហាសេដ្ឋីកំពូលៗ និងអ្នកក្តាប់តួនាទីធំៗ សុទ្ធតែញាំអាហារពីយីហោទាំងនេះស្ទើរតែទាំងអស់ អញ្ចឹងហើយទើបធ្វើឲ្យទំនុកចិត្តលើយីហោនេះពីអតិថិជនគ្មានគូប្រៀប ហើយក្លាយជាយីហោកំពូលបន្តទៀតក៏មិនខុសទាស់អីដែរ។

៣.យីហោដែលល្បីមុនគេ និងនាំមនុស្សម្នាឲ្យស្គាល់ហ្រ្វេនឆាយ

យីហោនេះល្បីតាំងពីឆ្នាំ១៩៦៥ឯណោះ តាំងពីជំនាន់ដែលប្រទេសសេដ្ឋកិច្ចធំៗក្រៅពីអាមេរិកនៅមិនទាន់ដឹងថាអ្វីជាអាជីវកម្មហ្រ្វេនឆាយផង។ អាចនិយាយបានថា ហ្រ្វេនឆាយជាស្នាដៃរបស់យីហោមួយនេះ​ ក្នុងការបង្កើត និងនាំមនុស្សម្នាឲ្យស្គាល់ ហើយក៏ជួយអ្នករកស៊ីមួយចំនួនឲ្យក្លាយជាសេដ្ឋីដែរ ដូច្នេះហើយគុណបំណាច់មួយនេះល្មមឲ្យយីហោមួយនេះ ឈរជើងនៅលំដាប់លេខមួយសិនចុះ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here