សម្រាប់​ឆ្នាំ ២០១៩ នេះ តើ​នឹង​មាន​អ្វីប្លែក​ខ្លះសម្រាប់​ទីផ្សារ​ស្មាត​ហ្វូន?

0
246

ចប់​ ២០១៨ ចូល ២០១៩ ទំនោរបច្ចេកវិទ្យា​ថ្មីៗ ជាពិសេស​បច្ចេកវិទ្យា​នៅស្មាត​ហ្វូន​ដោយយើង​ឃើញថា​មានការរីកចម្រើន​ចេញនូវ​មុខងារទាំង​ផ្នែកទន់ និង​ផ្នែក​រឹង​ថ្មីរហូត​មិនចេះអស់ ផ្ដល់​ភាពងាយ​ស្រួលដល់អ្នក​ប្រើប្រាស់កាន់តែ​សម្បូរ​បែប​ ទីផ្សារស្មាតហ្វូននឹងមានការផ្លាស់ប្តូរទៅរកនិន្នាការថ្មី និងប្លែកៗ ។

១. កាមេរ៉ាកាន់តែច្រើន ចំនួន​ភិចសែល​កាន់តែ​ច្រើន

ទំនោរ​នេះយើង​ឃើញមាន​តាំង​តែ​ពីឆ្នាំមុនមកម្លេះ ដោយកាមេរ៉ា​ស្មាតហ្វូន​មិនមែនមាន​ត្រឹម​តែមួយឬពីរ​ដូច​មុនទៀតឡើយ យើង​ឃើញខ្លះមាន​ឡើង​ដល់​ទៅបួនគ្រាប់ តួ​យ៉ាង​ដូច​ជា ​Samsung Galaxy A9 សេរ៊ីក្រោយនេះជាដើម។

ការថត​រូប​នៅលើ​ស្មាតហ្វូន​ក្លាយទៅជារឿងមួយដែលពេញនិយម ដោយអ្នក​ប្រើប្រាស់​ភាគច្រើនមុននឹង​សម្រេច​ចិត្ត​ធ្វើ​កា​រ​ទិញ​ស្មាតហ្វូន​មួយ​ពួកគេបាន​ពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​របស់កាមេរ៉ា​ដោយខានពុំបាន  ជាហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិតទូរស័ព្ទ​ខំប្រឹង​ប្រែង​ធ្វើយ៉ាង​ណា​ឱ្យ​គុណភាពដែលផលិត​ចេញពី​ស្មាត​ហ្វូនរបស់ខ្លួន​មាន​លក្ខណៈ​ស្រស់​ស្អាត​ជាង​ដៃ​គូប្រកួត​ប្រជែង។

ក៏មាន​លេច​ឮខ្លះៗ​ដែរថា មានក្រុមហ៊ុនដូចជា Xiaomi ជាដើមកំពុង​តែ​សម្ងំផលិត​ទូរស័ព្ទ​មាន​កាមេរ៉ាជាមួយនឹង​កម្រិត​ភិចសែល​រហូត​ដល់ទៅ ៤៨ មេហ្គាភិចសែល លើស ​Mate 20 Pro និង P20 Pro របស់ ​Huaweiទៀត។ ជាមួយគ្នា​នេះផងដែរ LG ក៏បាន​ស្នើ​សុំប័ណ្ណប៉ាតង់​សម្រាប់​ទូរស័ព្ទ​របស់​ខ្លួន​ដែលមាន​ចំនួនកាមេរ៉ា​រហូត​ដល់​ទៅ១៦។

២. សាក​ថ្មកាន់តែលឿន

ថ្មស្មាតហ្វូនពីមួយឆ្នាំៗទៅមួយឆ្នាំកាន់តែ​តូច​ទៅៗជាមួយ​នឹង​រយៈ​ពេលប្រើប្រាស់​យូរ​ជាង​មុន អាច​បត់បែនបានមានសុវត្ថភាពខ្ពស់ ពិសេសជាង​នេះគឺការ​សាក​ថ្មកាន់តែ​លឿន។ បច្ចេកវិទ្យាសាកថ្មលឿននេះនឹង​មិនទៅណានោះទេ មានតែ​អភិវឌ្ឍបន្ថែម កាន់តែ​លឿនកាន់តែ​រហ័ស​ជាងមុន ជាក់ស្តែងដូចជាក្រុមហ៊ុន Oppo ជាដើម បានចេញបច្ចេកវិទ្យា Vooc អាចសាកថ្មីលឿនជាងឆ្នាំងសាក​ Fast Charge ២ ដង។

៣. ដោះសោរ​ដោយប្រើមុខនិងស្កេនលើអាក្រង់

ដំបូង​ឡើយមានក្រុមហ៊ុ​នធំៗពីរ​ Apple និង Samsung ប្រើប្រាស់​បច្ចេកវិទ្យា​ដោះសោរដោយចំណាំផ្ទៃ​មុខ និង​ប្រស្រីភ្នែក។ សម្រាប់​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ផ្សេងទៀត​នឹង​ចាប់ផ្ដើ​មបញ្ចេញស្មាតហ្វូន​របស់​ខ្លួន​ជាមួយនឹង​ការ​ដោះសោរ​ដោយប្រើផ្ទៃមុខនេះ តាម​បច្ចេកវិទ្យា​ផ្សេងៗរបស់​ខ្លួនដែលអាច​ជាការ​ស្ទង់​ជម្រៅមុខ ឬ​ស្កេន​ប្រស្រីភ្នែក​ជាដើម។

បន្ថែម​ទៅលើនេះ ទំនោរនៃការ​ដាក់​សេនស័រ​ស្កេន​ក្រយ៉ៅដៃបង្កប់នៅក្នុង​អេក្រង់​នឹង​មានច្រើន​ដោយហេតុ​តែ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូនភាគច្រើន​កាត់​គែម​អេក្រង់​ចោល ហើយ​មិនចង់​ដាក់​សេនស័រ​នៅខាង​ក្រោយ ព្រមទាំង​ផ្ដល់​ភាពងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ផងដែរ។

៤. ទំនោរនៃ​ទូរស័ព្ទ​5G

បច្ចេកវិទ្យាមួយនេះត្រូវ​បាន​គេ​និយាយ​ច្រើនរួច​មកហើយ​ តែមិនទាន់​ឃើញមានទូរស័ព្ទ​5G ណាមួយចេញជាផ្លូវ​ការ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅនៅឡើយនោះទេ ប៉ុន្តែ​ឆ្នាំ២០១៩នេះក្រុមហ៊ុន​ធំៗនឹង​ចាប់​ផ្ដើម​បញ្ចេញជាផ្លូវការ​ហើយ លើកលែង​តែ Apple អាច​នឹងបញ្ចេញ​នៅឆ្នាំក្រោយ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here