ឆ្នាំនេះ Toyota បង្ហើបថា នឹងយកឡានប្រចាំត្រកូល Corolla មកច្នៃជាឡានស្ព័រល្បឿនលឿនលក់ថោកៗ

0
470

បន្ទាប់ពីចេញ Corolla 2019 កាលពីចុងឆ្នាំ ២០១៨ កន្លងទៅ ស្រាប់តែលេចឮដំណឹងថាក្រុមហ៊ុន Toyota គ្រោងនឹងយកឡានប្រចាំត្រកូលរបស់ខ្លួន Corolla hatchback ឬពពួក Corolla គូទហើមដែលពេញនិយមនៅអាមេរិកត្រឡប់ចូលទីផ្សារវិញ ដើម្បីច្នៃជាឡានស្ព័រល្បឿនលឿនប្រកួតជាមួយដៃគូផ្សេងៗដែលនាំគ្នាចេញលក់ឡានល្បឿនលឿនថោកៗ ។

បើតាមលោក Tetsuya Tada អគ្គនាយកគ្រប់គ្រងម៉ូឌែល Supra sports ប្រាប់ទៅសារពត៌មានអូស្ត្រាលី carsales.com.au ថា Toyota មានគម្រោងផលិតឡានស្ព័រលើ Corolla hatchback ឬហៅថា sporty Corolla hatchback ប៉ុន្តែមិនទាន់មានគម្រោងដំឡើងរោងចក្រច្បាស់លាស់នៅឡើយ ។ លោក Tada បញ្ជាក់ថា ឥឡូវនេះដូចជាពិបាកបន្តិច ដោយសារមានការសំណូមពរផ្សេងៗគ្នាពីអតិថិជននៅប្រទេសផ្សេងៗ ដូចច្នោះ Toyota ពិបាកសម្រេចចិត្តថាគូផលិតឡានស្ព័រនេះយ៉ាងម៉េច គ្រាន់តែដឹងថាឡានស្ព័រដែលរំពឹងទុកនេះមានកន្ទុយឈ្មោះ GR មកពីពាក្យពេញថា Gazoo Racing ។

បើធៀបជាមួយគូប្រកួត បច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួនដូចជា Volkswagen បានចេញ Golf GTI, Honda បានចេញ​ Civic R, Ford ចេញ Ford Focus RS, Mazda ចេញ Mazdaspeed 3 ។ ដូចនេះដើម្បីប្រកួតប្រជែងជាមួយគូប្រកួតផ្សេងៗ Toyota ត្រូវដេញជើងគេឲ្យទាន់ ។ សូម្បីតែយីហោកូរ៉េ Hyundai ដែលគ្មានបទពិសោធន៍ខាងផលិតឡានស្ព័រ ក៏បានឆ្លៀតបង្កើតយីហោថ្មី N សម្រាប់លក់ឡានស្ព័រដែរ ។

ជាទូទៅ ឡានស្ព័រដែលក្រុមហ៊ុនទាំងនេះចេញលក់ ភាគច្រើនជាឡានតូចៗអង្គុយបានគ្នាពីរនាក់ ឬប្រភេទឡានទ្វារបី ហើយគេមិនសូវខ្វល់ពីភាពធន់ប៉ុន្មានទេ ដោយសារវាជាឡានដែលបើកលើផ្លូវស្អាតៗនិងមាឌតូចបានជាគេអាចលក់វាតម្លៃធូរថ្លៃ និងមិនបាច់អស់ថ្លៃថែទាំច្រើន ។

ប្រភេទឡានស្ព័រដូចជា Corolla hatchback នេះ ត្រូវបាន Toyota រំពឹងថានឹងនាំជម្រើសថ្មីដល់អតិថិជន ប៉ុន្តែ Toyota មិនទាន់បញ្ជាក់ច្បាស់លាស់ថាផលិតវាសម្រាប់តែទីផ្សារអាមេរិកឬលក់ទូទាំងពិភពលោកទេ ។

គួរបញ្ជាក់ថា Corolla hatchback 2019 ដែលចេញលក់សព្វថ្ងៃនេះមានតម្លៃចាប់ពី ១៩០០០ ដុល្លារឡើង ជាប្រភេទឡានតូច កង់ស្ព័រកម្ពស់ទាបសម្រាប់បើកបរលើផ្លូវស្អាតៗ ជាទូទៅវាមានម៉ាស៊ីន ២.០ លីត្រ ៤ ស៊ីឡាំង កម្លាំង ១៦៨ សេះ មាន៦ លេខទាំងលេខប្តូរដោយដៃ និងលេខអូតូ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here