ចូលដល់ឆ្នាំ ២០១៩ ការទូទាត់លុយអនឡាញនឹងវាយលុកទីផ្សារ ខណៈរំពឹងថ្លៃសេវាទាបជាងមុន ៩០%

0
139

បើនិយាយពីសេវាកម្មទូទាត់អនឡាញ ប្រទេសចិនបានក្លាយជាអ្នកនាំមុនគេទៅហើយ ខណៈដែលប្រទេសតូចៗដូចជាកម្ពុជាបានយកគម្រូបច្ចេកវិទ្យាមកបង្កើតជាសេវាកម្មថ្មីៗ ជាក់ស្តែង Pi Pay បានសហការជាមួយ Alipay ដើម្បីបម្រើសេវាកម្មទូទាត់អនឡាញនៅកម្ពុជា ។

ជាពិសេសអាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថាជាអនាគតថ្មីនៃទីផ្សារ Mobile Payment ឬសេវាទូទាត់លុយអនឡាន ។ ផ្អែកតាមរបាយការណ៍ពីធនាគាអភិវឌ្ឍន៍អាស៊ីកាលពីឆ្នាំ ២០១៧ បញ្ជាក់ថា អាស៊ីអាគ្នេយ៍មានអ្នកភ្ជាប់ទៅកាន់សេវាទូរស័ព្ទ ១៣៣% ប៉ុន្តែចំនួនអ្នកដែលមានគណនីធនាគារផ្ទាល់ខ្លួនមានប្រមាណ ២៧% ប៉ុណ្ណោះ ចំណែកកម្ពុជាយើងមានអ្នកប្រើស៊ីមកាតរហូតដល់ ១៧៨% និងអ្នកប្រើអ៊ីនធឺណេតប្រមាណ ៧០% (មានន័យថាម្នាក់ប្រើស៊ីមកាតលើសពីមួយ) ប៉ុន្តែអ្នកមានគណនីធនាគារត្រឹមតែ ១៣% ប៉ុណ្ណោះ ។

ក្នុងទិន្នន័យប៉ុននេះសេវាកម្មទូទាត់អនឡាញនៅមិនទាន់រីកខ្លាំងនៅឡើយទេ ដោយសារមនុស្សភាគច្រើនប្រើប្រាស់សេវាហិរញ្ញវត្ថុសម្រាប់តែកម្ចីនិងការទូទាត់បំណុលប៉ុណ្ណោះ ។ ប៉ុន្តែដោយសារធនាគារផ្សេងៗចាប់ផ្តើមបង្កើត App រួមផ្សំជាមួយសេវាកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងៗ បានជម្រុញឲ្យអាជីវកម្មតូចវិវត្តន៍ទៅរកការទូទាត់តាមអនឡាញបន្តិចម្តង ។

តាមការព្យាការណ៍ ទីផ្សារសេវាទូទាត់អនឡាញពិភពលោកកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ មានទំហំជាទឹកប្រាក់ប្រមាណ ៩៥ ពាន់លានដុល្លារ ហើយរំពឹងថាថ្លៃសេវាទូទាត់នឹងថយចុះដល់ទៅ ៩០% នេះបើតាមរបាយការណ៍ពី Startupbootcamp ចុះផ្សាយលើគេហទំព័រ Sea-Globe ។

ការវាយលុកទីផ្សារ លើសេវាទូទាត់នេះចាប់ផ្តើមរីកសាយពីប្រទេសអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ជាក់ស្តែងនៅម៉ាឡេស៊ី សូម្បីអ្នកលក់ដូចតាមរទះក៏មានដាក់ QR Code សម្រាប់ឲ្យអតិថិជនស្កេនដើម្បីទូទាត់លុយដែរ ។ ចំណែកនៅកម្ពុជាយើងមធ្យោបាយទូទាត់ស្រដៀងគ្នានេះក៏ចាប់ផ្តើមរីកចម្រើនដែរ គ្រាន់តែអ្នកប្រើប្រាស់នៅមានកម្រិត ដែលរួមមានអ្នកផ្តល់សេវាកម្មជាច្រើនដូចជា Pi Pay, Pay Go, Wing, E-Money, True Money, Dara Pay…. ។

ឆ្នាំ​ ២០១៩ នេះនឹងមានសេវាកម្មថ្មីៗចូលទីផ្សារដូចជា ក្រុមហ៊ុនទូទាត់ថ្មីមួយក្នុងស្រុកខ្មែរឈ្មោះថា Clik នឹងដាក់ឲ្យប្រើប្រាស់នៅត្រីមាសទី២ ឆ្នាំនេះ ។ បើតាមការអះអាងពីលោក Matthew Tippetts នាយកប្រតិបត្តិនិងសហស្ថាបនិក Clik ឲ្យដឹងថា Clik នឹងផ្តល់សេវាកម្មទូទាត់រវាងអ្នកលក់និងអ្នកទិញដោយមិនបាច់គិតថ្លៃសេវាកម្ម មានន័យថាអ្នកអាចផ្ញើលុយដោយផ្ទាល់ទៅកាន់អ្នកណាម្នាក់ដោយមិនបាច់អស់ថ្លៃសេវា ខុសពីសេវាកម្មក្រុមហ៊ុនផ្សេងៗ ឧទាហរណ៍ Wing, E-Money ជាដើម ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះសេវាកម្មទូទាត់តាមអនឡាញនៅកម្ពុជាសព្វថ្ងៃមិនទាន់ដាក់ឲ្យប្រើប្រាស់ទូទៅនៅឡើយទេ មានតែនៅតាមក្រុមហ៊ុន ហាងឬភោជនីយដ្ឋានមួយចំនួនប៉ុណ្ណោះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here