គំនិតបង្កើត​ថ្មី​នៅឥណ្ឌូនេស៊ីមួយនេះ អាច​ឱ្យ​មនុស្ស​​រកលុយបានដោយគ្រាន់តែជិះម៉ូតូពាក់​មួក​សុវត្ថិភាព

0
2196

គំនិត​រកស៊ី​ភាគច្រើនកើត​ចេញតែ​ពីគំនិត​សាមញ្ញ​នៅក្នុង​ជីវភាពប្រចាំថ្ងៃ ប៉ុន្តែ​មនុស្ស​ភាគច្រើន​​មើលមិនសូវឃើញ​ តែសម្រាប់អ្នកដែលសម្លឹង​ឃើញ​ដឹង​តែកើបមានឱកាស​អាច​រកលុយបាន ស្របពេលនឹងការ​ដោះស្រាយ​បញ្ហា​ជូនអតិថិជនឬអ្នក​ប្រើប្រាស់។

ជាក់ស្ដែង​អាជីវកម្មមួយនេះចាប់​ផ្ដើម​ឡើង​នៅប្រទេស​ឥណ្ឌូនេស៊ីមានលក្ខណៈ​សាមញ្ញ​តែមិនទាន់ឃើញមាន​នរណាធ្វើ​ គឺការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅតាម​មួកសុវត្ថិភាព។ គំនិត​អាជីវកម្មនេះផ្ដួច​ផ្ដើម​ឡើង​ដោយលោក Michael Hendriks ដែលពេលនោះគាត់​ធ្វើ​ដំណើរ​កំសាន្ត​ទៅទីក្រុង​ចាកាតានៅឆ្នាំ២០១៥​ ហើយសម្លឹងឃើញពីចំនួនប្រជាជនដ៏សន្ធឹក​សន្ធាប់​ប្រើប្រាស់​ម៉ូតូពាក់​មួកសុវត្ថិភាព។

ក្រោយពីសម្លឹងឃើញឱកាស លោក Michael ក៏ចាប់​ផ្ដើម​ធ្វើការ​ស្រាវជ្រាវទីផ្សារ និង​ស្រាវជ្រាវផលិត​ឧបករណ៍សម្រាប់​បំពាក់​លើ​មួក​សុវត្ថិភាពក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម នៅក្នុងបន្ទប់​ធ្វើការ​រួមមួយកន្លែង​ ហើយក៏បានដើរ​សួរ​មតិយោបល់​ពី​មិត្ត​ភក្តិ​ចំពោះផលិត​ផលរបស់គាត់។

ក្រោយមកនៅឆ្នាំ២ ០១៨ Helmad ដែលជាក្រុមហ៊ុន​ផ្សព្វផ្សាយពាណិជ្ជកម្មតាម​មួកសុវត្ថិភាពរបស់​គាត់​ក៏បានចាប់ផ្ដើម​ឡើង ដោយអនុញ្ញាត​ឱ្យអ្នក​បើកបរម៉ូតូរកលុយបាន​តាមរយៈ​ការដាក់អេក្រង់​ផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ​មួក​សុវត្ថិភាពរបស់​ខ្លួន ហើយលុយនោះទៀត​សោត​ត្រូវ​បាន​គិត​តាម​តំបន់ និង​ចម្ងាយ​ដែលអ្នក​បើកបរ​ជិះទៅ។

ក្រោយចុះឈ្មោះអ្នកបើកបរ​នឹង​ទទួល​បាន​មួកសុវត្ថិភាពមួយឥត​គិតថ្លៃដែលភ្ជាប់​មកស្រេច​ជាមួយនឹង​អេក្រង់​ និង​ឧបករណ៍ចាប់​ទីតាំង(GPS) ព្រម​ទាំង​មាន​ការធានា​ជូន​រយៈពេល១ឆ្នាំពីក្រុមហ៊ុន។ អ្នក​បើកបរ​មានកម្មវិធីទូរស័ព្ទ​មួយ​ប្រាប់​ពួកគេ​ពីចំណូល ដែលពួកគេរកបានលើសពីនេះទៅទៀត​នៅក្នុង​កម្មវិធីនេះមាន​របៀបក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ មេរៀនក្នុង​ការ​សន្សំ និង​គ្រប់​គ្រង​ប្រាក់កាស។

គំនិត​មួយនេះមិនត្រឹមតែ​ជួយ​បង្កើត​លុយ​ដល់អ្នក​ជិះម៉ូតូធម្មតានោះទេ ថែមទាំង​ពង្រឹងសុវត្ថិភាពចរាចរណ៍​ឱ្យកាន់តែ​ប្រសើរ​ជាង​មុន ខណៈ​ដែលអ្នក​ពាក់មួកសុវត្ថិភាពអាច​រកចំណូល​បាន លើសពីនេះគំនិត​មួយនេះនឹង​អាចជួយសង្គម​បាន​ច្រើន​តាមរយៈការផ្សព្វផ្សាយ ហើយបើតាមសម្តី​ស្ថាបនិកលោក Michael ​រំពឹង​ថាអាជីវកម្មរបស់គាត់នឹង​ចូលរួមចំណែកបានច្រើនក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីនាពេលខាង​មុខនេះ។

គួរបញ្ជាក់​ថា បើ​តាមគេហទំព័រស្ថិតិល្បីល្បាញ Statista បាន​ឱ្យដឹង​ថាទីផ្សារផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅប្រទេស​ឥណ្ឌូនេស៊ីនឹងកើនឡើងរហូត​ដល់ទៅ​៣.២៣ពាន់លានដុល្លាក្នុង​ឆ្នាំ២០១៩ ជាមួយនឹង​ប្រជាជន​ដ៏ច្រើនសន្ធឹក​សន្ធាប់មានចំនួនច្រើន​ជាង​៣០០លាននាក់។

អត្ថបទដោយ៖ ខុន សក្ក័ដា​

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here