Dan lok៖ បើចង់ជោគជ័យ ចូរចាប់ផ្តើមអាជីវកម្មណាពិបាកធ្វើ ហើយចាំស្រលាញ់អាជីវកម្មនោះតាមក្រោយ

0
981

Dan Lok ជាអ្នកនិពន្ធ និងគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ កំពុងទាញចិត្តមហាជន តាមរយៈឃ្លីបវីឌីអូខ្លីៗដែលគាត់លើកឡើងពីគំនិតស៊ីជម្រៅទាក់ទងទៅនឹងការរកស៊ី ក៏ដូចជាយុទ្ធសាស្រ្តក្នុងការលក់ផលិតផល។ ទាក់ទងនឹងការរកវិញ បុរសធ្លាប់ដួលការរកស៊ី១៣លើករូបនេះ បង្ហើបថា កុំរករបរណាដែលអ្នកស្រលាញ់ដោយចាប់ផ្តើមស្រួលៗ ចំណេញស្រួលៗ ព្រោះរបរទាំងនេះគ្មានអាយុយូរអង្វែងទេ ផ្ទុយពីនេះលោកចង់ឲ្យអ្នករកស៊ីថ្មីថ្មោង ដាក់គោលដៅរកស៊ីក្នុងរយៈពេលវែងឆ្ងាយក្នុងមុខជំនួញដែលលំបាក ហើយសឹមស្រលាញ់វាតាមក្រោយវិញទើបប្រសើរជាង។

Dan បន្តថា អ្នកចង់ចេញរកស៊ី គួរសម្លឹងមើលអាជីវកម្មណាដែលដោះស្រាយបញ្ហាមនុស្ស ពិសេសជួយក្នុងការរកស៊ី ឬរស់នៅប្រចាំថ្ងៃ ដែលអាជីវកម្មទាំងនោះវាពិបាកនឹងធ្វើ និងមិនសូវមានអ្នកហ៊ានចាប់ផ្តើមធ្វើវា ព្រោះពួកគេភាគច្រើនរកស៊ីតាមគ្នា និងបោះបង់ការរកស៊ីក្នុងពេលមួយដ៏ខ្លី។ គាត់បន្តថា អាជីវកម្មបែបនេះនឹងធ្វើកើតដរាបណាអ្នកមានក្តីស្រមៃចង់កែប្រែអ្វីមួយ ហើយជាកិច្ចការពិបាកខ្លាំងណាស់ ដែលត្រូវការឲ្យអ្នកដាក់ចិត្តស្រលាញ់ និងតស៊ូធ្វើវាឲ្យដល់ទីបំផុត។

និយាយផ្ទុយពីនេះវិញ គាត់ចំអកថាបើ ធ្វើតែអ្វីដែលយើងស្រលាញ់ មិនខ្វល់ថារបរនោះ មានលក្ខណៈបែបណាអាចជោគជ័យបាននោះ វាជារឿងគួរឲ្យអស់សំណើច និងមិនគួរកើតឡើងទាល់តែសោះ។ ប៉ុន្តែយើងក៏មិនអាចជោគជ័យជាមួយអាជីវកម្មដែលយើងធុញទ្រាន់នោះដែរ តែត្រូវចាំថា រកស៊ីសម្រាប់បំពេញក្តីស្រមៃខ្លួនឯងសិន ទើបចាំស្រលាញ់អាជីវកម្មនោះតាមក្រោយ ហើយធ្វើវាឲ្យអស់ពីលទ្ធភាពនោះអ្នកនឹងជោគជ័យ។

គួរជម្រាបថា សហគ្រិនដែលសំបូរវោហារូបនេះ ក្លាយជាអ្នករកស៊ីតាំងពីក្មេងមកក្រោយពេលម្តាយ និងឪពុករបស់គាត់បែកបាក់គ្នា គាត់ត្រូវរៀនរកលុយដោយខ្លួនឯងតាំងពីក្មេង ហើយប្រឡូកក្នុងការរកស៊ីជាច្រើន និងដួលជាបន្តបន្ទាប់ ទើបតែកាក់កបក្នុងវិស័យបង្វឹកផ្នែកលក់ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ៕

 

អត្ថបទដោយ៖ Noun Vannak, Franchise-Start up Editor

LEAVE A REPLY

Please enter your comment!
Please enter your name here